ជាតិ
នាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រេចឱ្យរៀបចំច្បាប់គ្រប់គ្រង និងដកហូតគោរមងារឧកញ៉ា
17, May 2021 , 5:53 pm        
រូបភាព
ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចបង្កើតក្រុមការងារអន្តរក្រសួងមួយ សម្រាប់សិក្សានិងរៀបចំលិខិតបទដ្ឋានគតិយុត្តិ សម្រាប់ការងារគ្រប់គ្រង ការផ្ដល់គោរមងារ និងដកគោរមងារឧកញ៉ា។ នេះបើតាមអនុក្រឹត្យចុះថ្ងៃទី៩ មេសា ហើយទើបផ្សព្វផ្សាយនៅថ្ងៃទី១៧ ឧសភានេះ។


តាមអនុក្រឹត្យនេះ ប្រមុខរដ្ឋាភិបាល បានតែងតាំងលោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ធ្វើជាប្រធានក្រុមការងារ ដោយរួមមានអនុប្រធាន និងសមាជិក ១១នាក់ មកពីក្រសួងស្ថាប័នផ្សេងទៀតផង។
 
សម្ដេច ហ៊ុន សែន បានបញ្ជាក់នៅក្នុងអនុក្រឹត្យថា ក្រុមការងារនេះ មានភារកិច្ចសិក្សាស្រាវជ្រាវច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ដើម្បីជាធាតុចូលសម្រាប់រៀបចំការគ្រប់គ្រងឧកញ៉ា ការផ្តល់គោរមងារឧកញ៉ា និងការដកហូតគោរមងារឧកញ៉ា។
 
មិនតែប៉ុណ្ណោះ ត្រូវសិក្សាអំពីសិទ្ធិ និងកាតព្វកិច្ចរបស់ឧកញ៉ាក្នុងការចូលរួមកិច្ចការសង្គម រួមទាំងពិគ្រោះយោបល់ជាមួយបណ្តាក្រសួង ស្ថាប័ន អាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជនពាក់ព័ន្ធ ដើម្បីប្រមូលព័ត៌មានបម្រើឱ្យការរៀបចំបែបបទ និងនីតិវិធី។ 
 
បើតាមប្រមុខរដ្ឋាភិបាល ក្រុមការងារនេះ ក៏ត្រូវធ្វើរបាយការណ៍អំពីវឌ្ឍនភាពការងារជូន សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពិនិត្យ សម្រេច និងផ្តល់យោបល់ដឹកនាំ ព្រមទាំងរៀបចំឯកសារពាក់ព័ន្ធជូនរាជរដ្ឋាភិបាល ដើម្បីពិនិត្យ សម្រេច។ ជាពិសេស បំពេញភារកិច្ចផ្សេងៗទៀតតាមការចាំបាច់។
 
«អនុប្រធាន និងសមាជិកក្រុមការងារអន្តរក្រសួងនេះ ត្រូវចូលរួមប្រជុំតាមការកោះអញ្ជើញ និងទទួលភារកិច្ចតាមការចាត់ចែង របស់ប្រធានក្រុមការងារ»។ នេះបើតាមអនុក្រឹត្យ ដែលបានបញ្ជាក់ថា ក្រុមការងារនេះ មានសិទ្ធិ ប្រើប្រាស់មន្ត្រីក្រោមឱវាទរបស់ខ្លួន ដើម្បីជួយការងារតាមតម្រូវការចាំបាច់ និងអាចប្រើប្រាស់ត្រារបស់ក្រសួងមហាផ្ទៃ ដើម្បីចាត់ចែងការងាររបស់ខ្លួន។
 
គួរបញ្ជាក់ថា ការចេញអនុក្រឹត្យសម្រេចឱ្យរៀបចំច្បាប់គ្រប់គ្រង និងដកហូតគោរមងាឧកញ៉ានេះ ធ្វើឡើងស្របពេលដែលឧកញ៉ាមួយចំនួន បានប្រើប្រាស់ទឹកលុយ និងអំណាចហួសហេតុ ជាពិសេសប្រើប្រាស់អំពើហិង្សាលើស្ត្រីជាដើម ដែលនាំឱ្យខុសផ្នែកសីលធម៌ និងគុណធម៌ រួមបាត់បង់តម្លៃ ហើយប៉ះពាល់ដល់កត្តិយសរបស់ឧកញ៉ាដទៃទៀត៕

Tag:
 ហ៊ុន សែន
  ឧកញ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com