ជាតិ
បច្ចេកទេសដាំម្នាស់ងាយៗ ហើយបានទិន្នផលល្អ
24, May 2021 , 7:59 am        
រូបភាព
ដោយ:
ម្នាស់ ជាផ្លែឈើ ដែលគេអាចយកធ្វើជាម្ហូប និងទទួលទានទាំងឆៅបាន។ ម្នាស់ ជាប្រភេទដំណាំដែលស្រួលដាំ លើដីគ្រប់ប្រភេទ និងងាយថែទាំ។ ផ្លែឈើនេះ មានតម្រូវការច្រើននៅលើទីផ្សារ។ ពលរដ្ឋនៅតាមជនបទមួយចំនួន ចូលចិត្តដាំនៅតាមរបងផ្ទះ។ ដ្បិតតែម្នាស់ងាយដាំ ប៉ុន្តែដំណាំនេះ ទាមទារបច្ចេកទេសខ្លះ ដើម្បីទទួលបានទិន្នផលល្អ។

 
ថ្ងៃនេះសារព័ត៌មានThmeyThmey25 សូមលើកយកបច្ចេកទេសដាំម្នាស់ ដែលដកស្រង់ពីឯកសារបច្ចេកទេសដាំដុះ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដល់បងប្អូនដែលមានបំណងដាំដុះម្នាស់។ ដើម្បីអាចដាំម្នាស់បានទទួលទិន្នផលល្អ កសិករត្រូវគិតលើបច្ចេកទេសមួយចំនួន។
 
ការរៀបចំរង និងការដាំ៖ មុនពេលដាំម្នាស់ កសិករត្រូវភ្ជួរដីឲ្យស្អាតទុកចោល រយៈពេល១សប្ដាហ៍សិន។ កសិករ ត្រូវភ្ជួរឆូតជារងបណ្ដោយ ២០ម៉ែត្រ និងចន្លោះចង្អូរប្រមាណ ១ម៉ែត្រ ដើម្បីដាក់ជីលាមកគោតាមចង្អូរ រួចលប់ដីពីលើ។ កូនម្នាស់ អាចដាំចន្លោះគុម្ពពី ៣ ទៅ ៤តឹក និងចន្លោះរង ៦ ទៅ ៨តឹក ហើយត្រូវកប់កូនម្នាស់ប្រវែង១តឹក។
 
ការថែទាំ៖ រយៈពេល១ខែក្រោយពេលដាំ ម្ចាស់ចម្ការ ត្រូវឧស្សាហ៍ធ្វើស្មៅ និងពូនគល់ ដើម្បីឲ្យម្នាស់លូតលាស់បានល្អ។ ការដាក់ជីលាមក និងជីបំប៉ន ត្រូវធ្វើទៅតាមដំណាក់កាលរបស់ដំណាំម្នាស់។ កសិករ ចៀសវាងការប្រើប្រាស់ជីគីមី ដែលអាចប្រើទឹកនោមគោ ត្រាំជាមួយលាមកសត្វ និងដើមកន្ត្រាំងខែត្រ ដើម្បីស្រោចគល់ម្នាស់ជំនួសជីអ៊ុយរ៉េ។ 
 
ចំពោះការផ្ដល់ទឹកវិញ ម្នាស់មិនចាំបាច់ផ្ដល់ទឹកញឹកញាប់នោះទេ។ គេអាចស្រោច១ខែម្ដងនៅរដូវប្រាំង។ ដើម្បីឲ្យម្នាស់លូតលាស់ល្អ និងមានផ្លែធំ កសិករត្រូវកាត់ខ្នែងម្នាស់ និងត្រូវទុកតែដើមមេមួយប៉ុណ្ណោះ។
 
ជាទូទៅរយៈពេល ៦ខែទៅ ៧ខែ ម្នាស់នឹងចាប់ផ្ដើមចេញផ្លែ ហើយរយៈពេល ៩ខែទៅ ១០ខែ ម្នាស់នឹងចាប់ផ្ដើមទុំ ដែលអាចឲ្យកសិករប្រមូលផលបាន៕
 
 
 
 
 

Tag:
 ម្នាស់
  បច្ចេកទេសកសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com