កីឡាជាតិ
ជាតិ
ពានរង្វាន់មិត្តហ្វូន៖ វិសាខា ជួបព្រះខ័នរាជស្វាយរៀង ឯភ្នំពេញក្រោន ប៉ះព្រៃវែង
22, May 2021 , 10:09 am        
រូបភាព
ដោយ៖ នី ណារិទ្ធ

នាសប្ដាហ៍នេះ នឹងមានការប្រកួត៥គូ ដែលត្រូវជួបគ្នា នៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ រដូវកាល២០២១។



ការប្រកួតសប្ដាហ៍ទី៣ នេះ នឹងមានការជួបគ្នារវាងក្រុមវិសាខា និងព្រះខ័នរាជស្វាយរៀង , សូលទីឡូអង្គរ ត្រូវជួប គីរីវង់សុខសែនជ័យ និងភ្នំពេញក្រោន ប៉ះក្រុមចំណូលថ្មី ខេត្តព្រៃវែង ។ គូប្រកួតទាំងនេះ នឹងត្រូវជួបគ្នា នៅថ្ងៃទី២២ ឧសភា។ ដោយឡែក២គូទៀត គឺក្រុមនគរបាលជាតិ ត្រូវជួបណាហ្គាវើលដ៍ ខណៈអង្គរថាយហ្គឺរ ប៉ះបឹងកេត នាថ្ងៃទី២៣ ឧសភា។
 
វិសាខា ដែលនឹងបើកទ្វាកីឡដ្ឋាន ព្រីនស៍ ចាំទទួលក្រុមខ្លាំង ព្រះខ័នរាជស្វាយរៀង នាសប្ដាហ៍ទី៣ នៅម៉ោង៣រសៀលនេះ មិនទាន់ស្គាល់ពាក្យថាឈ្នះឡើយ ក្រោយប្រកួតបានត្រឹមតែស្មើ២លើក មាន២ពិន្ទុ ខណៈព្រះខ័នរាជស្វាយរៀង វិញមិនដែលចាញ់សោះ ក្រោយឈ្នះទាំង៣ មាន៩ពិន្ទុ ។ 
 
ចំណែកភ្នំពេញក្រោន ដែលឈ្នះទាំង៣ប្រកួត ហើយកំពុងឈរលេខ៣ ត្រូវប៉ះក្រុមចំណូលថ្មី ខេត្តព្រៃវែង នាម៉ោង៦៖៣០នាទីល្ងាច។ ក្រុមខេត្តព្រៃវែង សម្បូរទៅដោយកីឡាករវ័យក្មេង ដែលកំពុងបង្ហាញទម្រង់លេងយ៉ាងល្អ ក្រោយយកឈ្នះក្រុមសូលទីឡូអង្គរ ដោយលទ្ធផល៦ទល់០ កាលពីសប្ដាហ៍មុន។
 
តាមរយៈលទ្ធផលប្រកួតកន្លងមក ក្រុ អង្គរថាយហ្គឺរ ដែលមិនទាន់ចាញ់នោះ ឈរនៅកំពូលតារា ដោយមាន១០ពិន្ទុក្នុងដៃ បន្ទាប់ពីប្រកួត៤លើក ឈ្នះ៣ និងស្មើ១ ។ ចំណែកក្រុមព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន មាន៩ពិន្ទុដូចគ្នា ៕
 
 

Tag:
 បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com