ជាតិ
រថយន្ត
លោក សឿន ស៊ីនិត ច្នៃសំបកកង់ឡានជាយានតាំងលម្អ ដើម្បីចូលរួមការពារបរិស្ថាន
24, May 2021 , 7:39 pm        
រូបភាព
រូបលោក សឿន ស៊ីនិត ម្ចាស់សិប្បកម្មកែច្នៃកង់ឡាន។ រូបភាពពី លោក សឿន ស៊ីនិត។
រូបលោក សឿន ស៊ីនិត ម្ចាស់សិប្បកម្មកែច្នៃកង់ឡាន។ រូបភាពពី លោក សឿន ស៊ីនិត។
ដោយ៖ ស៊ុល រ៉វី
ភ្នំពេញ៖ លោក សឿន ស៊ីនិត ជាម្ចាស់អាជីវកម្មកែច្នៃសំបកកង់ឡានចាស់ៗ ទៅជាយានសម្រាប់តាំងលម្អដូចជា ឡាន រថក្រោះ ម៉ូតូ ត្រាក់ទ័រជាដើម។ បច្ចុប្បន្នអាជីវកម្មរបស់លោកត្រូវបានផ្អាកជាបណ្ដោះអាសន្ន ដោយសារគ្មានភ្ញៀវបញ្ជាទិញ ដែលបណ្ដាលមកពីជំងឺរាតត្បាតកូវីដ-១៩។

 
ម្ចាស់សិប្បកម្មរូបនេះ បានលក់ផលិតផលរបស់ខ្លួន បានប្រមាណជា ១៥ ទៅ២០គ្រឿងរួចមកហើយក្នុងតម្លៃចាប់ពី ៤០ដុល្លារ ទៅ ២០០ដុល្លារមុនពេលកូវីដ-១៩រាតត្បាតខ្លាំង។ អាជីវកម្មដែលកំពុងទទួលបានការកម្ម៉ង់ទិញជាបន្តបន្ទាប់ ត្រូវបានភ្ញៀវលុបចោលវិញ ដោយសារព្រឹត្តិការណ៍ ២០កុម្ភៈ។ ការណ៍នេះ បានធ្វើឲ្យលោក ស៊ីនិត បង្ខំចិត្តផ្អាករបរនេះបណ្ដោះអាសន្ន ដើម្បីរង់ចាំស្ថានភាព នៃការឆ្លងជំងឺកូវីដ-១៩នេះ ធូរស្បើយវិញ។ ការផ្អាកអាជីវកម្មនេះ នាំឲ្យលោកខិតខំសិក្សាបន្ថែម ដើម្បីពង្រឹងគុណភាព ផលិតផលខ្លួន។ 
 
សិប្បករវ័យ ៣៤ឆ្នាំរូបនេះប្រាប់មូលហេតុនៃការចាប់ផ្ដើមអាជីវកម្មដូច្នេះថា៖ «រឿងស្វែងរកកម្រៃវាសំខាន់ហើយ។ អ្វីដែលសំខាន់មួយទៀត ខ្ញុំគិតឃើញថា យកមកច្នៃអ៊ីចឹង វាក៏ជួយបរិស្ថានដែរ។ ជួលកាល កង់ឡានចាស់ៗ បើក្រៅពីវៀតណាមទិញកែច្នៃ ក៏ត្រូវដុតចោល ដែលប៉ះពាល់បរិស្ថាន ខ្លះណាក៏ទុកចោល»។ 


  យាន ដែលច្នៃពីសំបកកង់ឡាន ជាស្នាដៃរបស់ លោក ស៊ីនិត។ រូបភាពពី លោក សឿន ស៊ីនិត។
 
សំបកកង់ឡានមួយផ្នែក ត្រូវយកទៅដុតបំផ្លាញចោល និងយកធ្វើជាធុងសំរាមជាដើម។ អ្នកស្រុកព្រះនេត្រព្រះរូបនេះ មានគំនិតច្នៃសំបកកង់ឡាន ទៅជាយានលម្អផ្សេងៗប្លែកៗនេះ។  ហត្ថកោសល្យរបស់លោក ច្នៃចេញជារូបរាងយានផ្សេងៗ ពីសំបកកង់ឡាន ដូចជាឡាន ម៉ូតូ រថក្រោះ ត្រាក់ទ័រជាដើម។ ស្នាដៃរបស់អ្នកភូមិគោកលុន ឃុំជប់វារីរូបនេះ បានកួចចិត្តម្ចាស់អាជីវកម្មមួយចំនួនបញ្ជារទិញ សម្រាប់ដាក់លម្អ។
 
បរនេះ លោក ស៊ីនិត ចេះមូលដ្ឋានគ្រឹះពី ឪពុករបស់លោក ដែលជាសិប្បករជើងចាស់មួយរូបក្នុងខេត្តបន្ទាយមានជ័យ។ ក្រៅពីក្រេបចំណេះពីឪពុក លោក ស៊ីនិត ក៏សម្ភីរៀនសូត្របន្ថែមពីបណ្ដាញសង្គមយូធូប (Youtube)  និងបន្តអភិវឌ្ឍជំនាញរបស់ខ្លួនរហូតចាប់ជាមុខរបរ។
 
បច្ចុប្បន្នក្រៅ ជាសិប្បករកែច្នៃសំបកកង់ឡាន លោក សឿន ស៊ីនិត ក៏ជាម្ចាស់អាជីវកម្ម សួនផ្កា និងផលិតផើងផ្កាមួយរូប ស្ថិតក្នុងភូមិគោកលុន ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ផងដែរ៕


 សិប្បកម្មផលិតផើងផ្កា និង សួនផ្ការបស់ លោក សឿន ស៊ីនិត។ រូបភាព ផ្ដល់ដោយលោក សឿន ស៊ីនិត។
 
 
 

Tag:
 ThmeyThmey25
  ច្នៃសំបកកង់ឡាន
  បន្ទាយមានជ័យ
  សឿន ស៊ីនិត
© រក្សាសិទ្ធិដោយ thmeythmey.com