កីឡាជាតិ
ជាតិ
World Cup៖ ក្រុមជម្រើសជាតិកម្ពុជា ចេញទៅបារ៉ែន នាយប់នេះ
27, May 2021 , 7:59 am        
រូបភាព
ភ្នំពេញ៖ ក្រុមជម្រើសជាតិកម្ពុជា ចេញដំណើរទៅប្រកួតនៅបារ៉ែន នាម៉ោង១១ និង៥៥នាទីយប់ថ្ងៃទី២៧ ខែឧសភា សម្រាប់ការប្រកួតចុងក្រោយ វគ្គជម្រុះជុំទី២ ពូលC នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (FIFA World Cup Qatar 2022)។ កម្ពុជាសល់៣ប្រកួតទៀត សម្រាប់វគ្គជម្រុះនេះ។


ក្រុមជម្រើសជាតិកម្ពុជា មិនបានប្រមូលផ្តុំហ្វឹកហាត់នៅក្នុងស្រុកឡើយ ពោលគឺពួកគេ នៅសល់ពេល១សប្ដាហ៍មុនការប្រកួត ដែលត្រូវហ្វឹកហាត់រួមគ្នានៅលើទឹកដីបារ៉ែនតែម្ដង។ នេះបើតាមលោក កែវ សារ៉េត អគ្គលេខាសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលប្រាប់សារព័ត៌មានថ្មីៗកន្លងមកថា ក្រុមកម្ពុជានឹងត្រូវស្នាក់នៅបារ៉ែន រយៈពេល១៥ថ្ងៃ សម្រាប់ការប្រកួតនេះ។
 
កម្ពុជា បានជ្រើសរើសកីឡាករ២៤រូប ដែលភាគច្រើនសុទ្ធតែជាកីឡាករក្មេងៗ សម្រាប់ការប្រកួត FIFA World Cup Qatar 2022 វគ្គជម្រុះជុំទី២ពូល C។ គ្រូបង្គោលនៃក្រុមជម្រើសជាតិកម្ពុជា លោក Ryu Hirose បានបញ្ជាក់កន្លងមកថា ការជ្រើសរើសកីឡាករនេះ គឺលោកផ្ដោតទៅលើសមិទ្ធផល និងសក្ដានុពលខ្ពស់របស់ពួកគេ ទៅថ្ងៃអនាគត។
 
បន្ថែមពីលោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា បានអះអាងថា ការជ្រើសរើសកីឡាករក្មេងៗនេះ គឺជាការសាកល្បងលើសមត្ថភាពពួកគេ ដើម្បីឈានទៅដល់ការអភិវឌ្ឍកម្រិតលេងទៅថ្ងៃខាងមុខ។ អ្នកចាត់ការទូទៅជនជាតិជប៉ុនរូបនេះ ក៏ផ្ដាំទៅកីឡាករផ្សេងទៀត ដែលមិនជាប់ជម្រើសជាតិនោះ កុំទាន់អាក់អន់ចិត្តអី ប៉ុន្តែពួកគេត្រូវពង្រឹងសមត្ថភាពខ្លួនថែមទៀត សម្រាប់ឱកាសលើកក្រោយ។
 
កម្ពុជា និងជួបម្ចាស់ផ្ទះបារ៉ែន វេលាម៉ោង ១១និង៣០នាទីយប់ (ម៉ោងនៅកម្ពុជា) នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១។ ៤ថ្ងៃក្រោយ កម្ពុជា ត្រូវតទល់ជាមួយក្រុមអ៊ីរ៉ាក់ នាថ្ងៃទី៧ ខែមិថុនា មុននឹងបន្តជួបអ៊ីរ៉ង់ នាថ្ងៃទី១១ ខែមិថុនា ។ ការប្រកួតនេះ គឺយកទឹកដីបារ៉ែន ជាទឹកដីកណ្ដាល។
 
ចំពោះការប្រកួតទាំងនេះ គ្រាន់តែជាការបង្គ្រប់កិច្ចប្រកួតចុងក្រោយរបស់កម្ពុជា នៅក្នុងវគ្គជម្រុះ ក្នុងពូលC ប៉ុណ្ណោះ ក្រោយកម្ពុជាប្រកួត៥លើកនៅជើងទី១ ដោយចាញ់៤ និងស្មើ១លើក។ បានន័យថា ទោះបើកម្ពុជាឈ្នះ៣ប្រកួត នៅទឹកដីបារ៉ែនក្ដី ក៏កម្ពុជាគ្មានឱកាស ឡើងទៅវគ្គផ្ដាច់ព្រ័ត្របានដែរ។ 
 
សម្រាប់ការប្រកួតជើងទី១កន្លងមក កម្ពុជា (ម្ចាស់ផ្ទះ) បានប្រកួតចាញ់ បារ៉ែន ១ទល់០ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩។ ១ខែក្រោយមក កម្ពុជា បានប្រកួតចាញ់ក្រុមម្ចាស់ផ្ទះអ៊ីរ៉ង់ ដោយលទ្ធផល ១៤ទល់០ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ។ ក្រុមម្ចាស់ផ្ទះ កម្ពុជា បន្តប្រកួតចាញ់ក្រុមភ្ញៀវ អ៊ីរ៉ាក់ ៤ទល់០ នៅថ្ងៃទី១៥ តុលា ២០១៩។ 
 
ក្រោយមកកម្ពុជា ក៏បានប្រកួតចាញ់ហុងកុង ២ទល់០ នៅជើងទី២ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ២០១៩ ក្រោយពីជួបគ្នានៅជើងទី១ ដោយលទ្ធផល ១ស្មើ កាលពីថ្ងៃទី៥ កញ្ញា ២០១៩។
ការប្រកួតក្នុងនោះពូលC នេះ អ៊ីរ៉ាក់ ឈរលេខ១ ដោយមាន១១ពិន្ទុ ក្រោយឈ្នះ៣ និងស្មើ២ ខណៈបារ៉ែនឈរលេខ២ ក្រោយឈ្នះ២ និងស្នើ៣ មាន៩ពិន្ទុ។ ដោយឡែកអ៊ីរ៉ង់ ដែលទើបប្រកួត៤លើកនោះ ស្ថិតនៅលេខ៣ មាន៦ពិន្ទុ ក្រោយឈ្នះ២ និងស្មើ២ ស្របពេលហុងកុង មាន៥ពិន្ទុ បន្ទាប់ពីឈ្នះ១ ស្មើ២ និងចាញ់២។ កម្ពុជា ស្ថិតនៅបាតតារាង ក្រោយប្រកួត៥លើក មានតែ១ពិន្ទុប៉ុណ្ណោះ។
 
គួរបញ្ជាក់ថា លោក Ryu Hirose ជាគ្រូបង្គោលនៃក្រុមជម្រើសជាតិកម្ពុជាថ្មី ជំនួសលោក Felix G.Dalmas ។ លោក Ryu Hirose នឹងដឹកនាំជម្រើសជាតិកម្ពុជា ជាមួយអ្នកចាត់ការទូទៅជនជាតិជប៉ុន លោក Keisuke Honda រហូតដល់កម្ពុជាធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ដោយឡែកលោក ភា សុភ័ក្ត្រា និងលោក អ៊ុក សុធី ទើបតែត្រូវបានសហព័ន្ធបាល់ទាត់កម្ពុជា តែងតាំងជាគ្រូជំនួយជម្រើសជាតិជាផ្លូវការ កាលពីថ្ងៃទី១៨ ឧសភា។ តាមពិតទៅលោក ភា សុភ័ក្ត្រា ធ្លាប់ត្រូវបានតែងតាំងជាគ្រូជំនួយជម្រើសជាតិម្ដងហើយ ប៉ុន្តែលោកបានសុំលាលែងឈប់វិញ ហើយការតែងតាំងលើកនេះ ជាភារកិច្ចលើកទី២របស់លោក ភក្ត្រា ផងដែរ៕
 

Tag:
 បាល់ទាត់
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com