កីឡាជាតិ
ជាតិ
ក្លិបព្រៃវែង ចែកផ្លូវគ្នាជាមួយគ្រូបង្វឹកអ្នកចាំទី ជនជាតិថៃ Arthit Thanusorn
18, May 2021 , 12:29 pm        
រូបភាព
ដោយនី ណារិទ្ធ
ភ្នំពេញ៖ ក្រោយជួយក្រុមព្រៃវែង ទទួលជោគជ័យលើសូលទីឡូអង្គរ នៅក្នុងការប្រកួតបង្រ្គប់សប្ដាហ៍ទី២នោះ លោក Arthit Thanusorn គ្រូបង្វឹកអ្នកចាំទី បានសម្រេចចិត្តសុំចែកផ្លូវគ្នាជាមួយក្រុមព្រៃវែង។ ព័ត៌មាននេះ ត្រូវបានក្លិបព្រៃវែង បង្ហោះលើហ្វេសប៊ុកផ្លូវការ នៅព្រឹកថ្ងៃទី១៨ ឧសភា។


 
ក្លិបបាល់ទាត់ព្រៃវែង បានព្រមព្រៀងបញ្ចប់កិច្ចសន្យាជាមួយលោក ARTHIT THANUSORN គ្រូបង្វឹកអ្នកចាំទី ក្រោមហេតផលផ្ទាល់ខ្លួន។ លោក ARTHIT THANUSORN គ្រូបង្វឹកអ្នកចាំទីរូបនេះ ទើបរួមរស់ជាមួយក្រុមព្រៃវែងជាង៣ខែប៉ុណ្ណោះ។
 
«ពួកយើងបានសម្រេចចិត្ដចែកផ្លូវក្រោយយល់ព្រមពីភាគីទាំងសងខាងក្នុងការបញ្ចប់កិច្ចសន្យាជាមួយលោកគ្រូ Arthit Thanusorn គ្រូបង្វឹកអ្នកចាំទី ដោយលោកគ្រូមានភារកិច្ចចាំបាច់ផ្ទាល់ខ្លួនត្រូវត្រឡប់ទៅប្រទេសថៃវិញ»។ នេះបើតាមខ្លឹមសាររបស់ក្រុមព្រៃវែង។
 
កាលពីដើមខែកុម្ភៈកន្លងមក ក្លិបបាល់ទាត់ខេត្តព្រៃវែង បាននាំយកគ្រូជំនួយជនជាតិថៃ២នាក់មកជួយក្លិប គឺលោក ARHTIT THANUSORN ជាគ្រូបង្វឹកអ្នកចាំទី (GK COACH) និងលោក PONGBORWORN KINAWONG ជាគ្រូបង្វឹកកាយសម្បទា (Fitness COACH) ។ 
 
កាលពីថ្ងៃទី១៦ ឧសភា ក្រុមបាល់ទាត់ព្រៃវែង បានបង្កើតភាពអស្ចារ្យសម្រាប់ក្លិប ដោយជ័យឈ្នះលើក្រុមសូលទីឡូអង្គរ ដោយលទ្ធផល ៦ទល់០។ បច្ចុប្បន្នក្រុមព្រៃវែង ឈរនៅលេខ៧ ក្រោយប្រកួត៣លើក ស្នើ១ និងឈ្នះមួយ មាន៤ពិន្ទុ ៕

© រក្សាសិទ្ធិដោយ thmeythmey.com