ជាតិ
អាជ្ញាធរខេត្តក្រចេះ លែងកន្ធាយក្បាលកង្កែប១០០ក្បាល ក្នុងទិវាអណ្ដើកពិភពលោក
23, May 2021 , 11:39 pm        
រូបភាព
ការប្រលែង កូនកន្ធាយក្បាលកង្កែប ១០០ក្បាល ទៅក្នុងជម្រកធម្មជាតិតាមដងទន្លេមេគង្គ ក្នុងស្រុកសំបូរ ខេត្តក្រចេះ នាទិវាអណ្ដើកពិភពលោក ថ្ងៃទី២៣ឧសភា ឆ្នាំ២០២១។ រូបភាពពី ទំព័រហ្វេសប៊ុក WCS Cambodia។
ការប្រលែង កូនកន្ធាយក្បាលកង្កែប ១០០ក្បាល ទៅក្នុងជម្រកធម្មជាតិតាមដងទន្លេមេគង្គ ក្នុងស្រុកសំបូរ ខេត្តក្រចេះ នាទិវាអណ្ដើកពិភពលោក ថ្ងៃទី២៣ឧសភា ឆ្នាំ២០២១។ រូបភាពពី ទំព័រហ្វេសប៊ុក WCS Cambodia។
ដោយ៖ ស៊ុល រ៉វី

ភ្នំពេញ៖ នាទិវាអណ្ដើកពិភពលោក ថ្ងៃទី២៣ឧសភា ឆ្នាំ២០២១ អជ្ញាធរខេត្តក្រចេះ បានលែងកូនកន្ធាយក្បាលកង្កែបចំនួន ១០០ក្បាល ចូលក្នុងជម្រកធម្មជាតិដងទន្លេមេគង្គ ក្នុងស្រុកសំបូរ ខេត្តក្រចេះ។ ការប្រលែងកូនកន្ធាយនេះ ជាកិច្ចសហការរវាង អង្គការអភិរក្សសត្វព្រៃ (WCS), រដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ។



មិនមែនជាលើកដំបូងឡើយ ដែលអាជ្ញាធរ បានលែងប្រភេទកន្ធាយក្បាលកង្កែបនេះ ចូលទៅក្នុងជម្រកធម្មជាតិវិញ។ យោងតាម WCS Cambodia រាប់ចាប់ពីខែមករា ឆ្នាំ២០២១ ដល់ថ្ងៃទី២១ឧសភា ឆ្នាំ២០២១ កូនកន្ធាយ មានប្រមាណ១,០៨១ក្បាល ញាស់ចេញពីសម្បុក ៤៩សម្បុក ក្នុងចំណោម ៦៦សម្បុក។ កូនកន្ធាយចំនួន ៩៦៨ក្បាល ត្រូវបានលែងចូលទៅក្នុងជម្រកធម្មជាតិ និងចំនួនដែលនៅសល់ ត្រូវបានបន្តការមើលថែ និងត្រៀមលែងឆាប់ៗខាងមុខ។ 
 


កូនកន្ធាយក្បាលកង្កែប។ រូបភាពពី ទំព័រហ្វេសប៊ុក WCS Cambodia។

តាមការសន្និដ្ឋានរបស់អង្គការ WCS Cambodia ចំនួនសម្បុក និងពងកន្ធាយក្បាលកង្កែប ដែលបានរកឃើញក្នុងឆ្នាំ២០២១នេះ មានច្រើនជាងឆ្នាំមុន។ ក្រុមសហគមន៍ការពារសម្បុកមេគង្គ រកឃើញសម្បុកកន្ធាយប្រភេទនេះចំនួន ៦៦សម្បុក ស្មើនឹង ២,៥២៨ពង នារដូវពងកូនឆ្នាំ២០២១ ខណៈឆ្នាំ២០២០ រកឃើញតែ ៤៩សម្បុក ស្មើនឹង ១,៧៥៦ពង ប៉ុណ្ណោះ។ 
 
សូមជម្រាបថា កន្ធាយក្បាលកង្កែប ឬល្មិច (Pelochelys cantorii)  ជាប្រភេទសត្វ ស្ថិតក្នុងបញ្ជីក្រហមរបស់ អង្គការ IUCN និងជាប្រភេទសត្វដែលជិតផុតពូជលើពិភពលោក និងរងការគម្រាមគំហែងជាសកល៕
 
 
 

Tag:
 រដ្ឋបាលជលផល
  WCS Cambodia
  កន្ធាយក្បាលកង្កែប
  ទិវាអណ្ដើកពិភពលោក
© រក្សាសិទ្ធិដោយ thmeythmey.com