ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
កូវីដ-១៩ បង្កើតឱកាសឲ្យភ្ញៀវក្នុងស្រុកស្គាល់សម្បត្តិទេសចរណ៍ខ្លួនឯងកាន់តែច្បាស់
26, May 2021 , 11:59 am        
រូបភាព
ភ្នំពេញ៖ បន្ទាប់ពីមើលរំលងអស់រយៈពេលជាច្រើនទសវត្សរ៍រួចមក ភ្ញៀវទេសចរជនជាតិខ្មែរបានងាកមកចាប់ចិត្តលើសម្បត្តិទេសចរណ៍ស្រុកខ្មែរកាន់តែច្រើនឡើងក្នុងរយៈពេលចុងក្រោយនេះ ជាពិសេស ចាប់តាំងពីការរីករាលដាលនៃមេរោគកូវីដកាលពីឆ្នាំ២០២០កន្លងមក។ កូវីដ-១៩ បានកាត់ផ្តាច់ការធ្វើដំណើរឆ្លងប្រទេស ដូច្នេះ ទេសចរជនជាតិខ្មែរ ដែលធ្លាប់តែធ្វើដំណើរទៅកម្សាន្តនៅក្រៅប្រទេស ក៏ងាកមកគយគន់ និងចំណាយថវិកាលើកស្ទួយផលិតផលទេសចរណ៍ក្នុងប្រទេស។

 
 
ឡើងភ្នំ, គយគន់ព្រៃព្រឹក្សា, គយគន់ពពក, បោះតង់, ស្តាប់សត្វយំ, មើលផ្កាយ, ស្នាក់នៅក្នុងព្រៃ…។ ទាំងអស់នេះ គឺជានិន្នាការថ្មីនៃចំណីអារម្មណ៍របស់ទេសចរជនជាតិខ្មែរក្នុងអំឡុងកូវីដឆ្នាំ២០២០-២០២១។ និន្នាការថ្មីនេះបានកើតឡើងស្របពេលដែលមាន មតិរិះគន់មួយចំនួនបានលើកឡើងថា ភ្ញៀវជនជាតិខ្មែរ នាពេលកន្លងមក ច្រើនមើលរំលងសម្បត្តិទេសចរណ៍ក្នុងប្រទេស។ 
 
កូវីដ-១៩ បានជំរុញ និងបង្កើតឱកាសឲ្យភ្ញៀវក្នុងស្រុកស្គាល់សម្បត្តិទេសចរណ៍ស្រុកខ្មែរកាន់តែច្បាស់ជាងមុន។ ផលិផលទេសចរណ៍ធម្មជាតិ វប្បធម៌ កីឡា បេះផ្លែឈើ ផ្សងព្រេង ម្ហូបអាហារ បាននិងកំពុងទាក់ទាញភ្ញៀវទេសចរក្នុងស្រុក។ «ពីមុនកូវីដ ភ្ញៀវជនជាតិខ្មែរធ្វើដំណើរទៅក្រៅប្រទេស។ តែតាំងពីកូវីដមក ភ្ញៀវជនជាតិខ្មែរធ្វើដំណើរកម្សាន្តក្នុងស្រុក។ ការកម្សាន្តក្នុងស្រុកធ្វើឲ្យចំណេញសេដ្ឋកិច្ច និងបង្រៀនកូនៗឲ្យស្រឡាញ់ធម្មជាតិ ឲ្យស្រឡាញ់ប្រទេសយើងដែលមានធនធានធម្មជាតិសម្បូរបែប»។ នេះ គឺជាការលើកឡើងរបស់លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជានៅក្នុងកម្មវិធី«អាជីវកម្មជំនាន់ថ្មី»ស្តីពីភាពបទបែននៃជំនួញក្នុងវិស័យទេសចរណ៍ក្នុងបរិបទកូវីដ-១៩។ 
 
អ្នកជំនាញផ្នែកទេសចរណ៍លោកស្រី ឆាយ ស៊ីវលីន បានរម្លឹកថា កាលពីពេលមុន ភ្ញៀវជនជាតិខ្មែរបានចំណាយថវិកាដើរកម្សាន្តនៅបរទេស។ តែឥឡូវនេះ កូវីដ គឺជាឱកាសដែលកម្ពុជាអាចបង្ហាញសក្តានុពលទេសចរណ៍ក្នុងស្រុក។ លោកស្រី ឆាយ ស៊ីវលីន  កត់សម្គាល់ឃើញថា៖«ភ្ញៀវក្នុងស្រុក(ខ្មែរ)ចំណាយមិនតិចជាងភ្ញៀវជនជាតិបរទេសឡើយ»។ 
 
លោក សា ឌីណា ស្ថាបនិកនៃ Cambodia Amazing ដែលជាសេវាកម្មជំរុញ និងលើកម្ពស់ទេសចរណ៍ក្នុងស្រុកនោះ ធ្លាប់បានលើកឡើងថា ទេសចរណ៍សហគមន៍ មិនថា សម្រាប់ទេសចរជនជាតិបរទេស ឬទេសចរជនជាតិខ្មែរទេ គឺពិតជាបានចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចថ្នាក់មូលដ្ឋាន។ នាពេលកន្លងមក សេវាកម្ម Cambodia Amazing បានប្រឹងប្រែងធ្វើការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ក្នុងស្រុកទៅកាន់ភ្ញៀវខ្មែរ និងបរទេស។ 
 
សូមបញ្ជាក់ថា ចាប់តាំងពីដើមឆ្នាំ២០២០រហូតមកដល់ពេលនេះ វិស័យទេសចរណ៍កម្ពុជាស្ទើរតែគ្មានសកម្មភាពដោយសារតែឥទ្ធិពលមេរោគកូវីដ-១៩។ មុនពេលនៃការរាតត្បាតពីមេរោគកូវីដ ក្រសួងទេសចរណ៍ធ្លាប់បានប្រកាសថា ប្រទេសកម្ពុជា កាលពីឆ្នាំ២០១៩ ទទួលភ្ញៀវទេសចរអន្តរជាតិបានចំនួន៦,៦លាននាក់ និងទទួលបានប្រាក់ចំណូលពីវិស័យឧស្សហកម្មគ្មានផ្សែងមួយនេះប្រមាណជា៥ពាន់លានដុល្លារ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com