កីឡាអន្តរជាតិ
អន្តរជាតិ
ម្ចាស់ក្លិប Man City ប៉ាវសំបុត្រដល់គាំទ្រទៅទស្សនាវគ្គផ្តាច់ព្រ័ត្រ Champions League
19, May 2021 , 10:59 am        
រូបភាព
លោក Sheikh Mansour ម្ចាស់ក្លិប Manchester City ប៉ាវសំបុត្រយន្តហោះ និងការទូតាត់ថ្លៃចំណាយផ្នែកខ្លះដល់អ្នកគាំទ្រខ្លួន ដើម្បីទៅចូលរួមទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ទល់នឹង Chelsea នៅថ្ងៃទី២៩ ខែឧសភា។ ក្លិបជើងឯក Premier League ប្រកាសដូច្នេះនៅថ្ងៃអង្គារទី១៨ ខែឧសភា។


សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) សម្រេច ប្តូរការប្រកួតវគ្គផ្តាច់ព្រ័ត្រក្របខណ្ឌកំពូលអឺរ៉ុបទៅកីឡដ្ឋាន Estadio do Dragao របស់ក្លិប FC Porto នៅប្រទេសព័រទុយហ្កាល់វិញ ដ្បិតក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគីដែលដំបូងឡើយទទួលបានសិទ្ធិរៀបការប្រកួតនេះ កម្រិតលើការធ្វើដំណើររបស់អង់គ្លេសជុំវិញបញ្ហាកូវីដ-១៩ ដែលធ្វើឱ្យអ្នកគាំទ្រ Man City និង Chelsea មិនអាចទៅចូលរួមបាន។ 
 
ក្រោយការផ្លាស់ប្តូរទីតាំងប្រកួត ក្លិបរហស្សនាមមេឃខៀវ បានប្រកាសនៅថ្ងៃទី១៨ ខែឧសភាថាម្ចាស់ក្លិបលោក Mansour នឹងផ្តល់មូលនិធិជាសំបុត្រយន្តហោះ និងការចំណាយមួយចំនួនសម្រាប់អ្នកគាំទ្ររាប់ពាន់នាក់ទៅកាន់ Estadio do Dragao។ មហាសេដ្ឋីប្រេងសញ្ជាតិអេមីរ៉ាតអារ៉ាប់រួមធ្វើបែបនេះ ដើម្បីជាការអបអរដល់ក្លិបខ្លួនដែលឈ្នះជើងឯកលីគកំពូលអង់គ្លេសរដូវកាល ២០២០-២១នេះ។
 
UEFA បានត្រៀមបម្រុងទុកសំបុត្រចំនួន ១២០០០សន្លឹកសម្រាប់ Man City និង Chelsea ទៅកាន់ប្រទេសព័រទុយហ្កាល់ ដោយក្នុងនោះអ្នកគាំទ្ររបស់ក្រុមអង់គ្លេសទាំងពីរនឹងមិនចាំបាច់ធ្វើចត្តាឡីស័កពេលត្រឡប់ចូលទឹកដីអង់គ្លេសវិញនោះទេ។
 
តែយ៉ាងណាក៏ដោយ អ្នកគាំទ្រពីអង់គ្លេសនឹងត្រូវចំណាយថ្លៃតេស្តរកជំងឺកូវីដ-១៩បន្ថែមទៀត និងស្នាក់នៅក្នុងប្រទេសព័រទុយហ្កាលមិនឱ្យលើសរយៈពេល ២៤ ម៉ោងឡើយ ក្រោយចប់ការប្រកួត។
 
លោក Sheikh Mansour បានរៀបរាប់លើវេបសារបស់ក្លិបមេឃខៀងថា៖ «Pep Guardiola និង Man City មានរដូវកាលដ៏អស្ចារ្យតាមរយៈការឈ្នះពានលីគក្នុងស្រុក និងឈានដល់វគ្គផ្តាច់ព្រ័ត្រ Champions League ជាប្រវត្តិសាស្ត្រក្លិប។ នេះពិតជាសំខាន់ខ្លាំងណាស់ដែលអ្នកគាំទ្រ មានឱកាសចូលរួមការប្រកួតដ៏អស្ចារ្យ ជាពិសេសអ្នកដែលបានគាំទ្រក្រុម Manchester City រយៈពេលជាច្រើនឆ្នាំមក»៕
 

Tag:
 Champions League
  Manchester City
  Sheikh Mansour
© រក្សាសិទ្ធិដោយ thmeythmey.com