កីឡាជាតិ
ជាតិ
ព្រៃវែង បំបាក់ សូលទីឡូអង្គរ ៦-០ ស្របពេលក្រុម៤ទៀត បានត្រឹម១ពិន្ទុរៀងខ្លួន
17, May 2021 , 12:29 pm        
រូបភាព
ដោយ៖ នី ណារិទ្ធ
ក្រុមព្រៃវែង បានយកឈ្នះសូទីឡូអង្គរ ដោយលទ្ធផល៦ទល់០ នៅក្នុងការប្រកួតបង្រ្គប់ ពានរង្វាន់មិត្តហ្វូនខេបូឌានលីគ សប្ដាហ៍ទី២ នាកីឡដ្ឋានខេត្តព្រៃវែង កាលពីថ្ងៃទី១៦ ឧសភា។

 
ការប្រកួត៩០នាទីពេញនោះ ក្រុមព្រៃវែង មានឱកាសគ្រប់គ្រងបាល់ច្រើនជាងសូលទីឡូអង្គរ។ តាមរយៈការលេងស៊ីសង្វាក់ និងយល់ចិត្តគ្នារបស់កីឡាករក្រុមព្រៃវែងនេះ បាននាំឱ្យពួកគេមានឱកាសស៊ុតបញ្ចូលទីរហូតដល់១៨លើក ក្នុងនោះចំគោលដៅ៨លើក ហើយសម្រេចទីបាន៦គ្រាប់។ គ្រាប់បាល់ទាំងនោះ រកបានដោយកីឡាករ វឿន វ៉ា នាទី២៦ ក្រោយពីការបញ្ជូនបាល់យ៉ាងល្អពីមិត្តរួមក្រុម គី រីណា។ ៦នាទីបន្ទាប់ គី រីណា បានស៊ុតសម្រេចទីគូប្រកួត ដោយខ្លួនឯង ដែលនាំឱ្យព្រៃវែងនាំមុខ សូលទីឡូអង្គរ ២ទល់០។ ការប្រកួតហៀបបញ្ចប់វគ្គទី១ទៅហើយ ស្រាប់តែកីឡាករសូលទីឡូអង្គរ បញ្ជូនបាល់ភ្នាត់ស្នៀត ត្រូវបាន ចាន់ សារ៉េពេជ្រ ឆក់យកបាល់បាន អូសទៅស៊ុតប៉ះដៃអ្នកចាំទី អឿន សំអាត ទះចេញ ប៉ុន្តែត្រូវបាន ស៊ិន សុវណ្ណមករា រត់ទៅស៊ុតបន្ថែម នៅនាទី៤៥+២ ដែលឱ្យព្រៃវែងនាំមុខ៣ទល់០។
 
ការប្រកួតឈានមកដល់វគ្គទី២ ក្រុមទាំងពីរនៅបន្តសម្រុកគ្នាទៅវិញទៅមកដែរ រហូតដល់ចុងម៉ោងប្រកួត ដែលនៅសល់៤នាទីទៀតសោះ ស្រាប់តែក្រុមព្រៃវែង អាចមានឱកាសរកបាន៣គ្រាប់ទៀត ដោយកីឡាករ អាត អូនតូច នៅនាទី៨៦ ក្រោយពី គី រីណា បញ្ជូនបាល់យ៉ាងល្អ ។ ៣នាទីក្រោយមក ឡេង ណូរ៉ា បានរកគ្រាប់ទី៥ ឱ្យក្រុមព្រៃវែង មុននឹងបញ្ជូនបាល់ឱ្យ អាត អូនតូច ស៊ុតបញ្ចូលទីគ្រាប់បាល់ទី៦ នៅនាទី៩០។ ចំណែកក្រុមសូលទីឡូអង្គរ ក៏មានឱកាសស៊ុត១០លើកដែរ ដោយក្នុងនោះ ខុសគោលដៅ៦លើក និងចំគោលដៅ៤លើក ប៉ុន្តែមិនអាចសម្រេចទីបាន។
 
ជ័យជម្នះ៦ទល់០នេះ នាំឱ្យក្រុមព្រៃវែង ឈរនៅលេខ៧ ក្រោយប្រកួត៣លើក ស្មើ១ និងឈ្នះ១ មាន៤ពិន្ទុ ខណៈសូលទីឡូអង្គរ ប្រកួត៣លើក ចាញទាំង៣ ឈរលេខរៀងទី១៣ នៅបាតតារាង។
 
ដោយឡែកក្រុម៤ទៀត ដែលប្រកួតកាលពីថ្ងៃទី១៥ ឧសភានោះ ទទួលបាន១ពិន្ទុរៀងខ្លួន ក្រោយប្រកួតស្មើគ្នា ក្នុងនោះមានក្រុមវិសាខា ១-១ នគរបាលជាតិ។ គ្រាប់បាល់របស់ វិសាខា រកបានដោយកីឡាករ AJAYI OPEYEMI KOREDE នៅនាទី៦៩ ក្រោយក្រុមនគរបាលជាតិ នាំមុខមុន ដោយកីឡាករ OTANI SOMA នៅនាទី៤៧។
 
ចំណែកណាហ្គាវើលដ៍ និងកងយោធពលខេមរភូមិន្ទ ក៏បញ្ចប់ដោយលទ្ធផល២ទល់២ដែរ។ គ្រាប់បាល់ណាហ្គាវើលដ៍រកបានដោយ រៀម ស៊ឹង នៅនាទី១៧ និង សុះ សូហាណា នាទី៦៩ មុនពេលដែលកីឡាករ CRISTIANO MARCOLINO SANTOS ស៊ុតបញ្ចូលទីនាទី៨៥ និង YUTA KIKUCHI ថែម១គ្រាប់ទៀត នៅនាទី៩០ ឱ្យកងយោធពលខេមរភូមិន្ទ។
 
ការប្រកួត​ជើងឯក​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ ២០២១​នេះ ចាប់ផ្ដើម​ពីថ្ងៃ​ទី​៦ មីនា ២០២១ ដល់​ថ្ងៃទី​២ តុលា ២០២១​។ ការប្រកួត​នេះ បាន​ដំណើរការ​តែ​៤​សប្ដាហ៍​ហើយ​។ ក្នុងនោះ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ឈរ​លេខ​១ មាន​១០​ពិន្ទុ ក្រោយ​ប្រកួត​ឈ្នះ​៣​លើក ស្មើ​១ ដែល​តាម​ពីក្រោយ​ដោយ​ព្រះខ័ន​រាជ​ស្វាយរៀង និង​ភ្នំពេញ​ក្រោ​ន ដែលមាន​៩​ពិន្ទុ ក្រោយ​ឈ្នះ​៣​ប្រកួត​ដូចគ្នា​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com