COVID-19
ជាតិ
COVID-19៖ ក្នុងចំណោម២០១ករណីថ្មីនៅភ្នំពេញ ខណ្ឌមានជ័យមាន៧៥នាក់
15, May 2021 , 5:27 pm        
រូបភាព
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានចេញរបាយការណ៍អ្នកឆ្លងកូវីដ-១៩ថ្មីចំនួន២០១នាក់។ ទន្ទឹមនឹងនេះ ពលរដ្ឋនៅខណ្ឌមានជ័យឆ្លងច្រើនជាងគេ ក្នុងចំណោមខណ្ឌទាំង១១ផ្សេងទៀត។


 
តាមរបាយការណ៍ចំនួនអ្នកឆ្លងកូវីដ-១៩ ចេញថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ មានខណ្ឌចំនួន១១ ដែលបន្តរាលដាលឆ្លងកូវីដ-១៩ក្នុងសហគមន៍។ ខណ្ឌទាំងនោះមានដូចជា ខណ្ឌមានជ័យ,ទួលគោក,ពោធិ៍សែនជ័យ,ដង្កោ,ព្រែកព្នៅ,ឫស្សីកែវ,៧មករា,ដូនពេញ,ចំការមន,សែនសុខ និងខណ្ឌកំបូល។
 
ខណ្ឌមានជ័យ៖ មានអ្នកឆ្លងកូវីដ-១៩ច្រើនជាងគេចំនួន៧៥នាក់ ក្នុងចំណោមអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន៧៥នាក់ ក្នុងភូមិសាស្រ្តខណ្ឌមានជ័យ ភាគច្រើនកម្មកររោងចក្ររស់នៅក្នុងសង្កាត់ស្ទឹងមានជ័យទី៣ និងទី២ មានចំនួន៧៤នាក់។ ចំណែកឯមា្នក់ទៀត ជាពលរដ្ឋរស់នៅក្នុងសង្កាត់ស្ទឹងមានជ័យទី១ ជាបុរសវ័យ៤៣ឆ្នាំ ធ្វើការជាងពិដាន។
 
ខណ្ឌឫស្សីកែវ៖ មានអ្នកឆ្លងកូវីដ-១៩ចំនួន៣០នាក់ លំដាប់ទី២បន្ទាប់ពីខណ្ឌមានជ័យ ក្នុងភូមិសាស្រ្តខណ្ឌឫស្សីកែវ មានអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន៣០នាក់ ដោយភាគច្រើនកម្មកររោងចក្រអ៊ិនចៀ ស្ថិតក្នុងសង្កាត់ទួលសង្កែ២។ ក្នុងចំណោមអ្នកឆ្លងទាំង៣០នាក់នេះ ក៏មានមន្រ្តីកងរាជអាវុធហត្ថ មា្នក់ផងដែរ។
 
ខណ្ឌពោធិ៍សែនជ័យ៖ វិជ្ជមានកូវីដ-១៩ថ្មីចំនួន២៧នាក់ ភាគច្រើនក្នុងសង្កាត់ចោមចៅ១ ចំពោះក្របខណ្ឌនៃខណ្ឌពោធិ៍សែនជ័យ មានអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន២៧នាក់។ ក្នុងចំណោមមនុស្សទាំង២៧នាក់នេះ មាន១៤នាក់ រស់នៅក្នុងសង្កាត់ចោមចៅ១ ភាគច្រើនជាបុគ្គលិកក្រុមហ៊ុនភូមិន្ទខ្មែរ។ ចំណែកឯ ៨នាក់ទៀត រស់នៅក្នុងសង្កាត់ចោមចៅ៣ និង៦នាក់ទៀត រស់នៅក្នុងសង្កាត់ចោមចៅ២។
 
ខណ្ឌទួលគោក និងខណ្ឌសែនសុខ មានអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន១៤នាក់រៀងៗខ្លួន អ្នកឆ្លងកូវីដ-១៩ថ្មី ក្នុងខណ្ឌទួលគោកនេះ មានចំនួន១៤នាក់ ហើយសុទ្ធតែជាអ្នករស់នៅក្នុងភូមិ២៣ សង្កាត់បឹងកក់២ និងសង្កាត់បឹងស្រឡាង។ ក្នុងចំណោមអ្នកវិជ្ជមានទាំងនោះ មានម្នាក់ជាបុគ្គលិក ក្រុមហ៊ុនជីបម៉ុងថាវវើ។ ចំណែកឯ ភូមិសាស្រ្តខណ្ឌសែនសុខវិញ រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន១៤នាក់ផងដែរ ដោយភាគច្រើនជាអ្នករស់នៅក្នុងសង្កាត់ទឹកថ្លា។
 
បន្ថែមទៀតនោះ ក្នុងចំណោមអ្នកវិជ្ជមានសរុបចំនួន២០១នាក់ នៅខណ្ឌដូនពេញមានចំនួន១១នាក់ ខណ្ឌព្រែកព្នៅមានចំនួន៧នាក់ ខណ្ឌកំបូលមាន៦នាក់ ខណ្ឌដង្កោមានចំនួន៤នាក់ និងខណ្ឌ៧មករា មានម្នាក់ប៉ុណ្ណោះ។ ចំណែកឯ ម្នាក់ទៀត រស់នៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក៏ស្ថិតក្នុងចំណោម អ្នកឆ្លងទាំង២០១នាក់នោះដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com