ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន​៖ «​បើ​ខ្ញុំ​មិន​ពឹង​ចិន​ទេ តើ​ឱ្យ​ខ្ញុំ​ទៅ​ពឹង​អ្នកណា​»
20, May 2021 , 12:22 pm        
រូបភាព
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ចាប់ដៃប្រធានាធិបតីចិន នាជំនួបនៅមហាវិមានប្រជាជនចិននៅថ្ងៃទី៥ ខែកុម្ភៈ ២០២០។ រូបថត Xinhua.jpg
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ចាប់ដៃប្រធានាធិបតីចិន នាជំនួបនៅមហាវិមានប្រជាជនចិននៅថ្ងៃទី៥ ខែកុម្ភៈ ២០២០។ រូបថត Xinhua.jpg
​ភ្នំពេញ​៖ «​បើ​ខ្ញុំ​មិន​ពឹង​ចិន​ទេ តើ​ឱ្យ​ខ្ញុំ​ទៅ​ពឹង​អ្នកណា​»​។ នេះ​ជា​ចម្លើយ​របស់​សម្ដេច ហ៊ុន សែន ឆ្លើយតប​នឹង​សំនួរ​ទាក់ទង​នឹង​គោលនយោបាយ​ការបរទេស​កម្ពុជា ដែល​កំពុង​ពឹងផ្អែក​ទៅលើ​មហាអំណាច​ចិន​ខ្លាំង​។​


 
​ចម្លើយ​របស់​ប្រមុខ​រដ្ឋាភិបាល​នេះ ចង់​បញ្ជាក់​ន័យ​ថា ការពឹង​ផ្អែកលើ​ចិន ទើប​នាំឱ្យ​កម្ពុជា មានការ​អភិវឌ្ឍន៍​ដូច​សព្វថ្ងៃ​។ ក្នុងន័យនេះ​សម្ដេច ហ៊ុន សែន បាន​ពន្យល់ថា តាមរយៈ​ការពឹង​ចិន​នេះហើយ ទើប​កម្ពុជា មាន​ហេដ្ឋារចនាសម្ព័ន្ធ​រីក​ស្គុសស្គាយ ដូចជា​ផ្លូវថ្នល់ ស្ពាន និង​អគារ​ពាណិជ្ជកម្ម​ធំៗ​ជាដើម​។​
 
​ថ្លែង​នៅក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី​២៦ ស្តីពី​អនាគត​អាស៊ី នៅ​ថ្ងៃទី​២០ ឧសភា​នេះ នាយករដ្ឋមន្ត្រី​កម្ពុជា បាន​បកស្រាយ​ពី​នយោបាយ​ការបរទេស​ខ្លួន​ដូច្នេះ​ថា​៖«​នេះ​ជា​រឿង​ពិត ដែល​គួរតែ​និយាយថា ប្រទេស​កម្ពុជា​ពឹងផ្អែក​ទៅលើ​ចិន​។ ចុះបើ​ខ្ញុំ​មិន​ពឹងផ្អែក​(​ចិន​) (​តើ​ទុក​)​ឱ្យ​ប្រជាជន​ខ្ញុំ​សព្វថ្ងៃនេះ កំពុងតែ​ឆ្លង​ទូកដ​តាម​ទន្លេ កំពុងតែ​គ្មាន​ផ្លូវ​ដើរ​។ ដូច្នេះ​ភាសា​នេះ គួរតែ​ទុកឱ្យ​ប្រទេស​នានា ដែល​និយាយ​(​កម្ពុជា​ពឹង​តែ​ចិន​) និង​អ្នកវិភាគ​ទាំងឡាយ ដែល​និយាយ គួរ​រក​ចម្លើយ​ឱ្យ​កម្ពុជា​ផង ថា តើ​កម្ពុជា​គួរ​ធ្វើ​យ៉ាងម៉េច​ទើបបាន​ផ្លូវ​ដើរ ទើបបាន​ស្ពាន​ឆ្លង ទើបបាន​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា​ទំនប់ទឹក ប្រឡាយ​ដទៃទៀត​»​។​
 
​ដ្បិត​កម្ពុជា​ពឹង​លើ​ចិន​ខ្លាំង​ក្តី តែ​សម្ដេច ហ៊ុន សែន ក៏​មិន​ភ្លេច​ពី​គុណ​តម្លៃ​របស់​ជប៉ុន ដែល​បាន​ជួយ​កម្ពុជា តាំងពី​ឆ្នាំ​១៩៩២​មក​ដែរ​។ ត្រង់ចំណុច​នេះ ប្រមុខ​រដ្ឋាភិបាល បាន​លើក​ពី​គុណសម្បត្តិ​របស់​ជប៉ុន ដែល​បាន​ជួយ​កម្ពុជា ៣០​ឆ្នាំ​មកនេះ ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ក្រៅពី​ជំនួយ​ឧបត្ថម្ភ​តាម​គម្រោង​ផ្សេងៗ​ទៀត រួមមាន ស្ពាន​គី​ហ្ស៊ូ​ណា នៅ​ខេត្តកំពង់ចាម និង​ស្ពាន​ត្សឺ​បា​សារ នៅ​ខេត្តព្រៃវែង​ជាដើម​។ បើតាមសម្ដេច ហ៊ុន សែន បច្ចុប្បន្ននេះ ជប៉ុន​ក៏​កំពុង​ជួយ​កសាង​ផ្លូវជាតិ​លេខ​៥ ចាប់ពី​ខេត្តកណ្ដាល ដល់​ព្រំដែន​កម្ពុជា​-​ថៃ បន្ទាប់ពី​ផ្លូវជាតិ​លេខ​១ និង​ផ្លូវ​ជាច្រើន​ខ្សែ​ទៀត​។​
 
​បកស្រាយ​បែបនេះហើយ លោកនាយក​រដ្ឋមន្ត្រី បាន​អះអាងថា កម្ពុជា​មិនបាន​បិទទ្វា ឬ​បដិសេធ​អំពើ​ល្អ​របស់​ប្រទេស​ណា​ទេ ពោលគឺ​ប្រទេស​ណា ដែល​ចង់​ផ្ដល់ជំនួយ​ជួយ​កម្ពុជា គឺ​ទទួលយក​ទាំងអស់​។​
 
ក្រៅពី​ជំនួយ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​នេះ កម្ពុជា ក៏​ទទួលបាន​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩ ពី​រដ្ឋាភិបាល​ចិន ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​នេះ​។ បច្ចុប្បន្ន​កម្ពុជា ទទួលបាន​ជំនួយ​វ៉ាក់សាំង​Sinopharm​ចិន ចំនួន​១,៧​លាន​ដូ​ស និង​ទិញ​វ៉ាក់សាំង​របស់​Sinovac ចំនួន​៣​លាន​ដូ​ស​។ ជាមួយគ្នា​កម្ពុជា ក៏​ទទួលបាន​វ៉ាក់សាំង​Covishield ចំនួន​៣២៤,០០០​ដូ​ស​ពី​យន្តការ COVAX ផងដែរ​។​
 
​និយាយ​ត្រង់ចំណុច​នេះ សម្ដេច ហ៊ុន សែន ក៏​ឆ្លៀត​បន្ថែម​ដូច្នេះ​ថា​៖«​សូម្បីតែ​វ៉ាក់សាំង ដែល​យើងខ្ញុំ​រកបាន ចាក់​លើ​ប្រជាជន​ជាង​២​លាន​នាក់​នេះ បើ​គ្មាន​ការ​ជំនួយ​ពី​ចិន និង​ការផ្គត់ផ្គង់​ពី​ចិន ដោយ​ការលក់ យើងខ្ញុំ​ក៏​គ្មាន​វ៉ាក់សាំង​ចាក់​ជូន​ប្រជាជន​កម្ពុជា​។ ក្រៅពី​COVAX ដែល​បាន​ផ្ដល់ឱ្យ​យើងខ្ញុំ​ជាង​៣០​លាន​ដូ​ស តើ​មាន​ប្រទេស​ណាមួយ បាន​ហាមាត់​បញ្ជូនមក​ដល់ក​ម្ពុ​ជា​ហើយ​ឬ​នៅ សម្រាប់​ចាក់​។ អ៊ីចឹង​ទាល់តែ​ចិន​មាន​អ្វី​ឱ្យ​កម្ពុជា​ដែរ ទើប​យើង​ពឹងពាក់​បាន​»​។​

​ភ្ជាប់​ជាមួយ​ការអត្ថាធិប្បាយ​នេះ មេដឹកនាំ​កម្ពុជា ជាង​៣០​ឆ្នាំ​មកនេះ បាន​ពន្យល់​ជាថ្មី​ទៀតថា ទោះបី​កម្ពុជា​ពឹងផ្អែក​លើ​ចិន​ក្តី ប៉ុន្តែ​កម្ពុជា​មិនបាន​ផ្ដល់​ទីតាំង​ឱ្យ​ចិន បោះ​មូលដ្ឋានទ័ព​ឈរជើ់ង​នៅលើ​ទឹកដី​ឡើយ ។ នោះ​ក៏​ព្រោះតែ​រដ្ឋធម្មនុញ្ញ​កម្ពុជា បានចែង​ហាម​មិន​អនុញ្ញាត​ឱ្យមាន​កម្លាំង​បរទេស ឈរជើង​នៅ​មូលដ្ឋាន​កម្ពុជា​ទេ​។​«​ដូច្នេះ​ការចោទប្រកាន់​លើ​បញ្ហា​(​មូលដ្ឋាន​ចិន​)​នេះ វា​អយុត្តិធម៌​ពេក​សម្រាប់​កម្ពុជា និង​សម្រាប់​ចិន​ផងដែរ​»​។ នេះ​បើតាម​នាយករដ្ឋមន្ត្រី​កម្ពុជា​ ដែលស្នើឱ្យបណ្ដា​ប្រទេស​ទាំងអស់​លើ​ពិភពលោក គួរតែ​ពាក់​វែ​នតា​ឱ្យបាន​ល្អប្រសើរ ហើយ​សម្លឹង​ឆ្ពោះ​មកលើ​នយោបាយ​ការបរទេស​របស់​កម្ពុ​ជា តាមរយៈ​ឥរិយាបទ​សមរម្យ​មួយ​៕
 

Tag:
 ហ៊ុន សែន​
  នយោបាយ​ការបរទេស
© រក្សាសិទ្ធិដោយ thmeythmey.com