កីឡាអន្តរជាតិ
អន្តរជាតិ
Cantona វីរបុរស Man Utd មានមោទកភាពដែលជាប់ក្នុង Hall of Fame តែមិនភ្ញាក់ផ្អើលទេ
20, May 2021 , 8:29 am        
រូបភាព
លោក Eric Cantona វីរបុរសក្រុម Manchester United បង្ហាញពីមោទកភាពដែលជាប់ឈ្មោះជាកីឡាករដ៏មានកិត្តិនាមនៅក្នុងក្របខណ្ឌលីគកំពូលអង់គ្លេស (Premier League Hall of Fame) ប៉ុន្តែលោកមិនភ្ញាក់ផ្អើលឡើយ។


អតីតខ្សែប្រយុទ្ធឆ្នើមក្រុមជម្រើសជាតិបារាំង វ័យ៥៤ឆ្នាំរូបនេះ បានចូលរួមជាមួយលោក Alan Shearer និងមិត្តរួមជាតិបារាំង Thierry Henry សម្រាប់ពាន Hall of Fame ជាលើកដំបូងគេនៅឆ្នាំ២០២១។
 
Cantona បានសាងភាពល្បីល្បាញរបស់ខ្លួនជាមួយបិសាចក្រហម ក្រោមការដឹកនាំរបស់ Sir Alex Forguson អំឡុងឆ្នាំ១៩៩២ ដល់១៩៩៧ បន្ទាប់ពីផ្លាស់ចេញពី Leeds United។ រយៈពេល៥ឆ្នាំនៅ Old Trafford អតីតខ្សែប្រយុទ្ធឆ្នើមរូបនេះរកបាន៧០គ្រាប់ ក្នុងការបង្ហាញខ្លួន១៥៦លើក និងជួយ Man Utd ឈ្នះជើងឯក Premier League ដល់ទៅ៤លើកឯណោះ។
Cantona ដែលលេងឱ្យ Leeds មួយរដូវកាល ក៏បានជួយក្រុមអង់គ្លេសមួយនេះ ឈ្នះពានលីគកំពូលផងដែរនៅរដូវកាល ១៩៩១-៩២។
 
«ខ្ញុំពិតជារីករាយ និងមានមោទកភាពខ្លាំងណាស់សម្រាប់ Hall of Fame ប៉ុន្តែក្នុងពេលតែមួយខ្ញុំមិនមានការភ្ញាក់ផ្អើលអ្វីទេ»។ លោក Cantona អះអាងបែបនេះមុនបន្ថែមថា បើលោកមិនជាប់ឈ្មោះទើបលោកភ្ញាក់ផ្អើល។
 
«ខ្ញុំពិតជាមានការភ្ញាក់ផ្អើល ប្រសិនមិនបានជាប់ឈ្មោះក្នុងពាននេះ! ខ្ញុំមានសំណាងដែលបានលេងនៅក្នុងក្រុមនេះ [Man Utd] ដែលពោពេញដោយកីឡាករឆ្នើម អ្នកចាត់ការដ៏ទេពកោសល្យ និងអ្នកគាំទ្រដ៏អស្ចារ្យ»។
 
Hall of Fame ជាពានកិត្តិយសសម្រាប់ផ្តល់ជូនបុគ្គលខ្ពង់ខ្ពស់បំផុតសម្រាប់អតីតកីឡាករនៅ Premier League។ លីគកំពូលអង់គ្លេស បង្កើតពានកិត្តិយសនេះឡើង ដើម្បីជាការអបអរចំពោះទេពកោសល្យ និងសមិទ្ធផលរបស់កីឡារក អំឡុងពួកគេប្រកអាជីពជាកីឡាករបាល់ទាត់។ ពាននេះ ផ្តល់ជូនតាមរយៈការបោះឆ្នោតពីសំណាក់អ្នកគាំទ្រ សម្រាប់កីឡាករដែលផ្តើមអាជីពចន្លោះឆ្នាំ១៩៩២ និងចូលនិវត្តន៍វិញនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០៕
 

Tag:
 Premier League Hall of Fame
  Eric Cantona
© រក្សាសិទ្ធិដោយ thmeythmey.com