ជាតិ
សេដ្ឋកិច្ច
រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើសិង្ហបុរីឱ្យជួយសម្រួលការនាំចូលផលិតផលកសិកម្មពីកម្ពុជា
21, May 2021 , 10:29 pm        
រូបភាព
លោក ប៉ាន សូរស័ក្ត និងលោកស្រីTeo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា។ រូបថត៖ MoC
លោក ប៉ាន សូរស័ក្ត និងលោកស្រីTeo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា។ រូបថត៖ MoC
ភ្នំពេញ៖ លោក ប៉ាន សូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្នើដល់ប្រទេសសិង្ហបុរី តាមរយៈលោកស្រីTeo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា ឱ្យជួយសម្រួលការនាំចូលផលិតផលកសិកម្ម ពីប្រទេសកម្ពុជា។ ការស្នើសុំនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាអំពីការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ  កាលពីថ្ងៃទី ២០ឧសភា នៅទីស្តីការក្រសួង។

 
ផលិតផលកសិកម្មរបស់កម្ពុជាដែលមានសក្តានុពលក្នុងការនាំចេញទៅកាន់ទីផ្សារបរទេសនោះ រួមមាន ស្វាយ ចេក មៀនប៉ៃលិន ម្រេចកំពត ទុរេន ដូង ស្រកានាគ និងអង្ករ។ លោក ប៉ាន សូរស័ក្ត បានរៀបរាប់ដូច្នេះទៅកាន់អ្នកស្រី Teo Lay Cheng ដោយបញ្ជាក់ថា បច្ចុប្បន្នក្រសួងពាណិជ្ជកម្ម កំពុងជំរុញការបង្កើតអត្តសញ្ញាណផលិតផលជាតិមួយចំនួន ដូចជា៖ ផលិតផលសម្គាល់ភូមិសាស្ត្រ ម៉ាកសមូហភាព និងម៉ាកវិញ្ញាតកម្ម ដើម្បីផ្សព្វផ្សាយទៅពិភពលោកឱ្យបានស្គាល់ ចំពោះមុខដំណាំទាំងនោះ។ 
 
តាមរយៈការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ត បានស្នើសុំឱ្យភាគីសិង្ហបុរីជួយសម្របសម្រួលជាមួយក្រុមហ៊ុនរបស់សិង្ហបុរី ក្នុងការនាំចូលផលិតផលកសិកម្មពីកម្ពុជា ក៏ដូចជាការផ្គត់ផ្គង់ធុរកិច្ចរវាងកម្ពុជា និងសិង្ហបុរី ដើម្បីលើកកម្ពស់ការធ្វើពាណិជ្ជកម្មនៅក្នុងអាស៊ាន។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរូបនេះ មានប្រសាសន៍ថា៖«បរិយាកាសធុរកិច្ចនៅកម្ពុជាបាននិងកំពុងទាក់ទាញវិនិយោគិន ជាពិសេសតាមរយៈកិច្ចការពារកម្មសិទ្ធិបញ្ញា ដើម្បីជាការលើកទឹកចិត្តឱ្យមានការវិនិយោគនៅកម្ពុជា»។
 
របាយការណ៍ពីក្រសួងពាណិជ្ជកម្ម បានបង្ហាញថា  ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២១ ការផ្លាស់ប្តូរទំនិញកម្ពុជា ជាមួយតំបន់អាស៊ាន មានទំហំពាណិជ្ជកម្មសរុប៥,៥០៦,៥៩៨ដុល្លារ កើនជិត៩០ភាគរយ បើធៀបនឹងពេលដូចគ្នា ក្នុងឆ្នាំ២០២០។ ក្នុងនោះ ការនាំចេញរបស់កម្ពុជា មានក្នុងរង្វង់ជាង៣៦,៦ម៉ឺនដុល្លារ ខណៈការនាំចូលមានជិត៥,១៤លានដុល្លារ៕
 

Tag:
 ពាណិជ្ជកម្ម
  កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com