អន្តរជាតិ
មេដឹកនាំចិននិងវៀតណាម ចាត់ទុកប្រទេសទាំងពីរជាបងប្អូន ទោះមានជម្លោះសមុទ្រចិនខាងត្បូង
25, May 2021 , 7:59 pm        
រូបភាព
ប្រធានាធិបតីវៀតណាម​ ង្វៀន សួនហ្វ៊ុក និងប្រធានាធិបតីចិន ស៊ី ជិនភីង។ រូបថត Xinhua
ប្រធានាធិបតីវៀតណាម​ ង្វៀន សួនហ្វ៊ុក និងប្រធានាធិបតីចិន ស៊ី ជិនភីង។ រូបថត Xinhua
ប្រធានាធិបតីចិន លោក ស៊ី ជិនភីង ជាមួយសមភាគីវៀតណាម លោក លោក ង្វៀន សួនហ្វ៊ុក នៅថ្ងៃទី២៤ ខែឧសភា បានចាត់ទុកប្រទេសទាំងពីរ ជាបងប្អូន និងជាប្រទេសជិតខាងដ៏ជិតស្និទ្ធ។ ក្នុងន័យនេះ មេដឹកនាំចិន និងវៀតណាម បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការ និងពាណិជ្ជកម្មទ្វេភាគីបន្ថែម ដើម្បីរឹតចំណងទំនាក់ទំនងទ្វេភាគី។

 
ទំនាក់ទំនងរវាងចិន និងវៀតណាម ហាក់រក្សាបានកាន់តែល្អ បើទោះប្រទេសជិតខាងទាំងពីរនេះ មានទំនាស់ជាមួយគ្នាលើសមុទ្រចិនខាងត្បូងក្តី។ នៅក្នុងកិច្ចសន្ទនាតាមទូរសព្ទ ប្រធានាធិបតីចិន លោកស៊ី ជិនភីង និងសមភាគីវៀតណាម លោក ង្វៀន សួនហ្វុ៊ក បានចាត់ទុកប្រទេសទាំងពីរ គឺជាបងប្អូន និងជាប្រទេសជិតខាងដ៏ល្អ។ 
 
បើតាមលោក ហ្វុ៊ក វៀតណាមបានប្តេជ្ញាជំរុញទំនាក់ទំនងរវាងប្រទេសជិតខាង និងបក្សកុម្មុយនីស្តទាំងពីរទៅកម្រិតមួយទៀត ដើម្បីស្ថិរភាពក្នុងតំបន់ និងវិបុលភាពសង្គម។
 
ជាមួយគ្នាដែរ ប្រធានាធិបតីចិន បានអំពាវនាវឱ្យប្រទេសទាំងពីរ បន្តពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ពន្លឿនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចសហប្រតិបត្តិការលើទម្រង់ធុរកិច្ចថ្មីៗ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិន Xinhua។ 
 
មិនតែប៉ុណ្ណោះ លោក ស៊ី បានបន្តសង្កត់ធ្ងន់លើកិច្ចអភិវឌ្ឍ និងការផ្តោះប្តូរទំនាក់ទំនងបក្សកុម្មុយនីស្តទាំងពីរ ដើម្បីចែករំលែកបទពិសោធលើអភិបាលកិច្ចរដ្ឋឱ្យកាន់តែស៊ីជម្រៅ។ បើតាមប្រធានាធិបតីចិន ប្រទេសទាំងពីរគួរផ្តល់តម្លៃឱ្យបានពេញលេញលើគណៈកម្មការចិន-វៀតណាមទទួលបន្ទុកកិច្ចសហប្រតិបត្តិការទ្វេភាគី។
 
ទាក់ទិននឹងបញ្ហានេះ លោក ស៊ី បានទទូចឱ្យមានការស៊ីចង្វាក់គ្នារវាងគំនិតផ្តួចផ្តើមផ្លូវ និងខ្សែក្រវាត់ (BRI) ជាមួយនឹងគម្រោងច្រកទ្វារពីរ និងខ្សែក្រវាត់សេដ្ឋកិច្ចមួយរបស់វៀតណាម។ 
 
ក្នុងកិច្ចសន្ទនាដដែលនេះ មេដឹកនាំចិន ក៏ប្រកាសបន្តជួយរដ្ឋាភិបាលក្រុងហាណូយ ដែលកំពុងរងគ្រោះដោយសារជំងឺកូវីដ-១៩ ។ លោកស៊ី បញ្ជាក់ជំហរថា ចិនត្រៀមខ្លួនជានិច្ច ក្នុងការផ្តល់ជំនួយតាមសមត្ថភាពដែលខ្លួនមាន ជួយវៀតណាមប្រយុទ្ធជាមួយកូវីដ-១៩។ ជាការឆ្លើយតប ភាគីវៀតណាម បានទទួលស្គាល់ការលំបាករបស់ខ្លួន និងស្នើឱ្យមានកិច្ចសហការលើប្រយុទ្ធប្រឆាំងកូវីដ-១៩ រួមគ្នា។
 
ក្រៅពីជជែកគ្នាលើបញ្ហាពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការ និងគំនិតផ្តួចផ្តើម វៀតណាម ក៏បានលើកយកបញ្ហាសមុទ្រចិនខាងត្បូង មកជារបៀបវារៈនៃកិច្ចសន្ទនាផងដែរ។ បើតាមលោក ហ្វុ៊ក ចិន និងវៀតណាម គួរតែរួមគ្នាការពារស្ថិរភាព និងដោះស្រាយជម្លោះដោយផ្អែកទៅតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២៕
 

Tag:
 ចិន
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com