ជាតិ
ក្រសួងវប្បធម៌ នឹងចុះពិនិត្យរូបចម្លាក់គ្រុឌ ដែលជាប់មងអ្នកនេសាទនៅខេត្តកែប
15, May 2021 , 8:59 pm        
រូបភាព
រូប​ពីរដ្ឋបាលខេត្ត​កែប
រូប​ពីរដ្ឋបាលខេត្ត​កែប
តាមការសន្និដ្ឋានរបស់មន្ត្រីជំនាញ នៃមន្ទីរវប្បធម៌ខេត្តកែប រូបចម្លាក់ព្រះនរាយណ៍គង់លើស្ដេចគ្រុឌ ដោយស្ដេចគ្រុឌគង់លើរាហ៊ូ ព្រះហស្ថស្ដាំកាន់នាគរាជ មានរចនាបទលើសពីទម្រង់វត្ថុបុរាណ ដូច្នេះរូបនេះទំនងជារូបចម្លាក់សម័យថ្មី។ ទោះជាយ៉ាងណា មន្ទីរវប្បធម៌ខេត្ត នៅរង់ចាំមន្ត្រីជំនាញ ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចុះទៅបញ្ជាក់ឱ្យកាន់តែច្បាស់បន្ថែមទៀត។

 
ប្រធានមន្ទីរវប្បធម៌ខេត្តកែប លោក តុង ភោ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា លោកបានផ្ញើរបាយការណ៍ ពាក់ព័ន្ធនឹងរូបចម្លាក់ព្រះនរាយណ៍គង់លើស្ដេចគ្រុឌ ដោយស្ដេចគ្រុឌគង់លើរាហ៊ូ ព្រះហស្ថស្ដាំកាន់នាគរាជ ទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីស្នើសុំអ្នកជំនាញឱ្យចុះត្រួចពិនិត្យរូបចម្លាក់នោះរួចរាល់ហើយ។
 
យ៉ាងណាក៏ដោយ លោក តុង ភោ ថា តាមការសន្និដ្ឋានជាបឋម រូបចម្លាក់ខាងលើមិនមានរចនាប័ទ្មបុរាណឡើយ។ តាមរចនាប័ទ្ម លោក តុង ភោ ទាញសេចក្ដីសន្និដ្ឋានបន្ថែមថា រូបខាងលើនោះអាចមានឥទ្ធិពលមកពីប្រទេសថៃ។
 
លោក តុង ភោ បញ្ជាក់បន្ថែមដូច្នេះ៖«ការវាយតម្លៃរបស់មន្ត្រីជំនាញនៅមន្ទីរ រូបនេះគឺជារូបធ្វើថ្មីទេ។ តាមមន្ត្រីរបស់ខ្ញុំ រូបនេះដូចជារូបឥទ្ធិពលរបស់សៀម មិនមែនជារបស់ខ្មែរទេ។ មួយទៀតរូបនេះអ្នកធ្វើមិនមានរចនាប័ទ្ម ឬក្បួនខ្នាតជារបស់ខ្មែរ ដែលតំណាងឱ្យអាទិទេព្យណាមួយ ក្នុងព្រហ្មញ្ញាសាសនាដែរ ដោយធ្វើទៅតាមការនឹកឃើញ»។ 
 
ពាក់ព័ន្ធបញ្ហាខាងលើ លោក ឡុង ប៉ុណ្ណាសិរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី១៤ ខែឧសភា ថា លោកនៅពុំទាន់ទទួលបានលិខិតស្នើសុំអ្នកជំនាញ ឱ្យចុះត្រួតពិនិត្យរូបចម្លាក់ ពីមន្ទីរវប្បធម៌ខេត្តកែបនៅឡើយទេ។ ទោះជាយ៉ាងណា លោកថា នៅពេលលោកទទួលបានលិខិត ប្រហែលជាថ្ងៃចន្ទ អាចមានមន្ត្រីជំនាញពីក្រសួងទៅត្រួតពិនិត្យចម្លាក់នោះ។
 
លោក ឡុង ប៉ុណ្ណាសិរីវត្ថ ពន្យល់ដូច្នេះ៖«តាមពិតនៅខេត្តគេមានមន្ត្រីជំនាញស្រាប់ ដូច្នេះបើគេមើលឃើញថា មិនមែនជារបស់បុរាណ គឺពិតជាមិនមែនហើយ។ ប៉ុន្តែតាមបច្ចេកទេ គេត្រូវឱ្យមានការបញ្ជាក់ពីថ្នាក់ជាតិបែបនេះហើយ។ ទោះតែរូបចម្លាក់នោះថ្មីឬចាស់ ក៏យើងនៅតែរក្សាទុកដែរ ដើម្បីលើកទឹកចិត្តជាង ម្យ៉ាងដើម្បីបង្ការការភ័ណ្ឌច្រឡំទៅថ្ងៃក្រោយ»។  
 
សូមបញ្ជាក់ថា រូបចម្លាក់ព្រះនរាយណ៍គង់លើស្ដេចគ្រុឌ ដោយស្ដេចគ្រុឌគង់លើរាហ៊ូ ព្រះហស្ថស្ដាំកាន់នាគរាជ ត្រូវបានអ្នកនេសាទរស់ក្នុងខេត្តកំពត អូសមងជាប់ក្នុងសមុទ្រ កាលពីខែមេសា ឆ្នាំ២០២១។ ក្រោយមកមន្ទីរវប្បធម៌ខេត្តកែប បានចុះទៅទទួលយកទៅរក្សាទុក៕
 

Tag:
 រូបចម្លាក់
  វប្បធម៌
  នេសាទ
 ក្រសួងវប្បធម៌
  កែប
© រក្សាសិទ្ធិដោយ thmeythmey.com