អន្តរជាតិ
វៀតណាម គ្រោងបញ្ចេញថវិកា១,១ពាន់លានដុល្លាទិញវ៉ាក់សាំងបង្ការកូវីដ-១៩
20, May 2021 , 7:29 pm        
រូបភាព
ដោយ៖ឈួ ស៊ាវយីងជាវ

វៀតណាម គ្រោងបញ្ចេញថវិកា២៥,២ទ្រីលានដុង ដែលស្មើនឹង១,១ពាន់លានដុល្លារដើម្បីទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន១៥០លានដូស សម្រាប់ចាក់ឱ្យប្រជាជនខ្លួន។



ក្នុងសេចក្ដីប្រកាសថ្ងៃទី២០ ខែឧសភា ក្រសួងហិរញ្ញវត្ថុវៀតណាម បញ្ជាក់ថា ខ្លួនបានដាក់ស្នើគម្រោងមូលនិធិចំនួន២៥,២ទ្រីលានដុងទៅកាន់រដ្ឋាភិបាលដើម្បីទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ។ គម្រោងនេះ នឹងត្រូវប្រើប្រាស់ថវិការដ្ឋជាគោល។
 
បើតាមក្រសួងដដែល វៀតណាមគ្រោងបញ្ជាទិញវ៉ាក់សាំងត្រូវចាក់ជូនប្រជាជនប្រមាណ៧៥លាននាក់ក្នុងចំណោមប្រជាជនសរុប៩៨លាននាក់។ គ្រាន់តែការទិញវ៉ាក់សាំង វៀតណាមត្រូវចំណាយដល់ទៅ២១ទ្រីលានដុង រីឯថវិការនៅសល់នឹងត្រូវយកទៅចំណាយលើការដឹកជញ្ចូន កន្លែងស្តុកទុក និងសឺរ៉ាំងជាដើម។
 
គម្រោងត្រៀមលុយទិញវ៉ាក់សាំង លេចជារូបរាង ស្របពេលវៀតណាមកំពុងរងការវាយប្រហារដោយរលកជំងឺកូវីដ-១៩។ ក្រោយទទួលជោគជ័យលើការគ្រប់គ្រងនៃការរីករាលដាលក្នុងសហគមន៍ស្ទើរតែពេញមួយឆ្នាំចុងក្រោយនេះ វៀតណាមក៏កំពុងប្រឈមមុខករណីផ្ទុះឆ្លងយ៉ាងឆាប់រហ័ស។ ចាប់តាំងពីចុងខែមេសា  វៀតណាមមានករណីឆ្លងចំនួន១៦៧៧នាក់ ដែលភាគច្រើនជាកម្មកររោងចក្រនៅខេត្តភាគខាងជើង។ 
 
នៅក្នុងសប្តាហ៍នេះ ខេត្ត Bac Giang ត្រូវបានរាយការណ៍ថា ជាចំណុចកណ្តាលនៃការផ្ទុះឡើងនៃវីរុសកូវីដ-១៩។ សួនឧស្សាហកម្មចំនួនបួន និងរោងចក្ររបស់ក្រុមហ៊ុនតៃវ៉ាន់ Foxconn ចំនួនបី ត្រូវបានបញ្ជាបិទជាបណ្តោះអាសន្នក្រោយមានការរីករាលដាលខ្លាំង៕
 

Tag:
 វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com