កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ កីឡាករព្រៃវែង៤នាក់ស្ថិតក្នុងជម្រើស២៤នាក់របស់លោក Ryu Hirose
24, May 2021 , 11:17 am        
រូបភាព
ពីឆ្វេងទៅស្តាំ  វុធ តុលា ឡេង ណូរ៉ា ស រតនា និង ញឹម លីហួរ នៃក្លិបព្រៃវែង
ពីឆ្វេងទៅស្តាំ វុធ តុលា ឡេង ណូរ៉ា ស រតនា និង ញឹម លីហួរ នៃក្លិបព្រៃវែង
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នាថ្ងៃទី២៤ ខែឧសភា នេះ បានបញ្ចេញបញ្ជីឈ្មោះកីឡាករ២៤រូបសម្រាប់ការប្រកួត FIFA World Cup Qatar 2022 វគ្គជម្រុះជុំទី២ពូល C។ កីឡាករខេត្តព្រៃវែងដែលក្លិបចំណូលថ្មីនៅក្របខណ្ឌខេមបូឌានលីគចំនួន៤នាក់ ស្ថិតក្នុងបញ្ជីរបស់គ្រូបង្វឹក Ryu Hirose។



វុធ តុលា ម្ចាស់ស្បែកជើងមាសពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០២០, ឡេង ណូរ៉ា, ស រតនា និងញឹម លីហួរ របស់ខេត្តព្រៃវែង មានវត្តមាននៅក្នុងបញ្ជីក្រុមជម្រើសជាតិឈុតធំលើកដំបូង។ អ្នកចាំទី អ៊ុំ វិចិត្រ នៃក្លិបភ្នំពេញក្រោន និងខ្សែការពារ អ៊ុក សុវណ្ណ នៃក្លិបវិសាខា បង្ហាញខ្លួនសារជាថ្មី។
 
ខ្សែប្រយុទ្ធបឹងកេត ម៉ាត់ ណូរុន កីឡាករឆ្នើមជាងគេប្រចាំរដូវកាលនៃក្របខណ្ឌកំពូលឆ្នាំ២០២០ រួមជាមួយនឹងខ្សែប្រយុទ្ធភ្នំពេញក្រោន លឹម ពិសុទ្ធ ក៏មានឈ្មោះក្នុងបញ្ជីជាលើកដំបូងផងដែរ។
 
បើប្រៀបធៀបទៅនឹងបញ្ជីចុងក្រោយក្រោមការដឹកនាំរបស់លោក Felix Dalmas ដែលកម្ពុជាចាញ់ហុងកុង ២-០ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ កីឡាករចំនួន៧រូប ត្រូវបានដកចេញពីបញ្ជីក្នុងនោះ មាន ស៊ូ យ៉ាទី, យ៉ើ សាហ្វី, រ៉ឹង ប៊ុនហៀង, ស៊ិន កក្កដា, លី វាហេទ, កាន់ ពិសាល និង យ៉ើ មូស្លីម។


 លោក Ryu Hirose គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា

កីឡាករដែលរក្សាឈ្មោះក្នុងបញ្ជីមានដូចជា គួច សុគម្ភៈ, គួច ដានី, សុះ ស៊ូហាណា (ណាហ្គាវើលដ៍), ប៊ីន ចន្ថាធារី, ឆេង ម៉េង, កែវ សុខផេង, កែន ច័ន្ទសុភ័ក្ត្រ, កែវ សុខសិលា (វិសាខា), ហ៊ុល គឹមហ៊ុយ, សេត រ៉ស៊ីប, សៀង ចន្ធា, ទេស សម្បត្តិ (បឹងកេត), សឿយ វិសាល, ប្រាក់ មុនីឧត្តម, សារ៉េត គ្រីយ៉ា (ព្រះខ័នរាជស្វាយរៀង) និង អ៊ន ចាន់ប៉ូលីន របស់ភ្នំពេញក្រោន។
 
៣ប្រកួតចុងក្រោយរបស់កម្ពុជា នឹងចាប់ផ្ដើមពីថ្ងៃទី៣-១១ ខែមិថុនា ឆ្នាំ២០២១ នៃវគ្គជម្រុះពានរង្វាន់ FIFA World Cup Qatar ២០២២។ កម្ពុជា ដែលស្ថិតនៅពូលC ត្រូវប្រកួតជាមួយ បារ៉ែន នៅថ្ងៃទី៣ មិថុនា មុននឹងជួបអ៊ីរ៉ាក់ នៅថ្ងៃទី០៧ មិថុនា។ ប្រកួតចុងក្រោយ កម្ពុជា ត្រូវប៉ះអ៊ីរ៉ង នៅថ្ងៃទី១១ មិថុនា ។ ការប្រកួតទាំង៣លើកចុងក្រោយនេះ គឺយកទឹកដីបារ៉ែន ជាទឹកដីកណ្ដាលសម្រាប់ការប្រកួតនេះ។ ចំណែកពូលផ្សេងៗទៀត ក៏យកទឹកដីរួមមួយ សម្រាប់ការប្រកួតដែរ ដោយសារតែកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩។


 
ការប្រកួតវគ្គជម្រុះជើងទី១កន្លងមក កម្ពុជាបានចាញ់ក្រុមទាំងបីនេះ
ដោយក្នុងនោះចាញ់បារ៉ែន ១ទល់០, ចាញ់ អ៊ឺរ៉ាក់៤ ទល់០ និងចាញ់អ៊ឺរ៉ង់ធ្ងន់ធ្ងរបំផុត
ដោយលទ្ធផល១៤ -០ ។ ចំពោះការប្រកួតក្នុងនោះពូលC នេះ អ៊ីរ៉ាក់
ឈរលេខ១ ដោយមាន១១ពិន្ទុ ក្រោយឈ្នះ៣ និងស្មើ២ ខណៈបារ៉ែនឈរលេខ២ ក្រោយឈ្នះ២ និងស្នើ៣
មាន៩ពិន្ទុ។ ដោយឡែកអ៊ីរ៉ង់ ដែលទើបប្រកួត៤លើកនោះ ស្ថិតនៅលេខ៣ មាន៦ពិន្ទុ ក្រោយឈ្នះ២
និងស្មើ២ ស្របពេលហុងកុង មាន៥ពិន្ទុ បន្ទាប់ពីឈ្នះ១ ស្មើ២ និងចាញ់២។ កម្ពុជា
ស្ថិតនៅបាតតារាង ក្រោយប្រកួត៥លើក មានតែ១ប៉ុណ្ណោះ។
 
គ្រូបង្វឹកជប៉ុន លោក Ryu Hirose បានចូលជំនួសតំណែងគ្រូបង្វឹកអាហ្សង់ទីន លោក Felix Dalmas កាលពីខែមីនា កន្លងមក ។ លោក ភា សុភ័ក្ត្រា និងលោក អ៊ុក សុធី ក៏ត្រូវបានតែងតាំងជាគ្រូជំនួយផងដែរ។ ក្រុមការងាររបស់លោក Ryu Hirose មានលោក Keisuke Honda ជាអ្នកចាត់ការទូទៅ ដែលពេលខ្លះ ដឹកនាំបង្វឹកដោយផ្ទាល់ផងដែរ៕
 
 
 

Tag:
 ជម្រើសជាតិកម្ពុជា
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com