COVID-19
អន្តរជាតិ
កូវីដ-១៩៖ ឡាវមានអ្នកស្លាប់១នាក់ទៀត
15, May 2021 , 4:28 pm        
រូបភាព
ស្រ្តីម្នាក់ពាក់ម៉ាស់នៅទីក្រុងវៀងចន្ទន៍
ស្រ្តីម្នាក់ពាក់ម៉ាស់នៅទីក្រុងវៀងចន្ទន៍
ឡាវ នៅថ្ងៃទី១៤ ខែឧសភា បានរាយការណ៍ អ្នកស្លាប់ដោយសារកូវីដ-១៩ មួយនាក់ទៀត។ អ្នកស្លាប់សរុបនៅឡាវកើនដល់ ២នាក់ក្នុងចំណោមករណីឆ្លងសរុប១៥៧០។

 
មិនខុសពីប្រទេសជិតខាងឡើយ មួយរយៈចុងក្រោយនេះ ឡាវ បានរកឃើញអ្នកឆ្លងកូវីដ-១៩ ជាបន្តបន្ទាប់។ នៅថ្ងៃទី១៥ ខែឧសភា ឡាវបានអះអាងថា មានករណីឆ្លងចំនួន៧២ករណី។ រីឯករណីស្លាប់ទី២ ត្រូវបានរាយការណ៍កាលពីថ្ងៃទី១៤ ខែឧសភា។
 
អ្នកស្លាប់ទីពីរ ដោយសារកូវីដ-១៩ នេះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅថ្ងៃទី១០ ខែឧសភា ដោយមានអាការឈឺទ្រូង និងពិបាកដកដង្ហើម ប៉ុន្តែអ្នកជំងឺ មិនបានឡើងកម្តៅ ឬផ្តាសាយអ្វីឡើយ។ ដោយសារលើសទម្ងន់ ស្ថានភាពអ្នកជំងឺកាន់តែធ្ងន់ឡើង និងត្រូវការឧបករណ៍ជំនួយដង្ហើម។ នៅម៉ោង៤ ថ្ងៃទី១៣ ខែឧសភា បុរសរូបនោះ បានទទួលមរណភាព។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Laotian Times។  
 
ក្រុងវៀងចន្ទន៍ មានករណីឆ្លងច្រើនជាងគេ ដោយមានចំនួន៧៨៩នាក់ បន្ទាប់ខេត្ត Bokeo មាន៣៩០នាក់ ខេត្តចម្ប៉ាសាក់ មាន២៥១នាក់។
 
គិតត្រឹមថ្ងៃទី១៤ ខែឧសភា ឡាវមានករណីឆ្លងកូវីដ-១៩ សរុបចំនួន ១៥៧០ករណី និងអ្នកស្លាប់សរុបចំនួន ២នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួន ៥៥៥នាក់។
 

Tag:
 ឡាវ
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com