កីឡាជាតិ
ជាតិ
ពានរង្វាន់មិត្តហ្វូន៖ ម៉ាត់ យ៉ាមីន អាត អូនតូច និង ជឿន ណាចា ជាកីឡាករល្អនៃការប្រកួតសប្ដាហ៍ទី២
17, May 2021 , 9:44 pm        
រូបភាព
(ពីឆ្វេង) អាត អូនតូច ខ្សែបម្រើក្លិបព្រៃវែង, ជឿន ណាចា ខ្សែបម្រើក្លិបកងយោធពលខេមរភូមិន្ទ និង ម៉ាត់ យ៉ាមីន ខ្សែបម្រើក្លិបនគរបាលជាតិ
(ពីឆ្វេង) អាត អូនតូច ខ្សែបម្រើក្លិបព្រៃវែង, ជឿន ណាចា ខ្សែបម្រើក្លិបកងយោធពលខេមរភូមិន្ទ និង ម៉ាត់ យ៉ាមីន ខ្សែបម្រើក្លិបនគរបាលជាតិ
ដោយ៖ នី ណារិទ្ធ

ភ្នំពេញ៖ កីឡាករ៣រូប ជាប់ជាកីឡាករល្អប្រចាំសប្ដាហ៍ទី២ នៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ រួមមាន ម៉ាត់ យ៉ាមីន មកពីក្លិបនគរបាលជាតិ ,ជឿន ណាចា មកពីក្លិបកងយោធពលខេមរភូមិន្ទ និង អាត អូនតូច កីឡាករក្លិបព្រៃវែង។


នាជំនួបក្រុមវិសាខា ដោយលទ្ធផល១ទល់១នោះ កីឡាករ ម៉ាត់ យ៉ាមីន ខ្សែបំរើមកពីក្លិបនគរបាលជាតិ បានបង្កើនទម្រង់លេងយ៉ាងល្អ ដោយគ្រប់គ្រងបាល់មិនឲ្យភ្នាត់ស្នៀតឡើយ រួមទាំងរារាំងគូរប្រកួតបានយ៉ាងល្អទៀតផង។ ដ្បិតរូបគេមិនមាសឱកាសស៊ុតបញ្ចូលទីដោយខ្លួនឯងក្ដី ប៉ុន្តែ យ៉ាមីន ក៏បានជួយបង្កើនឱកាសឲ្យមិត្តរួមក្រុមបញ្ចប់ទីផងដែរ។
 
ចំណែកទម្រង់លេងរបស់ ជឿន ណាចា មកពីក្លិបកងយោធពលខេមរភូមិន្ទ ក៏ធ្វើបានល្អដែរ នៅក្នុងការប្រកួតប៉ះក្រុមខ្លាំង ណាហ្គាវើលដ៍ ដោយលទ្ធផល២ទល់២នោះ។ កីឡាករដែលពោពេញដោយកម្លាំង និងប្រើល្បឿនលឿនរូបនេះ បានធ្វើឲ្យគូប្រកួតពិបាករារាំង ជាពិសេសរូបគេបានបង្កើតឱកាសឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី។
 
អាត អូនតូច ជាកីឡាករមានមាឌល្អិតរូបនេះ ពូកែរត់ឡើង-ចុះជួយមិត្តក្នុងក្រុម ហើយថែមទាំងបញ្ចូនបាល់បានល្អ ។ មិនត្រឹមតែជួយបង្កើតឱកាសឲ្យមិត្តរួមក្រុមនោះទេ រូបគេក៏រកបាន២គ្រប់ចុងម៉ោង ដែលជួយឲ្យក្រុមព្រៃវែង យកឈ្នះសូលទីឡូអង្គរ ដោយលទ្ធផល៦ទល់០ កាលពីថ្ងៃទី១៦ ឧសភា។
 
ជ័យជម្នះ៦ទល់០នេះ នាំឱ្យក្រុមព្រៃវែង ឈរនៅលេខ៧ ក្រោយប្រកួត៣លើក ស្មើ១ និងឈ្នះ១ មាន៤ពិន្ទុ ខណៈសូលទីឡូអង្គរ ប្រកួត៣លើក ចាញទាំង៣ ឈរលេខរៀងទី១៣ នៅបាតតារាង។
 
ដោយឡែកក្រុម៤ទៀត ដែលប្រកួតកាលពីថ្ងៃទី១៥ ឧសភានោះ ទទួលបាន១ពិន្ទុរៀងខ្លួន ក្រោយប្រកួតស្មើគ្នា ក្នុងនោះមានក្រុមវិសាខា ១-១ នគរបាលជាតិ។ គ្រាប់បាល់របស់ វិសាខា រកបានដោយកីឡាករ AJAYI OPEYEMI KOREDE នៅនាទី៦៩ ក្រោយក្រុមនគរបាលជាតិ នាំមុខមុន ដោយកីឡាករ OTANI SOMA នៅនាទី៤៧។
 
ចំណែកណាហ្គាវើលដ៍ និងកងយោធពលខេមរភូមិន្ទ ក៏បញ្ចប់ដោយលទ្ធផល២ទល់២ដែរ។ គ្រាប់បាល់ណាហ្គាវើលដ៍រកបានដោយ រៀម ស៊ឹង នៅនាទី១៧ និង សុះ សូហាណា នាទី៦៩ មុនពេលដែលកីឡាករ CRISTIANO MARCOLINO SANTOS ស៊ុតបញ្ចូលទីនាទី៨៥ និង YUTA KIKUCHI ថែម១គ្រាប់ទៀត នៅនាទី៩០ ឱ្យកងយោធពលខេមរភូមិន្ទ។
 
ការប្រកួតជើងឯកពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ២០២១នេះ ចាប់ផ្ដើមពីថ្ងៃទី៦ មីនា ២០២១ ដល់ថ្ងៃទី២ តុលា ២០២១។ ការប្រកួតនេះ បានដំណើរការតែ៤សប្ដាហ៍ហើយ។ ក្នុងនោះក្រុមអង្គរថាយហ្គឺរ ឈរលេខ១ មាន១០ពិន្ទុ ក្រោយប្រកួតឈ្នះ៣លើក ស្មើ១ ដែលតាមពីក្រោយដោយព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន ដែលមាន៩ពិន្ទុ ក្រោយឈ្នះ៣ប្រកួតដូចគ្នា៕

Tag:
 បាល់ទាត់
  ពានរង្វាន់មិត្តហ្វូន
© រក្សាសិទ្ធិដោយ thmeythmey.com