កីឡាអន្តរជាតិ
អន្តរជាតិ
Liverpool និង Chelsea បានកៅអី Champions League ឯ Leicester ខកចិត្ត
24, May 2021 , 9:19 am        
រូបភាព
Liverpool និង Chelsea ទទួលបានកៅអីលេង UEFA Champions League រដូវកាលក្រោយ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញនៅជំនួនបិទរដូវកាលក្របខណ្ឌ Premier League នៅយប់ថ្ងៃទី២៣ ខែឧសភា។ Leicester City ខកចិត្តក្នុងការប្រជែងគ្នានេះ ដោយសល់កៅអីលេង Europa League ជាមួយ West Ham United ខណៈ Tottenham Hotspur បានសិទ្ធិលេងជម្រុះសម្រាប់ក្របខណ្ឌទី២អឺរ៉ុប។


 
ជំនួប១០គូដើម្បីបិទរដូវកាល ២០២០-២១ ដ៏តានតឹង Liverpool បានយកឈ្នះ Crystal Palace ២-០ ដែលសម្រេចទីបានដោយ Sadio Mane ទាំងពីរគ្រាប់។ ជ័យជម្នះនេះ បានជួយក្រុមលោក Juergen Klopp បញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣ ក្នុងតារាងលីគកំពូលអង់គ្លេស និងបានសិទ្ធិលេង Champions League ផងដែរ។
 
Chelsea បើទោះជាពួកគេចាញ់ Aston Villa ២-១ ក៏ពួកគេនៅតែទទួលបានកៅអីអឺរ៉ុបរដូវកាលក្រោយដែរ ដ្បិតគូប្រជែង Leicester ក៏បរាជ័យក្រោមថ្វីជើង Tottenham Hotspur ដែលសុទ្ធសឹងត្រូវការជ័យជម្នះដូចគ្នាក្នុងលទ្ធផល ៤-២។ តោខៀវបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៤ ឯ កញ្ជ្រោងបានលេខ៥ ត្រូវលេងនៅ Europa League វិញ។ West Ham United ដែលឈ្នះ Southampton ៣-០ បានកៅអីស្វ័យប្រវត្តិសម្រាប់ក្របខណ្ឌទី២អឺរ៉ុប។
  


ចំណែក Spurs ដែលរកបាន៣ពិន្ទុបន្ថែមក្នុងជំនួបដ៏សំខាន់នេះ បានជួយពួកគទទួលបានកៅអីវគ្គជម្រុះ Europa League ផងដែរ ដោយរកបាន៦២ពិន្ទុ ស្ថិតនៅចំណាត់ថ្នាក់ទី៧ លើសគូប្រជែង Arsenal តែ១ពិន្ទុប៉ុណ្ណោះ។ Arsenal ដែលបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៨ ស្ទើតែបានឱកាស play-off ក្របខណ្ឌ Europa League ទៅហើយ ប្រសិនបើ Spurs បរាជ័យ។
 
Manchester City ដែលបានក្លាយជាជើងឯក Premier League តាំងពីប៉ុន្មានសប្តាហ៍មុន បានលើកពានរង្វាន់របស់ពួកគេនៅកីឡដ្ឋាន Etihad បន្ទាប់ពីយកឈ្នះ Everton នៅជំនួបចុងក្រោយក្នុងលទ្ធផលដល់ទៅ ៥-០។ Sergio Aguero ដែលត្រូវចាកចេញពីក្រុមចាប់ពីរដូវកាលក្រោយរកបាន២គ្រាប់ម្នាក់ឯង ខណៈ Kevin De Bruyne, Gabriel Jesus និង Phil Foden រកបានម្នាក់១គ្រាប់។


 
Harry kane ខ្សែប្រយុទ្ធ Spurs ក្លាយជាម្ចាស់ស្បែកជើងមាស (Golden Shoes) ក្រោយស៊ុតបញ្ចូលទីច្រើនជាងគេដល់ទៅ២៣គ្រាប់ នាំមុខ Mohamed Salah របស់ Liverpool តែមួយគ្រាប់គត់។ Bruno Fernandes ខ្សែបម្រើ Man Utd ស្ថិតនៅចំណាត់ថ្នាក់ទី៣ក្នុងនាមអ្នករកគ្រាប់ច្រើនជាងគេប្រចាំរដូវកាល ២០២០-២១ ក្នុងចំនួន ១៨គ្រាប់ ខណៈ Son Heung-Min និង Patrick Bamford នៅលេខរៀងបន្តបន្ទាប់ដោយរកបាន១៧គ្រាប់ដូចគ្នា។
 
Kane ខ្សែប្រយុទ្ធឆ្នើមនិងជាប្រធានក្រុមជម្រើសជាតិអង់គ្លេស ក៏ជាអ្នកបញ្ចូនបាល់ឱដៃគូសម្រេចទី (Assists) ច្រើនជាងគេផងដែរចំនួន១៤លើក តាមពីក្រោយដោយ Bruno Fernandes និង Kevin De Bruyne ចំនួន១២លើកដូចគ្នា។
 
ដោយឡែក Ederson Moraes មិនត្រឹមជួយមេឃខៀវឈ្នះជើងឯកលីគ ហើយថែមទាំងក្លាយជាអ្នកចាំទីល្អបំផុតប្រចាំរដូវកាល Golden Glove ទៀតផង។ អ្នកចាំទីសញ្ចាតិប្រេស៊ីលរូបនេះរារាំងមិនឱ្យមានការសម្រេចទី (clean sheets) ចំនួន ១៩លើក ដោយនាំមុខ Edouard Mendy អ្នកចាតំទី Chelsea ដែលធ្វើបាន១៦ដង៕


 

Tag:
 Champions League
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com