ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ឧស្សាហ៍ញ៊ាំ ប៉ុន្តែតិចអត់ដឹង “ម្រះព្រៅ” ល្អអ្វីខ្លះចំពោះសុខភាព?
22, May 2021 , 6:59 am        
រូបភាព
ម្រះព្រៅសម្បូរនិងងាយរកបានណាស់នៅក្នុងប្រទេសកម្ពុជាយើង។ ម្រះព្រៅមិនត្រឹមតែជាគ្រឿងផ្សំបន្ថែមក្លិន និងរសជាតិនៃអាហារប៉ុណ្ណោះទេ ប៉ុន្តែជាប្រភេទនៃឱសថរុក្ខជាតិដ៏មានប្រសិទ្ធិភាពខ្ពស់ផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាពគួរឱ្យកត់សម្គាល់។ ទោះបីជាស្គាល់និងចូលចិត្តញ៊ាំប៉ុណ្ណាក៏ដោយ ក៏ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងពីអត្ថប្រយោជន៍ដ៏ប្រសើររបស់វាចំពោះសុខភាពឡើយ។ ដូច្នេះថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលគួរទទួលទានម្រះព្រៅ ៖

 
១. ល្អណាស់សម្រាប់អ្នកដែលមានបញ្ហាសម្ពាធឈាមទាបពេក
 
ម្រះព្រៅមានផ្ទុកសម្បូរទៅដោយជាតិម៉ាញ៉េស្យូម, វីតាមីន C, វីតាមីន B និងប៉ូតាស្យូមដែលជួយគ្រប់គ្រងសម្ពាធឈាមប្រក្រតីចំពោះអ្នកមានបញ្ហាសម្ពាធឈាមចុះទាប។ អ្នកអាចទំពារម្រះព្រៅប៉ុន្មានស្លឹករាល់ព្រឹក ឬយកទៅឆុងជាតែលាយជាមួយទឹកឃ្មុំ ហើយទទួលទានរាល់ព្រឹកនៅពេលពោះទទេរជាការស្រេច។
 
២. ព្យាបាលអាការៈច្រាលទឹកអាស៊ីតក្រពះ
 
ម្រះព្រៅ គឺជាឱសថបែបធម្មជាតិដ៏ល្អសម្រាប់ព្យាបាលជំងឺច្រាលទឹកអាស៊ីតក្រពះ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទំពារស្លឹកម្រះព្រៅស្រស់ចំនួន ៥ ស្លឹក ជាការស្រេច។ អ្នកក៏អាចយកស្លឹកម្រះព្រៅទៅឆុងជាតែ រួចសឹមទទួលទានក៏បាន។
 
៣. ល្អសម្រាប់សុខភាពបេះដូង
 
នេះក៏ព្រោះតែម្រះព្រៅជាប្រភពដ៏ប្រសើរនៃសារធាតុ flavonoids ដែលមានប្រសិទ្ធភាពទប់ស្កាត់ជំងឺសសៃឈាមបេះដូងនិងគាំងបេះដូង។ ម្យ៉ាងវិញទៀតម្រះព្រៅក៏មានលក្ខណៈសម្បត្តិជួយបន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អ ប៉ុន្តែបង្កើនកម្រិតនៃកូឡេស្តេរ៉ូលល្អផងដែរ។
 
៤. ព្យាបាលអាការៈឈឺបំពង់ក
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែដាំស្លឹកម្រះព្រៅក្នុងទឹកធម្មតារហូតដល់ពុះ។ សឹមត្រងកាកចេញ ហើយទទួលទាន ឬប្រើប្រាស់សម្រាប់ខ្ពុរមាត់ខណៈពេលនៅក្ដៅឧណ្ហៗ។
 
៥. បំបាត់ស្ត្រេស
 
ម្រះព្រៅជាភ្នាក់ងារជួយទប់ទល់នឹងភាពតានតឹងក្នុងអារម្មណ៍គួរឱ្យកត់សម្គាល់។ រុក្ខជាតិឱសថនេះមានលក្ខណៈសម្បត្តិអាចប្រឆាំងការរលាកក្នុងរាងកាយនិងពង្រឹងប្រព័ន្ធភាពស៊ាំដែលជួយគ្រប់គ្រងកម្រិតនៃភាពស្ត្រេស។ ម្រះព្រៅក៏អាចគ្រប់គ្រងកម្រិតនៃអ័រម៉ូនស្ត្រេសក្នុងរាងកាយផងដែរ។
 
៦. ជួយប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក
 
ម្រះព្រៅមានផ្ទុកសារធាតុ eugenol ដែលមានលក្ខណៈសម្បត្តិប្រឆាំងជំងឺមហារីក ព្រមទាំងសារធាតុ phytochemicals ផ្សេងទៀតដែលសុទ្ធតែមានឥទ្ធិពលទប់ស្កាត់ជំងឺមហារីកជាច្រើនប្រភេទ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com