អន្តរជាតិ
លោក បៃឌិន ទទួលស្គាល់ថា ឱ្យកូរ៉េខាងជើងរំសាយនុយក្លេអ៊ែរ ជារឿងដ៏លំបាក
22, May 2021 , 5:19 pm        
រូបភាព
ប្រធានាធិបតីអាមេរិក ចូ បៃឌិន ទទួលស្គាល់ការលំបាកក្នុងការអូសទាញកូរ៉េខាងជើងឱ្យបោះបង់នុយក្លេអែរ តែអាមេរិកមានឆន្ទៈដើរលើផ្លូវការទូតដើម្បីដោះស្រាយបញ្ហា។ លោកនិយាយបែបនេះចំពោះមុខប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន នៅសេតវិមាននៅថ្ងៃទី២១ ខែឧសភា។ លោក បៃឌិន ក៏ប្រកាសពីតែងតាំងអតីតអគ្គរដ្ឋទូតអាមេរិកប្រចាំកូរ៉េខាងត្បូងជាប្រេសិតពិសេសម្រាប់កិច្ចការកូរ៉េខាងជើងផងដែរ។

 
ប្រធានាធិបតកូរ៉េខាងត្បូង មូន ចេអ៊ីន ជាមេដឹកនាំបរទេសពីរដែលជួបលោក ចូ បៃឌិន ដោយផ្ទាល់។ សំណុំរឿងកូរ៉េខាងជើង ជារបៀបវារៈសំខាន់មួយនាជំនួបទល់មុខនៅសេតវិមាន ដោយភាគីទាំងពីរបង្ហាញឆន្ទៈដោះស្រាយបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើងឱ្យបាន។ ប៉ុន្តែក្នុងសន្និសីទសារព័ត៌មានថ្ងៃទី២១ ខែឧសភា លោក បៃឌិន ទទួលស្គាល់ថា ការរំសាយនុយក្លេអ៊ែរកូរ៉េខាងជើងមិនមែនជារឿងងាយស្រួលឡើយ។ 
 
«យើងមិនមានការភាន់ច្រឡំអ្វីឡើយថា វាជារឿងលំបាក។ មិនមានទាល់តែសោះ។ រដ្ឋាភិបាលបួនហើយ មិនអាចសម្រេចបានគោលដៅនេះ។ វាជាគោលដៅដ៏លំបាកខ្លាំងមួយ។» លោក បៃឌិន និយាយបែបនេះទៅកាន់អ្នកសារព័ត៌មាន ខណៈលោក មូន ឈរស្ដាប់ក្បែរនោះ។ លោក បៃឌិន ក៏បញ្ជាក់ច្បាស់ថា ទាំងអាមេរិក ទាំងកូរ៉េខាងត្បូង មានឆន្ទៈជជែកជាមួយកូរ៉េខាងជើងដើម្បីបន្ថយភាពតានតឹង និងឈានទៅដល់គោលដៅលុបបំបាត់នុយក្លេអ៊ែរកូរ៉េខាងជើង។
 
ក្រោមអាណត្តិលោក ដូណាល់ ត្រាំ អាមេរិក និងកូរ៉េខាងជើងបានបោះជំហានគួរឱ្យកត់សម្គាល់ក្នុងការរំសាយនុយក្លេអ៊ែរ ដោយមេដឹកនាំប្រទេសទាំងពីរចេញសេចក្ដីថ្លែងការណ៍រួមនៅឆ្នាំ២០១៨ ទៀតផង។ ប៉ុន្តែក្រោយមក ការចរចាក៏រាំងស្ទះ នៅនឹងថ្កល់ទៅមុខមិនរួច ខណៈកូរ៉េខាងជើងចង់ឱ្យអាមេរិកធ្វើសម្បទានច្រើន។
 
ខណៈលោក ត្រាំ ជួបមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដល់ទៅបីដងនោះ លោក បៃឌិន ក៏មិនបិទទ្វារដែរ។ ចំពោះមុខប្រធានាធិបតីកូរ៉េខាងត្បូង លោក បៃឌិន និយាយថា លោកអាចជួបលោក គីម បាន តែលោក គីម ត្រូវបង្ហាញការប្ដេជ្ញាចិត្តមុតមាំលើការបោះបង់នុយក្លេអ៊ែរសិន ព្រោះលោកមិនចង់មានជំនួបដែលមិនបានផលអ្វីឡើយ។ ត្រង់នេះ មេដឹកនាំអាមេរិក ចង់ឃើញអាមេរិក និងកូរ៉េខាងជើងឯកភាពគ្នាឱ្យជាក់លាក់បំផុតជាមុន ទើបមានជំនួបមេដឹកនាំតាមក្រោយ។
 
នាសន្និសីទដដែល លោក បៃឌិន ក៏ប្រកាសពីការតែងតាំងលោក សុង គីម អតីតអគ្គរដ្ឋទូតអាមេរិកប្រចាំសេអ៊ូល ជាប្រេសិតសម្រាប់ទំនាក់ទំនងកូរ៉េខាងជើង។ លោក សុង ក៏ធ្លាប់ជាតំណាងចរចារបស់អាមេរិកក្នុងការយន្តការ៦ភាគីផងដែរ៕
 
 
 
 
 
 
 

Tag:
 អាមេរិក
  កូរ៉េខាងត្បូង
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com