អន្តរជាតិ
កូរ៉េខាងត្បូង ចាត់ទុកការតែងតាំងប្រេសិតពិសេសអាមេរិក ជាសំណើចរចាទៅកាន់កូរ៉េខាងជើង ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន។ រូបភាព៖ Facebookរបស់ប្រធានាធិបតី
× ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន នៅថ្ងៃទី២៦ ខែឧសភា បានលើកឡើងថា ការតែងតាំងប្រេសិតពិសេសសម្រាប់ទំនាក់ទំនងកូរ៉េខាងជើងរបស់អាមេរិក ជាការបោះដៃជាថ្មី ទៅរកកិច្ចចរចាជាមួយកូរ៉េខាងជើង ទាក់ទិននឹងការរំសាយកម្មវិធីនុយក្លេអ៊ែរ។
កិច្ចចរចារំសាយកម្មវិធីនុយក្លេអ៊ែរ ជាគោលនយោបាយដ៏សំខាន់មួយរបស់លោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន។ បើទោះកិច្ចចរចាគ្មានលទ្ធផល បានកើតឡើងជាច្រើនលើកក្តី មេដឹកនាំកូរ៉េខាងត្បូងរូបនេះ នៅតែខិតខំដដែល។ នៅសប្តាហ៍មុន មេដឹកនាំកូរ៉េខាងត្បូង លោក មូន បានទស្សនកិច្ចដោយផ្ទាល់ទៅអាមេរិកទៀត ដើម្បីជួបលោកប្រធានាធិបតី ចូ បៃឌិន។
សំណុំរឿងកូរ៉េខាងជើង ជារបៀបវារៈសំខាន់មួយក្នុងជំនួបទល់មុខនៅសេតវិមាន។ មិនតែប៉ុណ្ណោះ លោក បៃឌិន ក៏ប្រកាសពីការតែងតាំងលោក សុង គីម អតីតអគ្គរដ្ឋទូតអាមេរិកប្រចាំសេអ៊ូល ជាប្រេសិតសម្រាប់ទំនាក់ទំនងកូរ៉េខាងជើងផងដែរ។ លោកមូន បានចាត់ទុកការតែងតាំងប្រេសិតពិសេសថ្មីសម្រាប់ទំនាក់ទំនងកូរ៉េខាងជើង គឺជាសំណើសុំចរចារបស់ក្រុងវ៉ាស៊ីនតោន ជាមួយក្រុងព្យុងយ៉ាង។
«ការតែងតាំងនេះ ហាក់ដូចជាស្នើកូរ៉េខាងជើងឱ្យចាប់ផ្តើមកិច្ចចរចាឡើងវិញ»។ ប្រធានាធិបតីកូរ៉េខាងត្បូង បានបញ្ជាក់បែបនេះ នៅក្នុងកិច្ចប្រជុំជាមួយមេដឹកនាំបក្សសំខាន់ៗចំនួន៥ របស់កូរ៉េខាងត្បូង នៅវិមាន Cheong Wa Dae។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។
លោក មូន បានបន្តទៀតថា ក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោន ក៏បានឯកភាពរួមគ្នា លើភាពចាំបាច់នៃការពង្រឹងដំណើរការសន្តិភាពនៅលើឧបទ្វីបកូរ៉េផងដែរ។ ការឯកភាពត្រង់ចំណុចនេះ ត្រូវបានប្រធានាធិបតីកូរ៉េខាងត្បូង ចាត់ទុកជាជោគជ័យមួយ នៅក្នុងកិច្ចពិភាក្សាជាមួយលោកបៃឌិន។
ក្នុងកិច្ចប្រជុំដដែលនេះ មេដឹកនាំកូរ៉េខាងត្បូង ក៏បានរំលឹកពីកិច្ចព្រមព្រៀងរវាងអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាមួយមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន នៅសិង្ហបុរី និងនៅតំបន់ Panmunjom ដែលស្ថិតនៅព្រំដែនអន្តរកូរ៉េ។ បើតាមលោក មូន កិច្ចព្រមព្រៀងទាំងពីរនេះ ជាមូលដ្ឋាននៃការចាប់ផ្តើមចរចាលើការរំសាយកម្មវិធីនុយក្លេអ៊ែរឡើងវិញ។
គួររំលឹកថា កិច្ចចរចាកូរ៉េខាងជើង និងអាមេរិក បានផ្អាកចាប់តាំងពីឆ្នាំ២០១៩ មក ដោយសារតែអាមេរិក មិនបានធ្វើសម្បទានសេដ្ឋកិច្ច ឬធ្វើតាមសំណើទីក្រុងព្យុងយ៉ាងឡើយ។ ផ្ទុយទៅវិញ ក្រុងវ៉ាស៊ីនតោន មានតែដាក់សម្ពាធបន្ថែម ដែលធ្វើឱ្យក្រុងព្យុងយ៉ាងមិនចង់ចរចាជាថ្មី៕
Tag:
កូរ៉េខាងត្បូង
អាមេរិក
កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com