ជាតិ
ភ្នំពេញ លែងមានតំបន់ក្រហមហើយ ខណៈបំរាមគោចរបន្តដល់ថ្ងៃទី២មិថុនា
19, May 2021 , 5:15 pm        
រូបភាព
រាជធានីភ្នំពេញ លែងមានតំបន់ក្រហមហើយ ខណៈដែលតំបន់លឿងទុំ ក៏កាន់តែរួមតូច។ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបន្តវិធានការរដ្ឋបាលរយៈពេល២សប្តាហ៍ទៀត ពោលគឺរហូតដល់ថ្ងៃទី២ មិថុនា។ នេះបើតាមសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ឧសភានេះ។



តាមសេចក្តីសម្រេចដដែល តំបន់លឿងទុំ នៅក្នុងរាជធានីភ្នំពេញ នៅសល់តែផ្នែកខ្លះនៃភូមិដើមចាន់ ចំណុចខាងក្រោយយឿត្រី នៃសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។​ ភូមិ២៣ នៃសង្កាត់បឹងកក់ទី ខណ្ឌទួលគោក ។ ភូមិត្រពាំងថ្លឹង១ ភូមិត្រពាំងថ្លឹង២ ភូមិត្រពាំងថ្លឹង៤ និងភូមិពង្រ នៃសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ ផ្នែកខ្លះ នៃភូមិចុងខ្សាច់ និងផ្នែខ្លះនៃភូមិបាក់ទូក នៃសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ។ ផ្នែកខ្លះនៃភូមិ៥ នៃសង្កាត់ស្ទឹងមានជ័យទី២ និងផ្នែកខ្លះនៃភូមិដំណាក់ធំ២ ផ្នែកខ្លះនៃភូមិដំណាក់ធំ៣ និងផ្នែកខ្លះនៃភូមិទ្រា ៤ នៃសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។ ក្រៅពីនេះ គឺត្រូវបានកំណត់ជាតំបន់លឿង។ 
 
បើតាមរដ្ឋបាលរាជធានីភ្នំពេញ វិធានការរដ្ឋបាល ត្រូវអនុវត្តនៅក្នុង«តំបន់លឿងទុំ» តែរយៈពេល១មួយសប្តាហ៍ប៉ុណ្ណោះ គឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ឧសភា។ ទោះយ៉ាងណា អា​ជ្ញាធរ នៅតែបន្តអនុវត្តវិធានការបិទខ្ទប់ដដែល នៅតំបន់លឿងទុំនេះ ខណៈទីតាំងដែលមានករណីឆ្លង មន្ត្រីពាក់ព័ន្ធនឹងបន្តអនុវត្តបិទទីតាំងផ្ទះ-បន្ទប់ជួល ឬអគារ ឬទីតាំងអាជីវកម្មជាដើម ឬចែកជាច្រក ឬប្លុកតូចៗ ដើម្បីកាត់ផ្តាច់ប្រភពចម្លង នៅក្នងតំបន់នោះ។ 

ចំណែកឯ​តំបន់លឿង ដ្បិតរួចផុតពីវិធានការបិទខ្ទប់ ប៉ុន្តែពលរដ្ឋត្រូវអនុវត្ត វិធានការរដ្ឋបាលដដែល រយៈពេល២សប្តាហ៍ពេញតែម្តង គឺចាប់ពីថ្ងៃទី២០ ឧសភា រហូតដល់ថ្ងៃទី២ មិថុនា។ បើតាមសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ប្រសិនបើទីតាំងណានៅក្នុងតំបន់លឿងនេះ មានករណីឆ្លងកូវីដ-១៩ នោះអាជ្ញាធរពាក់ព័ន្ធ ក៏នឹងអនុវត្តវិធានការបន្ទាន់ដូចនឹងតំបន់លឿងទុំដែរ មានដូចជាការបិទទីតាំងផ្ទះ-បន្ទប់ជួល ឬអគារ ឬទីតាំងអាជីវកម្មជាដើម ឬចែកជាច្រក ឬប្លុកតូចៗ ដើម្បីកំណត់អ្នកពាក់ព័ន្ធយកសំណាកតេស្ត និងការធ្វើចត្តាឡីស័ក៕

 
 

© រក្សាសិទ្ធិដោយ thmeythmey.com