ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រោយCNRP រំលាយជាង៣ឆ្នាំ មន្ត្រី២៤នាក់ សុំធ្វើនយោបាយវិញ ដោយបង្កើតបក្សថ្មី៣
26, May 2021 , 8:59 pm        
រូបភាព
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ ជាង២០នាក់ហើយ ដែលបានស្នើសុំសិទ្ធិធ្វើនយោបាយវិញ ក្រោយជាប់បម្រាមនយោបាយ៥ឆ្នាំ។ ក្នុងចំណោមពួកគេទាំងនោះ ក៏មានអ្នកទៅបង្កើតគណបក្សនយោបាយថ្មី៣ទៀតផង។


ចុងក្រោយនេះ មានលោក ប៉ុល ហំម អតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ និងលោក ផាន់ ច័ន្ទសាក់ អតីតសមាជិកគណៈកម្មាធិការនាយកនៃអតីតគណបក្សសង្គ្រោះជាតិ ដែលបានស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ។ មន្ត្រីជាន់ខ្ពស់ទាំងពីរនេះ គឺជាមនុស្សទី២៣ និង២៤រូប ដែលបានសុំសម្បទានយោបាយនេះ។
 
ដ្បិតសារព័ត៌មានថ្មីៗ មិនអាចទាក់ទងលោក ប៉ុល ហំម ដើម្បីសុំការអត្ថាធិប្បាយពីបំណងនៃការស្នើសុំសិទ្ធិធ្វើនយោបាយវិញក្តី ប៉ុន្តែនៅមានលោក ផាន់ ច័ន្ទសាក់ បានអះអាងថា ខ្លួននៅចង់ប្រឡូកក្នុងជីវភាពនយោបាយតទៅមុខទៀត ដើម្បីប្រជែងអំណាចជាមួយគណបក្សប្រជាជនកម្ពុជា។ ទោះបីមិនបង្កើតបក្សដោយខ្លួនឯងក្តី ប៉ុន្តែសមាជិកគណៈកម្មាធិការនាយកនៃអតីតគណបក្សសង្គ្រោះជាតិរូបនេះ អះអាងថា ខ្លួននឹងចូលរួមកម្លាំងនយោបាយជាមួយ «គណបក្សកែទម្រង់កម្ពុជា» របស់លោក អ៊ូ ច័ន្ទរ័ត្ន ដែលជាអតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ។
 
លោក អ៊ូ ច័ន្ទរ័ត្ន និងមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ ដែលទៅបង្កើតបក្សថ្មី កាលពីដើមខែមីនាកន្លងមកនេះ ព្រោះលែងសង្ឃឹមថា អតីតគណបក្សប្រឆាំងដ៏ធំមួយនេះ រស់ឡើងវិញ។ ទោះបង្កើតគណបក្សថ្មីមែន តែលោក អ៊ូ ច័ន្ទរ័ត្ន នៅតែគាំទ្រ និងគោរពវីរៈភាពលោក សម រង្ស៊ី និងលោក កឹម សុខា ដែលជាមេដឹកនាំគំរូនៅក្នុងនយោបាយ។ ទន្ទឹមនឹងការគោរពមេដឹកនាំទាំងពីរនេះ លោក អ៊ូ ច័ន្ទរ័ត្ន អះអាងថា គណបក្សកែទម្រង់កម្ពុជាលោក នឹងយកចំណុចខ្លាំងលោក សម រង្ស៊ី និងលោក កឹម សុខា មកអនុវត្ត ដើម្បីទទួលបានប្រជាប្រិយភាព ប្រជែងជាមួយគណបក្សកាន់អំណាចបច្ចុប្បន្ន។
 
ដោយឡែកលោក យ៉ែម បុញ្ញឫទ្ធិ និងលោក មុត ចន្ថា ដែលជាមន្ត្រីស្និទ្ធិនឹងលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ និងមន្ត្រី៥នាក់ទៀត ដែលបានសិទ្ធិនយោបាយឡើងវិញ រួមមាន លោក ជុំ ច័ន្ទដារិន, លោក ទួត យឿត, លោក ឡាត់ លិតេយ្យ, លោក ឡុង គឹមឃន និង លោកស្រី យង់ ផាន់ណេត។ មន្ត្រីអតីតបក្សប្រឆាំងទាំង៧រូប ដែលទទួលបានសម្បទានយោបាយ កាលពីថ្ងៃទី១៧ មេសា ឆ្នាំ២០២១នេះ មិនទាន់ប្រកាសជំហរនយោបាយខ្លួនឡើយ។
 
ជាង៣ឆ្នាំហើយ ដែលគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយតាមអំណាចសាលក្រមរបស់តុលាការកំពូល ជុំវិញសំណុំរឿងក្បត់ជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ មិនត្រឹមតែរំលាយគណបក្សនេះទេ សូម្បីមន្ត្រី១១៨រូប (ស្លាប់១នាក់) ក៏ត្រូវបានហាមឃាត់សកម្មភាពនយោបាយ៥ឆ្នាំ។
 
ក្រៅពីបុគ្គលទាំង១០រូបខាងលើនេះ ក៏មានមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ១៤នាក់ទៀត បានសិទ្ធនយោបាយវិញដែរ។ ក្នុងនោះមានលោក គង់ គាំ លោក គង់ បូរ៉ា លោក ស៊ីម សុវណ្ណនី លោក រៀល ខេមរិន្ទ លោក អ៊ូ ច័ន្ទរ័ត្ន លោកស្រី ទេព សុទ្ធី លោក កង គឹមហាក់ លោក ជីវ កត្តា លោក ច័ន្ទ សិលា លោក សុន ឆ័យ លោក តាវ គឹមឈន លោកវ៉ា សាម៉ុន លោក ស៊ុន សុភ័ក្រ លោកស្រី លី ស្រីវីណា និងលោក ថាច់ សេដ្ឋា ។
 
ក្នុងចំណោមពួកគេទាំងនេះ មានលោក រៀល ខេមរិន្ទ ទៅបង្កើត «គណបក្សខ្មែរអភិរក្សនិយម» រីឯលោក ជីវ កត្តា លោក កង គឹមហាក់ និងលោក ស៊ឹម សុវណ្ណនី ក៏សម្រេចបង្កើតឈ្មោះ «គណបក្សខ្មែរស្រលាញ់ជាតិ»។ រីឯលោក គង់ គាំ សម្រេចទៅចូលរួមសកម្មភាពនយោបាយជាកូនប្រុសពៅខ្លួនម្នាក់ទៀត គឺលោក គង់ មូនីកា ដែលប្រធានគណបក្សឆន្ទៈខ្មែរ ខណៈលោក គង់ បូរ៉ា លោក ស៊ុន សុភ័ក្រ និងលោកស្រី លី ស្រីវីណា បានសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា៕
 
អត្ថបទទាក់ទង
 
 

Tag:
 CNRP
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com