កំណាព្យ
ជាតិ
ល្បីខុសរឿង!
16, May 2021 , 8:29 am        
រូបភាព
ដោយ: ថ្មីៗ
កំណាព្យ ប៉ាកកាខ្មៅ


បទ បថ្យាវត្ត
 
ល្បិចល្បងល្បីល្បើកក្រើកឮឆ្ងាយ ចង់ឲ្យគេផ្សាយថែមLiveក្រោយមុខ
បណ្តាញបណ្តាក់ដាក់តាម Facebook ភ្លេចគិតថ្ងៃមុខសល់កេរ្តិ៍អាស្រូវ។
 
ខ្លះចង់ល្បីខ្លាំងតាំងភ្លេចខុសត្រូវ ឡូឡាតាមផ្លូវឥតក្រែងសម្តី
អួតរឿងលុយឡានវីឡាទិញថ្មី ហ៊ានហារមាត់ស្តីបំពានគេឯង។
 
ខ្លះអាងអណ្តាតប្រមាថឥតក្រែង សម្តីសម្តែងអួតឯងអ្នកណាស់
បញ្ចេញទ្រឹស្តីអ្វីក៏បែបច្បាស់ ក្នុងខ្លួនវិញខ្វះបែរមើលរំលង។
 
ខ្លះចង់ល្បីខ្លាំងតាំងធ្វើរឿងឆ្គង មើលមិនទំនងទំនៀមជាខ្មែរ
ក្រុមលក់អនឡាញបណ្តាញចែៗ ចង់ចេញកេរ្តិ៍ម៉ែស្លៀកវៀលខើចខ្លី។
 
លក់ឡេក៏សឿងបង្ហាញសាច់ខ្ចី មិនមែនស្មេរស្តីបន្តុះបង្អាប់
និយាយតាមស្តែងក្រែងលោកអ្នកស្តាប់ បានដឹងខ្លួនឆាប់ឈប់ធ្វើរឿងឆ្គង៕
 

© រក្សាសិទ្ធិដោយ thmeythmey.com