COVID-19
ជាតិ
អនុប្រធាន HRW អាស៊ី៖ ទទួលយកមិនបានឡើយដែលតំណាង WHO សាទររាល់ទង្វើរដ្ឋាភិបាលខ្មែរ
18, May 2021 , 2:08 pm        
រូបភាព
នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) ប្រចាំតំបន់អាស៊ី លោក Phil Robertson បានលើកឡើងតាម Twitter របស់ខ្លួនថា អង្គការសុខភាពពិភពលោក (WHO) ត្រូវតែតាមដាន និងណែនាំតំណាងរបស់ខ្លួននៅកម្ពុជាឲ្យប្រសើរជាងនេះ។





លោក Robertson បានបន្ទរតាមប្រតិកម្មមួយនៅលើ Twitter ទាក់ទងនឹងលោកស្រី Li Ailan ដែលបានសាទរកម្ពុជាចំពោះយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ទៅលើមនុស្សជាង២លាននាក់ រួមបញ្ចូលទាំងក្រុមការងារសុខាភិបាលជួរមុខ មនុស្សចាស់ និងក្រុមមនុស្សដែលស្ថិតនៅតំបន់ប្រឈមខ្ពស់។



«ជារឿងដ៏ខ្មាស់អៀន និងមិនអាចទទួលយកបានឡើយ»។ នេះជាសំណេររបស់លោក Robertson នៅលើគណនី Twitter របស់ខ្លួន កាលពីថ្ងៃទី១៧ ខែឧសភា ដោយណែនាំថា អង្គការសុខភាពពិភពលោក គួរតាមដាន និងណែនាំតំណាងខ្លួននៅកម្ពុជាឲ្យបានប្រសើរជាងនេះ ព្រោះលោកស្រី Li Ailan តែងតែកោតសរសើររដ្ឋាភិបាល ដែលបានរំលោភសិទ្ធិ និងបំពានពលរដ្ឋនៅតំបន់ក្រហមដែលគ្មានអាហារ និងសេវាសុខាភិបាលគ្រប់គ្រាន់។

មិនមានការឆ្លើយតបផ្លូវការណាមួយនោះឡើយ ប៉ុន្តែព្រឹកថ្ងៃទី១៨ ខែឧសភា លោក Takeshi Kasai ប្រធានអង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏បានសរសេរកោតសរសើរលោកស្រី Li Ailan និងការងារ WHO ដែលធ្វើការយ៉ាងជិតដិតជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រការឆ្លើយតបវិធានការប្រឆាំងកូវីដ-១៩ និងយុទ្ធនាការចាក់វ៉ាក់សាំង។



«រីករាយណាស់ដែលបានជួបជាមួយរដ្ឋមន្ត្រីសុខាភិបាលកម្ពុជាលោក ម៉ម ប៊ុនហេង ដើម្បីពិភាក្សាពីស្ថានភាពកូវីដ-១៩នៅកម្ពុជានាថ្ងៃនេះ។ សូមអរគុណលោក ចំពោះការដឹកនាំក្នុងជួររដ្ឋាភិបាល និងការខំប្រឹងប្រែងដើម្បីឆ្លើយនាអំឡុងស្ថានភាពដ៏ប្រឈមនេះ»។ ប្រធាន WHO ប្រចាំតំបន់ បានសរសេរយ៉ាងដូច្នេះ ក្រោយជំនួបតាមវីដេអូខនហ្វើរិន។



លោកបានសរសេរបន្ថែមថា៖ «យើងដឹងថា មនុស្សទាំងអស់ធុញទ្រាន់នឹងជំងឺរាលដាលសាកលនេះ ប៉ុន្តែយើងព្រមព្រៀងគ្នាថា រក្សាឲ្យបាននូវវិធានការសុខភាពសាធារណៈ និងការពារដើម្បីទប់ស្កាត់ការឆ្លង និងពន្យឺតការឆ្លងមេរោគ»។

បន្ថែមពីលើនេះ លោកស្រី Li Ailan បានសរសេរថា ក្រុមការងារ WHO បន្តធ្វើការយ៉ាងជិតដិត និងគ្មានការនឿយហត់ជាមួយក្រសួងសុខាភិបាល និងដៃគូនានាដើម្បីប្រយុទ្ធប្រឆាំងកូវីដ-១៩នៅកម្ពុជា ហើយលោកស្រីរីករាយដែលឃើញតួលេខឆ្លងប្រចាំសប្តាហ៍មានការថយចុះជាបន្តបន្ទាប់៕



© រក្សាសិទ្ធិដោយ thmeythmey.com