ជាតិ
ផ្កាចាហួយ កំពុងរីកបំព្រងនៅតំបន់ព្រៃឈើនាស្រុកស្វាយលើ
23, May 2021 , 8:19 pm        
រូបភាព
សៀមរាប៖ រដូវវស្សាតូច បានចាប់ផ្តើមមានភ្លៀងធ្លាក់ជាបណ្ដើរៗ ក្នុងនោះខេត្តសៀមរាប ក៏ទទួលរបបទឹកភ្លៀងច្រើនមេផងដែរ។ ក្រោយស្វិតក្រៀមដោយសារកម្ដៅថ្ងៃនារដូវប្រាំង វាលស្មៅនៅតំបន់ព្រៃឈើសហគមន៍ នាស្រុកស្វាយលើ បានប្រែពណ៌បៃតងឡើងវិញ ហើយផ្កាចាហួយ ដែលជាផ្កាព្រៃ ក៏ចាប់ផ្តើមរីកស្រស់បំព្រងផងដែរ។

 
លោក អៀង ពិសិដ្ឋ អភិបាលស្រុកស្វាយលើ បានប្រាប់សារព័ត៌មានថ្មីៗថា ជាទូទៅឱ្យតែមានភ្លៀងធ្លាក់នាដើមរដូវវស្សា ផ្កាចាហួយចាប់ផ្តើមរីក និងបង្ហាញខ្លួនយ៉ាងច្រើននៅតំបន់ព្រៃឈើក្នុងស្រុកស្វាយលើ ដែលសម្បូរព្រៃឈើ និងជិតជួរភ្នំគូលេន។ លោកបន្ថែមថា ផ្កាចាហួយគឺជាការកម្សាន្តថ្មីមួយបែបទៀតសម្រាប់ភ្ញៀវទេសចរ។ តែដោយសារបញ្ហាជំងឺកូវីដ ធ្វើឱ្យទេសចរមិនអាចទៅទស្សនាផ្កាចាហួយច្រើននោះទេ។
 
តាមការរៀបរាប់របស់លោកអភិបាលស្រុកស្វាយលើ ផ្កាចាហួយ សម្បូរនៅតាមព្រៃសហគមន៍ជុំវិញស្រុកស្វាយលើ ហើយនៅទីនោះ មានការគ្រប់គ្រងយ៉ាងល្អ ពីបណ្ដាញសហគមន៍ព្រៃឈើ។ ក្នុងនោះរដ្ឋបាលស្រុកបានផ្សព្វផ្សាយ និងណែនាំឱ្យសហគមន៍ ចេះថែរក្សាធនធានព្រៃឈើ កុំឱ្យឆេះជាដើម ក្នុងន័យអភិរក្សប្រព័ន្ធជីវៈចម្រុះទាំងនោះ សម្រាប់ប្រយោជន៍ដល់សហគមន៍ក្នុងវិស័យទេសចរណ៍។
 
ក្នុងនាមរដ្ឋបាលស្រុក លោក អៀង ពិសិដ្ឋ ក៏ស្នើឱ្យទេសចរ ងាកមកកម្សាន្តបែបធម្មជាតិ ឱ្យបានច្រើន ដើម្បីគាំទ្រសហគមន៍នៅមូលដ្ឋាន ពិសេសអភិរក្សធនធានធម្មជាតិនៅតំបន់ទាំងនោះឱ្យគង់វង្សសម្រាប់អ្នកជំនាន់ក្រោយៗ៕
 
(រូបភាពផ្តល់ដោយ រូបភាពផ្តល់ លោក យូ វង្ស ពលរដ្ឋរស់ខេត្តនៅសៀមរាប)
 






 

Tag:
 ផ្កាចាហួយ
 ស្រុកស្វាយលើ
© រក្សាសិទ្ធិដោយ thmeythmey.com