កីឡាអន្តរជាតិ
អន្តរជាតិ
Verstappen ដណ្តើមកំពូលតារាង F1 ពី Hamilton ក្រោយឈ្នះការប្រណាំងនៅម៉ូណាកូ
24, May 2021 , 8:29 pm        
រូបភាព
ជ័យជម្នះក្នុងការប្រណាំងនៅកម្មវិធី Monaco Grand Prix ប្រទេសម៉ូណាកូ បានជួយ Max Verstappen ដែលបើកឱ្យក្រុម Red Bull ឡើងទៅឈរកំពូលតារាង Formula One ជំនួសម្ចាស់ការពារតំណែងជើងឯក Lewis Hamilton។ នេះក៏ការឈ្នះលើកទី២ ចំណោមការប្រណាំង៥លើករបស់ Verstappen រដូវកាលនេះ។




នាការប្រណាំងនៅទីលានទី៥ ក្នុងរដូវកាលឆ្នាំ ២០២១ នៅថ្ងៃទី២៣ ខែឧសភា កីឡាករ Verstappen បានសម្រេចទីមុនគេដោយប្រើថេរវេលា ១ម៉ោង ៣៨នាទី និង៥៦វិនាទី តាមពីក្រោយដោយ Carlos Sainz របស់ក្រុម Ferrari និង Lando Norris ដែលបើកឲ្យក្រុម McLaren-Mercedes។ Lewis Hamilton ដែលបើកឱ្យ Mercedes បញ្ចប់ក្នុងចំណាត់ថ្នាកទី៧។
 
ឆ្លងកាត់ការប្រណាំងព៥លើក កីឡាករហូឡង់ Verstappen ដែលរកបានជ័យជម្នះពីរលើក រកបាន១០៥ពិន្ទុ ឡើងទៅកាន់ចំណាត់ថ្នាក់ទី១ក្នុងតារាង F1 តាមពីក្រោយដោយម្ចាស់ជើងឯ៧សម័យកាលរបស់អង់គ្លេស Hamilton ដែលមាន១០១ពិន្ទុ។ Lando Norris ស្ថិតនៅចំណាត់ថ្នាក់ទី៣ រកបាន៥៦ពិន្ទុ។


 
ព្រឹត្តិការណ៍ប្រណាំងរថយន្តពិភពលោករដូវកាលឆ្នាំ២០២១នេះ ពិតជាទទួលការភ្ញាក់ផ្អើលពីសំណាក់អ្នកគាំទ្រវិស័យកីឡានេះ ដ្បិតគេជឿជាក់ថា Hamilton និង Verstappen ពិតជាបានបង្ហាញពីភាពលេចធ្លោក្នុងការប្រកួតប្រជែងគ្នានៅលើទីលានប្រណាំង F1 នៅ៥ប្រកួតដំបូងនេះ។

សម្រាប់ផ្នែកគ្រឿងម៉ាស៊ីនវិញក្រុម Red Bull ក៏បានដណ្តើមចំណាត់ថ្នាក់ទី១ពី Mercedes បណ្តោះអាសន្នផងដែរ ដោយលើសគ្នាតែ១ពិន្ទុប៉ុណ្ណោះ។ Red Bull ទទួលបាន១៤៩ពិន្ទុ ខណៈ Mercedes រកបាន១៤៨ពិន្ទុ។ ក្រុម McLaren-Mercedes ស្ថិតនៅចំណាត់ថ្នាក់ទី៣ មាន៨០ពិន្ទុ។ 
 
ជំនួបបន្ទាប់ ជាទីលានទី៦សម្រាប់រដូវកាលនេះ នឹងធ្វើឡើងនៅទឹកដីអាស៊ែបៃហ្សង់ ក្នុងកម្មវិធី Azerbaijan Grand Prix ដែលប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១៕
 
 
 

Tag:
 Formula One
  Max Verstappen
© រក្សាសិទ្ធិដោយ thmeythmey.com