ជាតិ
សមត្ថកិច្ចបង្រ្កាបគ្រឿងញៀន ជិត៨០គីឡូក្រាម នៅច្បារអំពៅ និងជ្រោយចង្វារ
16, May 2021 , 6:59 pm        
រូបភាព
គ្រឿងញៀនចំនួន៧០គីឡូក្រាម ដែលសមត្ថកិច្ចបង្រ្កាបបាននៅខណ្ឌច្បារអំពៅ។ រូបភាពពីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
គ្រឿងញៀនចំនួន៧០គីឡូក្រាម ដែលសមត្ថកិច្ចបង្រ្កាបបាននៅខណ្ឌច្បារអំពៅ។ រូបភាពពីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
ភ្នំពេញ៖ នគរបាល នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្រ្កាបករណីជួញដូរគ្រឿងញៀន ជិត៨០ គីឡូក្រាម នៅទីតាំងចំនួនពីរ ក្នុងខណ្ឌ ៧មករា និងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ នេះបើតាមហ្វេកប៊ុកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី១៦ ឧសភា។


កាលពីថ្ងៃទី១២ ឧសភា  កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបង្រ្កាបករណីជួញដូរគឿងញៀនចំនួនពីរទីតាំងផ្សេងគ្នា បានចំនួន៧១គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យ៣នាក់។ ក្នុងចំណោមនោះ សមត្ថកិច្ចបង្រ្កាបករណីរក្សាទុកជួញដូរគ្រឿងញៀនឆ្លងដែនតាមផ្លូវគោកនៅមុខផ្សារម៉ាតស៊ីផ្លេ ក្នុងបុរីប៉េងហួតបឹងស្នោរ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យ២នាក់ និងថ្នាំញៀន៧០គីឡូក្រាម រួមមាន ប្រភេទមេតំហ្វេតាមីន ចំនួន១១.៧៩ក្រាម, សារធាតុញៀន ប្រភេទ អ៊ិចស្ដាស៊ី ជាង៥២គីឡូក្រោម,ហេរ៉ូអ៊ីន ១៧ គីឡូក្រាម។ 
 
ដោយឡែកករណីបង្ក្រាបមួយទៀតគឺ ឃាត់ខ្លួនបុរសម្នាក់ និងថ្នាំញៀន 
ចំនួន៧គីឡូក្រាម ក្នុងនោះមាន អ៊ិចស្ដាស៊ី ៩៧១.៧៧ ក្រាម, កេតាមីន ៥៧៨.៩៥ ក្រាម ,មេតំហ្វេតាមីន ៩៣.១៩ក្រាម នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ 
 
មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បញ្ជាក់ថា ជនសង្ស័យ បានឆ្លងកាត់ការធ្វើតេស្តរហ័ស(Rapid Test) អវិជ្ជមាន។ ជាមួយគ្នានេះ ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីបន្តតាមនីតិវិធី៕  
 
 

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com