ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
ក្រោយកូវីដ-១៩ តើវិស័យទេសចរណ៍ប្រឈមកង្វះទុនវិនិយោគ និងខ្វះធនធានមនុស្សឬទេ?
24, May 2021 , 12:29 pm        
រូបភាព
ទេសចរនៅ​ប្រាសាទអង្គរវត្ត កាលពីឆ្នាំ​២០១៩ មុន​ការ​វាយលុកកូវីដ១៩។ រូបថត AFP
ទេសចរនៅ​ប្រាសាទអង្គរវត្ត កាលពីឆ្នាំ​២០១៩ មុន​ការ​វាយលុកកូវីដ១៩។ រូបថត AFP
ភ្នំពេញ៖ វិស័យទេសចរណ៍ មិនថា តែនៅក្នុងប្រទេសកម្ពុជា គឺជាវិស័យមួយដែលរងផលបះពាល់ផ្ទាល់ និងខ្លាំងបំផុតពីមេរោគកូវីដ-១៩។ វិស័យដទៃទៀត រងផលបះពាល់ដែរ តែដោយប្រយោល។ សមាគមទីភ្នាក់ងារទេសចរណ៍ម្ពុជា បានបញ្ជាក់ថា គិតត្រឹមពេលនេះ កូវីដបានជំរុញឲ្យអាជីវកម្មក្នុងវិស័យទេសចរណ៍ប្រមាណជា៣៤០០ ផ្អាក និងបិទទ្វារបណ្តោះអាសន្ន។



បុគ្គលិកប្រមាណជា៦ម៉ឺននាក់គ្មានការងារធ្វើ និងមួយចំនួនទៀតកំពុងធ្វើការនៅក្នុងវិស័យផ្សេងៗ។ ចុះក្រោយកូវីដ-១៩,  តើវិស័យទេសចរណ៍ប្រឈមកង្វះទុនវិនិយោគ និងខ្វះធនធានមនុស្សឬទេ? 
 
ក្នុងខណៈពេលដែលមេរោគកូវីដ-១៩ នៅតែបន្តរាតត្បាតទីផ្សារវិស័យនេះ ម្ចាស់អាជីវកម្ម និងបុគ្គលិកក្នុងវិស័យទេសចរណ៍នៃប្រទេសកម្ពុជាមួយចំនួនបានចាកចេញពីជំនាញរបស់ខ្លួន រួចហើយស្វែងរកការងារធ្វើនៅក្នុងវិស័យផ្សេងៗដើម្បីរកប្រាក់ចំណូលចិញ្ចឹមក្រពះ។ 
 
សមាគមទីភ្នាក់ងារទេសចរណ៍ម្ពុជា បានបញ្ជាក់ថា គិតត្រឹមពេលបច្ចុប្បន្ននេះ កូវីដបានជំរុញអាជីវកម្មក្នុងវិស័យទេសចរណ៍ប្រមាណជា៣៤០០ ឲ្យផ្អាក ឬបិទទ្វារបណ្តោះអាសន្ន។ បុគ្គលិកប្រមាណជា៦ម៉ឺននាក់គ្មានការងារធ្វើ និងមួយចំនួនទៀតកំពុងធ្វើការនៅក្នុងវិស័យផ្សេងៗ។ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានបញ្ជាក់ប្រាប់កម្មវិធី«អាជីវកម្មជំនាន់ថ្មីៗ»នៃសារព័ត៌មានថ្មីៗថា ក្រោយពីបាត់បង់ការងារនៅក្នុងវិស័យទេសចរណ៍ អ្នកខ្លះទៅធ្វើការនៅក្នុងវិស័យកសិកម្ម (ចិញ្ចឹមមាន់ទា ធ្វើចម្ការ), អ្នកខ្លះលក់ការហ្វេ, អ្នកខ្លះលក់អនឡាញ ឬបម្រើការក្នុងសេវាកម្មដឹកជញ្ជូន, អ្នកខ្លះ លក់បន្លែផ្លែឈើ, លក់ដីឡូតិ៍, ធ្វើការនៅក្នុងវិស័យធានារ៉ាប់រង ឬធ្វើជាគ្រូទាយក៏មានដែរ។ ផ្លាស់ប្តូរអាជីពក្នុងបរិបទកូវីដដូច្នេះ មិនមែនជារឿងងាយស្រួលឡើយសម្រាប់បុគ្គលិកវិស័យទេសចរណ៍។ ប៉ុន្តែ បុគ្គលិកជំនាញក្នុងវិស័យទេសចរណ៍ត្រូវតែរៀនសូត្រ,បត់បែនទៅតាមស្ថានការណ៍ជាក់ស្តែងដោយរង់ចាំថ្ងៃល្អត្រឡប់មកវិញ។ «អ្នកខ្លះចាកចេញហើយត្រឡប់មកវិញ។ តែអ្នកខ្លះទៀត ទ្រាំ ព្រោះក្រពះស្រេកឃ្លានរាល់ថ្ងៃ។ ពួកគេត្រូវការចំណូល។ ពួកគេចាកចេញតែកាយ តែបេះដូងស្ថិតនៅជាមួយវិស័យទេសចរណ៍...»។ នេះ គឺជាការកត់សម្គាល់របស់លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាដោយលោកស្រីបញ្ជាក់បន្ថែមទៀតថា ជារួម ទាំងម្ចាស់អាជីវកម្ម និងបុគ្គលិកនៃវិស័យទេសចរណ៍នឹងត្រឡប់មកធ្វើការនៅក្នុងវិស័យទេសចរណ៍វិញ នៅពេលណាដែលវិស័យនេះប្រសើរឡើងវិញ។ តែបុគ្គលិក ឬម្ចាស់អាជីវកម្មដែលទទួលបានការងារថ្មី ឬជាប់ដៃក្នុងជំនួញថ្មី អាចត្រឡប់មកវិញនៅក្នុងចំនួនតិច។ 
 
បើយោងតាម លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា, ទោះបីជាមេរោគកូវីដនៅបន្តវាយលុកយ៉ាងណាក្តី តែម្ចាស់ជំនួញ ឬថ្នាក់ដឹកនាំក្នុងវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជាប្រមាណជា៦០ភាគរយនៅបន្តស្ថិតនៅក្នុងវិស័យទេសចរណ៍ដដែលដោយរង់ចាំស្ថានភាពទេសចរណ៍ប្រសើរឡើងវិញ ផ្ទុយពីបុគ្គលិកជំនាញទេសចរណ៍៨០ភាគរយដែលបានចាកចេញពីវិស័យនេះដោយសារហេតុផលហិរញ្ញវត្ថុគ្រួសារ។ 
 
មុនពេលនៃការរាតត្បាតពីមេរោគកូវីដ ក្រសួងទេសចរណ៍ធ្លាប់បានប្រកាសថា ប្រទេសកម្ពុជា កាលពីឆ្នាំ២០១៩ ទទួលភ្ញៀវទេសចរអន្តរជាតិបានចំនួន៦,៦លាននាក់ និងទទួលបានប្រាក់ចំណូលពីវិស័យឧស្សហកម្មគ្មានផ្សែងមួយនេះប្រមាណជា៥ពាន់លានដុល្លារ។ វិស័យទសចរណ៍ គឺជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា។ 
 
អ្នកជំនាញក្នុងវិស័យទេសចរណ៍ កំពុងចោទជាសំណួរថា បើវិស័យនេះនឹងងើបឡើងវិញចាប់ពីឆ្នាំ២០២២ តែកម្ពុជាបែរជាខ្វះធនធានមនុស្សបម្រើការងារ និងខ្វះអ្នកវិនិយោគនៅក្នុងវិស័យនេះទៅវិញព្រោះតែពួកគេជាប់រវល់ក្នុងវិស័យផ្សេងៗ តើកម្ពុជាអាចនឹងអភិវឌ្ឍវិស័យនេះឲ្យស្របទៅតាមគម្រោងរបស់ខ្លួនបានដែរឬទេ? 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com