ជាតិ
មន្ត្រីជំនាញរកឃើញអាល់កុលក្លែងក្លាយជាង១២តោននៅខណ្ឌបឹងកេងកង និងជាង៥០០លីត្រនៅកោះកុង អាល់កុលក្លែងក្លាយប្រមាណ ១២,៣៦០លីត្រ ត្រូវបានអាជ្ញាធររកឃើញ នៅទីតាំងស្តុកទុកមួយកន្លែង ក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅថ្ងៃទី១៣ឧសភា។ រូបភាពពី ទំព័រហ្វេសប៊ុក អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ។
× អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» កាលពីថ្ងៃទី១៣ ខែឧសភា បានផ្សាយពីករណីរឹបអូសអាល់កុលក្លែងក្លាយ (ឬមេតាណុល) ជាង១២តោននៅទីតាំង ស្តុកមួយ កន្លែងក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ និងជាង៥០០លីត្រនៅផ្សារដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
លោក ផាន អូន ប្រតិភូរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋាន ក.ប.ប. បានណែនាំឲ្យបើកប្រតិបត្តិការបង្ក្រាបទីតាំងស្តុកអាល់កុលក្លែងក្លាយក្នុងខណ្ឌបឹងកេងកង ដោយមានការឯកភាពពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។ ការស្រាវជ្រាវ ស៊ើបអង្កេតកាលពីល្ងាចថ្ងៃទី១៣ ខែឧសភា បានឈានដល់ការឃាត់ទុកបណ្តោះអាសន្ន អាល់កុលក្លែងក្លាយ ឬមេតាណុលចំនួន ១២,៣៦០លីត្រ ឬជាង១២តោន។
ស្របពេលជាមួយគ្នា មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តកោះកុង បានរកឃើញ និងរឹបអូសអាល់កុលសម្លាប់មេរោគក្លែងក្លាយ (មេតាណុល) ចំនួន ១៨កាន ស្មើនឹង ៥៤០លីត្រ នៅក្នុងផ្សារដងទង់ តាមហាងលក់ទំនិញ និងឱសថស្ថាន ស្ថិតក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
អាល់កុល ក្លែងក្លាយទាំងនេះ អាចប៉ះពាល់លើសុខភាពទាំងនោះរួមមាន រលាកស្បែក រលាកភ្នែក ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ងងុយគេង បាត់បង់ស្មារតី ក្អួតចង្អោរ រំខានដល់ការរំលាយអាហារ និងអាចឈានបាត់បង់ជីវិត ក្នុងករណីយកទៅលាយជាមួយស្រា ដោយបរិភោគលើសកម្រិត។
បើតាមអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានអំពាវនាវដល់អាជីវករ និងអ្នកនាំចូលអាល់កុលទាំងអស់ចូលរួមសហការ និងអាជ្ញាធរ ដោយនាំចូលនូវអាល់កុលសុទ្ធ។ ចំពោះពលរដ្ឋវិញ ក៏ត្រូវមានការប្រុងប្រយ័ត្ន ដោយត្រូវមើលស្លាកសញ្ញា និងប្រភព ឲ្យបានត្រឹមត្រូវ មិននឹងទិញយកមកប្រើប្រាស់៕
© រក្សាសិទ្ធិដោយ thmeythmey.com