កីឡាអន្តរជាតិ
អន្តរជាតិ
Europa League៖ Rooney នាំកូនប្រុសទៅគាំទ្រ Man Utd ដល់ប៉ូឡូញ
26, May 2021 , 9:29 pm        
រូបភាព
Wayne Rooney នាំកូនប្រុស Klay Rooney ជិះយន្តហោះពីអង់គ្លេសទៅប៉ូឡូញ ដើម្បីទៅគាំទ្រអតីតក្រុម Manchester United ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Europa League ជាមួយ Villareal នៅរាត្រីថ្ងៃទី២៦ ខែឧសភា វេលាម៉ោង ២:០០ នាទីអាធ្រាត្រ [ម៉ោងនៅកម្ពុជា]។


Rooney បានចែករំលែករូបថតមួយសន្លឹកជាមួយកូនប្រុសអាយុ៨ឆ្នាំ លើបណ្តាញសង្គមហ្វេសប៊ុក។ ស្ថិតលើកៅអីយន្តហោះទាំងពីរនាក់ឳពុកកូនដោយស្នាមញញឹម អ្នកចាត់ការទូទៅក្រុម Derby County រូបនេះសរសេរថារូបគេធ្វើដំណើរទៅប៉ូឡូញ ដើម្បីទស្សនាការប្រកួតរបស់ Man Utd នៅវគ្គផ្តាច់ព្រ័ត្រក្របខណ្ឌទី២អឺរ៉ុប។





 
ក្រុមបិសាចក្រហមក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer និងក្រុមអេស្ប៉ាញ Villareal ដែលមានលោក Unai Emery ជាអ្នកចាត់ការ នឹងត្រូវប្រជែងគ្នាដណ្តើមពាន Europa League នៅកីឡដ្ឋាន Polsat Plus Arena Gdansk ក្នុងក្រុង Gdansk ប្រទេសប៉ូឡូញ។ 
 
អតីតខ្សែបម្រើឆ្នើមសញ្ជាតិអង់គ្លេសវ័យ៣៥ឆ្នាំ នឹងទៅអបអរសាទរអតីតក្រុមខ្លួន ជាមួយកូនប្រុស Klay ដោយផ្ទាល់តែម្តង ដោយជិះយន្តហោះពីអង់គ្លេស ទៅកាន់ទឹកដីប៉ូឡូញ។ នេះបើតាមការចុះផ្សាយរបស់កាសែត Dailymail។
 
Klay វ័យ៨ឆ្នាំ ជាកូនប្រុសទី២ក្នុងចំណោមកូនប្រុស៤នាក់របស់ Rooney ជាមួយភរិយាឈ្មោះ Coleen Rooney។ កូនប្រុសច្បងរបស់ Rooney ឈ្មោះ Kai Rooney ទើបចុះកិច្ចសន្យាលេងឱ្យក្រុមថ្នាលរបស់ Man Utd នាពេលថ្មីៗនេះផងដែរ៕


 

Tag:
 Wayne Rooney
  Europa League
© រក្សាសិទ្ធិដោយ thmeythmey.com