COVID-19
អន្តរជាតិ
កូវីដ-១៩៖ វៀតណាមបន្តរកឃើញករណីឆ្លងចំនួន ១៣៣ករណី
16, May 2021 , 2:39 pm        
រូបភាព
ទាហានវៀតណាម បាញ់ថ្នាំសម្លាប់មេរោគនៅក្នុងទីក្រុងហាណូយ។ រូបភាព៖ VnExpress
ទាហានវៀតណាម បាញ់ថ្នាំសម្លាប់មេរោគនៅក្នុងទីក្រុងហាណូយ។ រូបភាព៖ VnExpress
វៀតណាម នៅថ្ងៃទី១៦ ខែឧសភា បានរាយការណ៍ករណីឆ្លងកូវីដ-១៩ ប្រចាំថ្ងៃចំនួន ១៣៣ករណី។ នេះជាករណីឆ្លងប្រចាំថ្ងៃ ដ៏ខ្ពស់មួយនៅវៀតណាម។ ករណីឆ្លងសរុបរបស់វៀតណាម កើនលើស ៤ពាន់ករណី។

 
 
មួយរយៈចុងក្រោយនេះ ករណីឆ្លងកូវីដ-១៩ នៅវៀតណាមនៅតែបន្តហក់ឡើង ខណៈពេលអាជ្ញាធរ បានបិទតំបន់ និងកំណត់កន្លែង ដែលមានករណីឆ្លងកូវីដ-១៩ ខ្លាំង។ នៅថ្ងៃទី១៦ ខែឧសភា វៀតណាម បានអះអាងថា មានករណីឆ្លងចំនួន ១២៧ករណី ប៉ុន្តែនៅថ្ងៃត្រង់ អាជ្ញាធរបានរាយការណ៍ ករណីឆ្លងចំនួន ៦ករណីទៀត ដោយទាំងអស់ ១៣៣ករណី។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Express។ 
 
យ៉ាងណាមិញ ចំនួនអ្នកឆ្លងនេះ គឺធ្លាក់ចុះបន្តិច បើធៀបនឹងថ្ងៃទី១៥ ខែឧសភា ដែលមានរហូតដល់ទៅ ១៦៩ករណី និងជាករណីឆ្លងច្រើនបំផុតរបស់វៀតណាម។ 
 
ករណីឆ្លងភាគច្រើន មាននៅវៀតណាមភាគខាងជើង ដែលជាតំបន់បិទខ្ទប់ ដើម្បីទប់ស្កាត់ការរីកសាយ។ ជាមួយគ្នានេះ វៀតណាម ក៏មានករណីឆ្លងកូវីដ-១៩ នៅក្នុងរោងចក្រ ក្នុងខេត្ត Bac Giang ផងដែរ ដែលក្រសួងសុខាភិបាលវៀតណាម បានបញ្ជូនក្រុមអ្នកជំនាញទៅ ដើម្បីត្រួតពិនិត្យ។ 
 
គិតត្រឹមតួលេខចុងក្រោយ វៀតណាម មានករណីឆ្លងសរុបចំនួន ៤១១២ករណី និងអ្នកស្លាប់មានចំនួន ៣៦នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួន ២៦៦៨នាក់៕ 
 

Tag:
 វៀតណាម
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com