ជាតិ
សម្ដេច ហ៊ុន សែន៖ សង្គមរីកចម្រើន ផ្ដើមចេញពីគ្រួសាររឹងមាំ
15, May 2021 , 9:59 pm        
រូបភាព
រូបភាពពីហ្វេសប៊ុក UNICEF Cambodia .
រូបភាពពីហ្វេសប៊ុក UNICEF Cambodia .
ភ្នំពេញ៖ ប្រទេសមួយមានការរីកចម្រើនទៅមុខបាន លុះត្រាតែប្រជាជនគ្រប់រូបមានគ្រួសារល្អ មានសុភមង្គល មានជីវភាពរស់នៅសមរម្យ ដោយសមាជិកគ្រួសារម្នាក់ៗ មានចំណេះដឹងខ្ពង់ខ្ពស់ សីលធម៌ សុជីវធម៌ និងសេចក្ដីថ្លៃថ្លូរនៅក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិ។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន នៅក្នុងទិវាអន្តរជាតិស្ដីពីគ្រួសារ ១៥ ឧសភា ។


នៅក្នុងឆ្នាំនេះ ទិវាអន្តរជាតិស្ដីពីគ្រួសារ ប្រារព្ធឡើងក្រោមប្រធានបទ «កម្លាំងសេវាសង្គមមានតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់តួនាទីគ្រួសារ»ដែលបង្ហាញពី កម្លាំងសេវាសង្គម គឺជាក្រុមអ្នកមានជំនាញផ្នែកផ្ដល់សេវាសង្គម ដូចជាការងារសង្គមកិច្ច អប់រំ សុខាភិបាល យុត្តិធម៌ ការងារ និងគ្រប់គ្រងមូលដ្ឋានក្នុងការជួយគាំទ្រដល់គ្រួសារ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវប្បធម៌»។ 
 
ទន្ធឹមនឹងនេះ កម្ពុជា កំពុងអនុវត្តគោលនយោបាយជាតិគាំពារសង្គម២០១៦-២០២៥ ដែលផ្ដោតចម្បងដល់ការលើកកម្ពស់គ្រួសារតាមរយៈការផ្ដល់មុខរបរ, បណ្ដុះបណ្ដាលវិជ្ជាជីវៈ ,ធានារ៉ាប់រងសុខភាព និងការឧបត្ថម្ភសាច់ប្រាក់សម្រាប់កញ្ចប់គ្រួសារក្រីក្រដូចជាស្រ្តីមានផ្ទៃពោះ កុមារអាយុក្រោម២ឆ្នាំ និងផ្ដល់ការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្ររងគ្រោះដោយសារជំងឺកូវីដ-១៩។ តាមរយៈគោលនយោបាយជាតិគាំពារសង្គមនេះ រដ្ឋាភិបាល ជឿជាក់ថានឹងបង្កលក្ខណៈកាន់តែប្រសើរដល់គ្រួសារក្រីក្រ ក្នុងការកសាងជីវភាពកាន់តែប្រសើរ និងជួយឱ្យសង្គមកាន់តែរីកចម្រើន។ 
 
លើសពីនេះ សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា ក្នុងដំណាក់កាលនៃការរាលដាលនៃជំងឺកូវីដ-១៩ គ្រួសារបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំកូនចៅ ក្នុងរស់នៅសកម្មភាពបែបគន្លងថ្មី ដើម្បីបង្ការជំងឺកូវិដ-១៩ និងការទប់ស្កាត់សកម្មភាពហានិភ័យផ្សេងៗទៀត ដែលអាចកើតឡើងក្នុងអំឡុងពេលកូវីដ-១៩ ដូចជា ការបៀតបៀនរំលោភផ្លូវភេទ អំពើហិង្សាក្នុងគ្រួសារ ការរង់គ្រោះដោយសារលង់ទឹក ឬគ្រោះថ្នាក់ផ្សេងៗជាដើម។ 
 
ជាមួយគ្នានេះ សម្ដេច ហ៊ុន សែន ក៏បានបន្តជំរុញ ឱ្យភាគីពាក់ព័ន្ធទាំងអស់ បន្តរួមគ្នាក្នុងការលើកកម្ពស់ និងជួយដល់គ្រួសារដែលងាយរងគ្រោះ ដើម្បីឈានទៅលុបបំបាត់ភាពក្រីក្រ ជាពិសេសចំពោះជំរុញដល់គ្រួសារទាំងអស់បន្តសកម្មភាពរួមគ្នាទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីយកឈ្នះលើការកាត់ផ្ដាច់ការរីករាលដាលនៃជំងឺនេះនៅកម្ពុជា៕ 
 

Tag:
 សម្ដេច ហ៊ុន សែន
  ទិវាអន្តរជាតិស្ដីពីគ្រួសារ
© រក្សាសិទ្ធិដោយ thmeythmey.com