អន្តរជាតិ
បេក្ខជនឯករាជ្យ ឈរឈ្មោះកាន់តែតិចក្នុងការប្រជែងកៅអីសភាវៀតណាម
21, May 2021 , 8:59 pm        
រូបភាព
ដោយ ជា ពេជ្រដាឡែន
 
 
វៀតណាម នឹងរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកសភាអាណត្តិថ្មីនៅថ្ងៃទី២៣ ខែឧសភាខាង មុខ។ ចំនួនបេក្ខជនឯករាជ្យដែលចូលរួមប្រជែង ក៏ធ្លាក់ចុះផងដែរធៀបនឹងការបោះឆ្នោតអាណត្តិ មុនៗ ខណៈសភាវៀតណាមត្រូវបានមើលឃើញថា បង្កើនការត្រួតពិនិត្យគោលនយោបាយរបស់រដ្ឋាភិបាល។



បេក្ខជនចំនួន៨៦៨នាក់ ដាក់ឈ្មោះចូលរួមប្រជែងកៅអីសមាជិកសភាវៀតណាមចំនួន៥០០។ ៩២ភាគរយនៃបេក្ខជន ជាសមាជិកបក្សកុម្មុយនីស្តវៀតណាមកំពុងកាន់អំណាច ហើយ៧៤នាក់ជាបេក្ខជនឯករាជ្យ។ ចំនួននេះធ្លាក់ចុះ២៣នាក់ ធៀបនឹងការបោះឆ្នោតឆ្នាំ២០១៦ ដែលមានបេក្ខជនឯករាជ្យ៩៧នាក់។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកផ្សាយថា ចំនួនតំណាងរាស្ត្រដែលមិនមែនជាសមាជិក បក្សបានធ្លាក់ចុះពាក់កណ្តាលក្នុងការបោះឆ្នោតបីលើកចុងក្រោយ។
 
ចំពោះបេក្ខជនឯករាជ្យទាំងអស់ ត្រូវឆ្លងកាត់ការត្រួតពិនិត្យដោយប្រុងប្រយ័ត្នពីរណសិរ្សមាតុភូមិ វៀតណាមដែលចំណុះបក្សកុម្មុយនីស្តវៀតណាមផ្ទាល់។ បេក្ខជនសម្រាប់តំណែងសមាជិកសភា ភាគច្រើនជាសមាជិកការិយាល័យនយោបាយបក្សកុម្មុយនីស្ដវៀតណាម និងសមាជិកគណៈមជ្ឈិមទាំង១៨០នាក់ដែលរួមមានលោក ង្វៀន ភូជុង Nguyen Phu Trong ជាលេខាបក្សផង។
 
ដ្បិតត្រូវមើលឃើញថាជាសភាប្រថាប់ត្រាក្ដី សភាវៀតណាម ហាក់បង្កើនតួនាទីរបស់ខ្លួនខ្លាំងក្នុងការត្រួតពិនិត្យគោលនយោបាយរដ្ឋាភិបាល និងបញ្ហាសង្គមនានា។ អំឡុងពេលប៉ុន្មានឆ្នាំក្រោយនេះ សមាជិករដ្ឋសភាវៀតណាមដែលភាគច្រើនជាសមាជិកបក្សកុម្មុយនីស្ត បានដើរតួយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហា សង្គមផ្សេងៗ។ 
 
តួយ៉ាងនៅឆ្នាំ២០១៤ សភាវៀតណាមបោះឆ្នោតលុបចោលការហាមឃាត់អាពាហ៌ពិពាហ៌ភេទដូចគ្នា។ ស្ថាប័ននេះ ក៏បោះឆ្នោតវាយតម្លៃសកម្មភាពរបស់សមាជិកដែលមានឋានៈខ្ពស់របស់ខ្លួន ដោយមន្រ្តី ដែលមានពិន្ទុមិនល្អ ត្រូវបានផ្តល់ជម្រើសឱ្យលាលែងពីតំណែងទៀតផង បើទោះជាកន្លងមកមិនសូវមានមន្ត្រីលាលែងក្ដី។ 
 
បេក្ខជនឯករាជ្យម្នាក់ លោក Luong The Huy អាយុ ៣២ឆ្នាំ ដែលជាសកម្មជនសង្គមជំរុញឱ្យ មានការជជែកវែកញែកលើបណ្តាញសង្គមលើបញ្ហាអ្នកបេក្ខជនស្រឡាញ់ភេទដូចគ្នា ប្រាប់ ទីភ្នាក់ងារព័ត៌មាន Reuters ថា លោកសង្ឃឹមជាប់ឆ្នោតជាសមាជិកអង្គនីតិបញ្ញត្តិ ហើយលោក នឹងលើកយកបញ្ហាសិទ្ធិសេរីភាពរបស់ក្រុមនេះយកទៅពិភាក្សា។
 
កាលពីឆ្នាំ២០១៦ ប្រជាជនវៀតណាម៩៩ភាគរយនៃអ្នកមានឈ្មោះបោះឆ្នោត៦៧,៥លាននាក់ បានទៅបោះឆ្នោតជ្រើសរើសសមាជិកសភា៕
 
 
 
 

Tag:
 វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com