អន្តរជាតិ
របបសឹកមីយ៉ាន់ម៉ា លុបចោលអាយុចូលនិវត្តន៍របស់លោក មីន អ៊ុងឡាំង មេដឹកនាំយោធាមីយ៉ាន់ម៉ា លោកមីន អ៊ុងឡាំង។ រូបភាព៖ Reuters
× ក្រសួងការពារជាតិមីយ៉ាន់ម៉ា បានលុបចោលការកំណត់អាយុចូលនិវត្តន៍របស់អគ្គមេបញ្ជាការយោធា និងអគ្គមេបញ្ជាការរងយោធាមីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋប្រហារយោធាបានប៉ុន្មានថ្ងៃ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Irrawaddy នៅថ្ងៃទី២០ ខែឧសភា។
ច្បាប់មន្រ្តីការពារជាតិមីយ៉ាន់ម៉ាឆ្នាំ១៩៥៩ ដែលត្រូវបានធ្វើវិសោធនកម្មឆ្នាំ២០១៤ បានកំណត់អាយុចូលនិវត្តន៍អគ្គមេបញ្ជាការយោធានៅត្រឹម៦៥ឆ្នាំ។ លោក មីន អ៊ុងឡាំង មេដឹកនាំយោធាមីយ៉ាន់ម៉ា ត្រូវចូលនិវត្តន៍នៅខែមិថុនា ឆ្នាំ២០២១ ជាពេលដែលលោកមានអាយុ ៦៥ឆ្នាំ។ ប៉ុន្តែបន្ទាប់ពីរដ្ឋប្រហារយោធានៅដើមខែកុម្ភៈ របបសឹកមីយ៉ាន់ម៉ា បានលុបចោលការកំណត់អាយុបែបនេះ។
សេចក្តីបង្គាប់ចេញថ្ងៃទី៤ ខែកុម្ភៈ ដែលត្រូវបានចុះហត្ថលេខាដោយឧត្តមសេនីយ៍ឯក Myo Zaw Thein បានបញ្ចប់ការកំណត់អាយុរបស់អគ្គមេបញ្ជាការយោធា និងអគ្គមេបញ្ជាការរងយោធាមីយ៉ាន់ម៉ា។
សេចក្តីបង្គាប់នោះ ត្រូវបានចេញផ្សាយនៅក្នុងរដ្ឋកិច្ចយោធា នៅថ្ងៃទី៥ ខែមីនា។ យ៉ាងណាមិញ ការកំណត់អាយុចូលនិវត្តន៍ថ្មី មិនត្រូវបានកំណត់នៅក្នុងរដ្ឋកិច្ចឡើយ។ បានសេចក្តីថា លោក មីន អ៊ុងឡាំង អាចកាន់អំណាចរហូតទាល់តែមានគេទម្លាក់ ឬលោកចុះចេញពីតំណែងដោយខ្លួនឯង។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Irrawaddy។ អគ្គមេបញ្ជាការរងកងទ័ពមីយ៉ាន់ម៉ាបច្ចុប្បន្ន គឺឧត្តមសេនីយ៍ Soe Win ដែលជាមេដឹកនាំរងរបបយោធាផង។
នៅក្នុងឆ្នាំ ២០២០ កន្លងទៅ លោកមីន អ៊ុងឡាំង ធ្លាប់បានអះអាងថា លោកមិនកាន់តំណែងលើសពីអាយុចូលនិវត្តន៍ ៦៥ឆ្នាំឡើយ។
គួររំលឹកថា ក្រុមប្រឹក្សាការពារជាតិ នៅក្នុងឆ្នាំ១៩៧៣ បានចេញសេចក្តីបង្គាប់មួយ អនុញ្ញាតឱ្យមន្រ្តីយោធា អាចធ្វើការបានរហូត ប្រសិនបើយោធាត្រូវការ ប៉ុន្តែការអនុញ្ញាតនោះ ត្រូវបានធ្វើវិសោធនកម្មនៅក្នុងឆ្នាំ២០១៤ ដែលកំណត់អាយុចូលនិវត្តន៍របស់មន្រ្តីយោធាត្រឹម ៦៥ឆ្នាំជំនួសវិញ៕
© រក្សាសិទ្ធិដោយ thmeythmey.com