កីឡាអន្តរជាតិ
អន្តរជាតិ
UCL ផ្តាច់ព្រ័ត្រ៖ Pep ទុកចិត្តកូនក្រុម ដោយមិនខ្វល់ពីអាជ្ញាកណ្តាលដែលធ្លាប់ទាស់គ្នា
25, May 2021 , 12:59 pm        
រូបភាព
លោក Pep Guardiola អ្នកចាត់ការ Manchester City មិនខ្វល់សូម្បីបន្តិចអំពីការតែងតាំង លោក Antonio Mateu Lahoz ជាអាជ្ញាកណ្តាលកាត់សេចក្តីការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champion League។ Guardiola ដែលធ្លាប់មានជម្លោះជាសាធារណៈជាមួយអាជ្ញាកណ្តាលអេស្ប៉ាញរូបនេះកាលពី៣ឆ្នាំមុន បង្ហាញទំនុកចិត្តខ្ពស់លើសមត្ថភាពកូនក្រុមលោក។


Manchester City នឹងត្រូវជួបគ្នាជាមួយ Chalsea ដើម្បីប្រជែងគ្នាដណ្តើមពានកំពូលអឺរ៉ុបប្រចាំរដូវកាល ២០២០-២១ នៅកីឡដ្ឋាន Estadio do Dragao ប្រទេសព័រទុយហ្គាល់ វេលាម៉ោង ២:០០នាទីអាធ្រាត្រ យប់ថ្ងៃទី២៩ ខែឧសភា [ម៉ោងនៅកម្ពុជា]។
 
អាជ្ញាកណ្តាល Mateu Lahoz ដែលធ្លាប់មានបញ្ហាជាមួយ Guardiola ក្នុងការប្រកួត Champions League ដល់ទៅពីរលើក នៅឆ្នាំ២០១៧ និង២០១៨ នឹងត្រូវចូលខ្លួនទៅកាត់សេចក្តីក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រនៅឆ្នាំ២០២១នេះទៀត។ 
  


កាលនោះ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ មិនពេញចិត្តនឹងរបៀបកាត់ក្តីរបស់ Mateu Lahoz ដោយនិយាយទៅកាន់មន្ត្រីអាជ្ញាកណ្តាលសញ្ជាតិអេស្ប៉ាញជាសាធារណៈថា«ចូលចិត្តធ្វើអ្វីប្លែកៗ» និងចូលចិត្តធ្វើអ្វីផ្ទុយពីគេ។
 
យ៉ាងណាក៏ដោយ នៅមុនជំនួបជាមួយក្រុមលោក Thomas Tuchel លោក Guardiola បានប្រាប់អ្នកសារព័ត៌មានថាលោកមិនបានគិតអំពីវត្តមានរបស់លោក Lahoz ឡើយ។ ផ្ទុយទៅវិញអតីតអ្នកចាត់ការ Barcelona និង Bayern Munich រូបនេះ បានបង្ហាញពីសម្ថភាព និងភាពខ្លាំងរបស់កូនក្រុមខ្លួន។
 
 «ខ្ញុំមិនខ្វល់សូម្បីបន្តិច អំពីការតែងតាំង លោក Lahoz ជាអាជ្ញាកណ្តាល។ ខ្ញុំពិតជាមានទំនុកចិត្តលើក្រុមរបស់ខ្ញុំណាស់។ អ្នកមិននឹកស្មានថាខ្ញុំមានទំនុកចិត្តលើក្រុមរបស់ខ្ញុំ និងអ្វីដែលយើងត្រូវធ្វើនោះទេ»។ នេះជាការបញ្ជាក់របស់ Guardiola ដែលទើបជួយក្រុមមេឃខៀវលើកពាន Premier League រដូវកាលនេះ៕
 
 

Tag:
 Pep Guardiola
  Champion League
© រក្សាសិទ្ធិដោយ thmeythmey.com