ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
បើចង់ធ្វើជំនួញក្នុងវិស័យទេសចរណ៍ តើសហគ្រិនវ័យក្មេងគួរត្រៀមអ្វីខ្លះ?
25, May 2021 , 11:59 am        
រូបភាព
ភ្នំពេញ៖ គ្មាននរណាម្នាក់មិនចង់ក្លាយទៅជាម្ចាស់សហគ្រាស ឬក្លាយជាសហគ្រិនឡើយ ជាពិសេស សម្រាប់និស្សិតដែលទើបបញ្ចប់ការសិក្សាថ្នាក់ឧត្តមសិក្សា។ គំនិតចង់បង្កើតជំនួញ ឬការបង្កើតជំនួញមិនសូវជាលំបាកទេ។ តែការធ្វើឲ្យជំនួញដំណើរការទេតើដែលជារឿងឈឺក្បាលបំផុតនោះ។ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានផ្តល់ជាគំនិតជូនដល់អនាគតសហគ្រិនវ័យក្មេង ជាពិសេស ក្នុងវិស័យទេសចរណ៍ថា ពួកគេគួរមានចំណេះ និងបទពិសោធន៍ជាមុនសិន មុននឹងបោះទុនវិនិយោគ។

 

 
«យើងមិនអាចចេញពីមហាវិទ្យាល័យភ្លាម ហើយបើកអាជីវកម្មភ្លែតទេ។ អាហ្នឹងយើងអាចជោគជ័យតែមួយភ្លែត តែយើងអាចបរាជ័យទៅវិញ»។ នេះ គឺជាការលើកឡើងរបស់លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាឆ្លើយតបទៅកាន់សំណួររបស់អ្នកសារព័ត៌មានថ្មីៗក្នុងកម្មវិធី«អាជីវកម្មជំនាន់ថ្មីៗ»ស្តីពីភាពបទបែននៃជំនួញក្នុងវិស័យទេសចរណ៍ក្នុងបរិបទកូវីដ-១៩។ អ្នកសារព័ត៌មានថ្មីៗបានចោទជាសំណួរនៅចុងបញ្ចប់នៃបទសម្ភាសថា តើយុវជន ជាពិសេស គួរត្រៀមអ្វីខ្លះ ប្រសិនបើពួកគេមានបេះដូងចង់រកស៊ីក្នុងវិស័យទេសចរណ៍? 
 
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាដែលមានសមាជិកប្រមាណជា៣០០ទីភ្នាក់ងារទេសចរណ៍ បានពន្យល់ថា មុននឹងបើកជំនួញ(យុវជន ឬសហគ្រិនវ័យក្មេង) គួរសួរខ្លួនឯងថា តើពួកគេមានចំណេះជំនាញអ្វីខ្លះ? ធ្លាប់បានរៀនអ្វីខ្លះ? ធ្លាប់មានបទពិសោធន៍អ្វីខ្លះ? ត្រូវពិនិត្យមើលខ្លួនចូលចិត្តអ្វី? ចូលចិត្តវិស័យដីធ្លី? វិស័យទេសចរណ៍? ឧទាហរណ៍ថា ប្រសិនបើចូលចិត្តវិស័យទេសចរណ៍។ លោកស្រី ឆាយ ស៊ីវលីន ជំរុញឲ្យយុវជនគួរចំណាយពេលវេលាសិក្សា និងដកស្រង់បទពិសោធន៍ក្នុងវិស័យទេសចរណ៍ជាមុនសិន មុននឹងចាប់ផ្តើមបោះទុន។ «ប្រសិនបើចេះត្រឹមកក់សំបុត្រយន្តហោះ មិនអាចបើកអាជីវកម្មបានទេ…។ ក្រុមហ៊ុនទេសចរណ៍ទូលំទូលាយណាស់ មានសេវាកម្មច្រើន។ គួរចេះនាំភ្ញៀវបរទេសចូលក្នុងស្រុក និងនាំភ្ញៀវក្នុងស្រុកចេញទៅក្រៅវិញ»។ នេះ គឺជាការបញ្ជាក់បន្ថែមរបស់លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាដោយលោកស្រីបញ្ជាក់បន្ថែមទៀតថា ចំណេះដឹងបច្ចេកវិទ្យាព័ត៌មានក្នុងវិស័យទេសចរណ៍រឹតតែសំខាន់ខ្លាំងឡើងនាពេលបច្ចុប្បន្ននេះ។ 
 
សូមបញ្ជាក់ថា មុនពេលនៃការរាតត្បាតពីមេរោគកូវីដ ក្រសួងទេសចរណ៍ធ្លាប់បានប្រកាសថា ប្រទេសកម្ពុជា កាលពីឆ្នាំ២០១៩ ទទួលភ្ញៀវទេសចរអន្តរជាតិបានចំនួន៦,៦លាននាក់ និងទទួលបានប្រាក់ចំណូលពីវិស័យឧស្សហកម្មគ្មានផ្សែងមួយនេះប្រមាណជា៥ពាន់លានដុល្លារ។ តែចាប់ពីឆ្នាំ២០២០ មក វិស័យទេសចរណ៍កម្ពុជាស្ទើរតែគ្មានសកម្មភាព។ 
 
បើយោងតាមលោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាដដែល, ទោះបីជាមេរោគកូវីដនៅបន្តវាយលុកយ៉ាងណាក្តី តែម្ចាស់ជំនួញ ឬថ្នាក់ដឹកនាំក្នុងវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជាប្រមាណជា៦០ភាគរយនៅបន្តស្ថិតនៅក្នុងវិស័យទេសចរណ៍ដដែលដោយរង់ចាំស្ថានភាពទេសចរណ៍ប្រសើរឡើងវិញ ផ្ទុយពីបុគ្គលិកជំនាញទេសចរណ៍៨០ភាគរយដែលបានចាកចេញពីវិស័យនេះដោយសារហេតុផលហិរញ្ញវត្ថុគ្រួសារ៕  
 
 

© រក្សាសិទ្ធិដោយ thmeythmey.com