កីឡាជាតិ
ជាតិ
៣ប្រកួតចុងក្រោយរបស់កម្ពុជា នៅប្រទេសបារ៉ែន នៃវគ្គជម្រុះWorld Cup 2022
20, May 2021 , 8:59 am        
រូបភាព
សកម្មភាពប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជាជាមួយបារ៉ែននៅជើងទី១កាលពីពេលកន្លងទៅ, រូបភាព FFC
សកម្មភាពប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជាជាមួយបារ៉ែននៅជើងទី១កាលពីពេលកន្លងទៅ, រូបភាព FFC
ដោយ: ថ្មីៗ
ដោយ៖ នី ណារិទ្ធ

កម្ពុជានឹងចេញទៅប្រទេសបារ៉ែន នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ សម្រាប់ការប្រកួត៣លើកទៀត ក្នុងវគ្គជម្រុះជើងទី២ នៃ World Cup 2022 ។ ក្រុមជម្រើសជាតិកម្ពុជា នឹងប្រើពេល ១សប្ដាហ៍ សម្រាប់ការហ្វឹកហាត់នៅបារ៉ែន ដើម្បីត្រៀមប្រកួតនេះ។


៣ប្រកួតចុងក្រោយរបស់កម្ពុជានេះ នឹងចាប់ផ្ដើមពីថ្ងៃទី៣-១១ ខែមិថុនា ឆ្នាំ២០២១ នៃវគ្គជម្រុះពានរង្វាន់ FIFA World Cup Qatar ២០២២។ កម្ពុជា ដែលស្ថិតនៅពូលC នេះ ត្រូវប្រកួតជាមួយ បារ៉ែន នៅថ្ងៃទី៣ មិថុនា មុននឹងជួបអ៊ីរ៉ាក់ នៅថ្ងៃទី០៧ មិថុនា។ ប្រកួតចុងក្រោយ កម្ពុជា ត្រូវប៉ះអ៊ីរ៉ង នៅថ្ងៃទី១១ មិថុនា ។ ការប្រកួតទាំង៣លើកចុងក្រោយនេះ គឺយកទឹកដីបារ៉ែន ជាទឹកដីកណ្ដាលសម្រាប់ការប្រកួតនេះ។ ចំណែកពូលផ្សេងៗទៀត ក៏យកទឹកដីរួមមួយ សម្រាប់ការប្រកួតដែរ ដោយសារតែកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩។
 
ការប្រកួតវគ្គជម្រុះជើងទី១កន្លងមក កម្ពុជាបានចាញ់ក្រុមទាំងបីនេះ ដោយក្នុងនោះចាញ់បារ៉ែន ១ទល់០, ចាញ់ អ៊ឺរ៉ាក់៤ ទល់០ និងចាញ់អ៊ឺរ៉ង់ធ្ងន់ធ្ងរបំផុត ដោយលទ្ធផល១៤ -០ ។ ចំពោះការប្រកួតក្នុងនោះពូលC នេះ អ៊ីរ៉ាក់ ឈរលេខ១ ដោយមាន១១ពិន្ទុ ក្រោយឈ្នះ៣ និងស្មើ២ ខណៈបារ៉ែនឈរលេខ២ ក្រោយឈ្នះ២ និងស្នើ៣ មាន៩ពិន្ទុ។ ដោយឡែកអ៊ីរ៉ង់ ដែលទើបប្រកួត៤លើកនោះ ស្ថិតនៅលេខ៣ មាន៦ពិន្ទុ ក្រោយឈ្នះ២ និងស្មើ២ ស្របពេលហុងកុង មាន៥ពិន្ទុ បន្ទាប់ពីឈ្នះ១ ស្មើ២ និងចាញ់២។ កម្ពុជា ស្ថិតនៅបាតតារាង ក្រោយប្រកួត៥លើក មានតែ១ប៉ុណ្ណោះ។
 
ដូច្នេះយោងតាមលទ្ធផលជើងទី១នេះ ទោះបើកម្ពុជាឈ្នះ៣ប្រកួត នៅទឹកដីបារ៉ែនក្ដី ក៏កម្ពុជាហាក់គ្មានឱកាស ឡើងទៅវគ្គផ្ដាច់ព្រ័ត្របានដែរ។
មកដល់ពេលនេះ មិនទាន់មានការបង្ហាញពីវត្តមានកីឡាកររូបណាខ្លះ ដែលជាប់ជម្រើសជាតិនៅឡើយទេ។ គ្រូបង្គោលនៃក្រុមជម្រើសជាតិកម្ពុជា លោក Ryu Hirose អះអាងថា ខ្លួនក៏មានការលំបាកក្នុងការជ្រើសរើសកីឡាករ ក្នុងស្ថានភាពវិបត្តិកូវីដ-១៩ ដែរ ដោយសារតែការប្រកួតលីគកំពូលកម្ពុជា ត្រូវបានពន្យារពេល និងផ្ទាស់ប្ដូរ ។ តែយ៉ាងណាលោក Ryu Hirose នឹងជ្រើសរើសកីឡាករ ដែលមានសមិទ្ធផល និងសក្ដានុពលខ្ពស់ សម្រាប់ការប្រកួតជម្រុះ World Cup 2022 នៅប្រទេសបារ៉ែន ខាងមុខនេះ។
 
ចំពោះការហ្វឹកហាត់វិញ លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រាប់សារព័ត៌មានថ្មីៗកន្លងមកថា ក្រុមជម្រើសជាតិ មិនមានការជួបជុំហ្វឹកហាត់នៅឡើយទេ ប៉ុន្តែតម្រូវឱ្យកីឡាករម្នាក់ៗ ពង្រឹងការហ្វឹកហាត់នៅតាមផ្ទះរៀងៗខ្លួន។ ដ្បិតមិនបានហ្វឹកហាត់ជុំគ្នាក្តី ប៉ុន្តែក្រុមជម្រើសជាតិកម្ពុជា អាចមានពេល១សប្ដាហ៍ មុនការប្រកួតនៅថ្ងៃទី៣ មិថុនា ដើម្បីប្រមូលផ្ដុំគ្នាហ្វឹកហាត់នៅប្រទេសបារ៉ែនតែម្ដង។
 
គួរបញ្ជាក់ថា លោក Ryu Hirose ជាគ្រូបង្គោលនៃក្រុមជម្រើសជាតិកម្ពុជាថ្មី ជំនួសលោក Felix G.Dalmas ។ លោក Ryu Hirose នឹងដឹកនាំជម្រើសជាតិកម្ពុជា ជាមួយអ្នកចាត់ការទូទៅជនជាតិជប៉ុន លោក Keisuke Honda រហូតដល់កម្ពុជាធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ដោយឡែកលោក ភា សុភ័ក្ត្រា និងលោក អ៊ុក សុធី ទើបតែត្រូវបានសហព័ន្ធបាល់ទាត់កម្ពុជា តែងតាំងជាគ្រូជំនួយជម្រើសជាតិជាផ្លូវការ កាលពីថ្ងៃទី១៨ ឧសភា។ តាមពិតទៅលោក ភា សុភ័ក្ត្រា ធ្លាប់ត្រូវបានតែងតាំងជាគ្រូជំនួយជម្រើសជាតិម្ដងហើយ ប៉ុន្តែលោកបានសុំលាលែងឈប់វិញ ហើយការតែងតាំងលើកនេះ ជាភារកិច្ចលើកទី២របស់លោក ភក្ត្រា ផងដែរ៕
 
 

Tag:
 World Cup 2022
© រក្សាសិទ្ធិដោយ thmeythmey.com