កីឡាជាតិ
ជាតិ
កែវ សុខផេង ,កែន ច័ន្ទសុភ័ក្រ និងសៀង ចន្ធា ជួយវិសាខា និងបឹងកេត បាន៣ពិន្ទុ មុនចេញទៅប្រកួតជម្រុះWorld Cup
26, May 2021 , 7:14 pm        
រូបភាព
ក្រុមវិសាខា បានបំបាក់ម្ចាស់ផ្ទះអគ្គិសនីកម្ពុជា ដោយលទ្ធផល៧ទល់០ ខណៈបឹងកេត បានឈ្នះសូលទីឡូអង្គរនៅកីឡដ្ឋាន អេស. អ. យូ ខេត្តសៀមរាបក្នុងលទ្ធផល ៣-០ ក្នុងសប្ដាហ៍ទី៤ នៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០២១ ។ កែវ សុខផេង ,កែន ច័ន្ទសុភ័ក្រ និងសៀង ចន្ធា ជួយវិសាខា និងបឹងកេត បាន៣ពិន្ទុ មុនចេញទៅប្រកួតជម្រុះWorld Cup នៅបារ៉ែន ។


ការប្រកួតនៅកីឡដ្ឋានអគ្គិសនីកម្ពុជានោះ ក្រុមភ្ញៀវវិសាខា បានយកវាយសម្រុកអគ្គិសនីកម្ពុជា ជាបន្តបន្ទាប់ ដោយបង្កើតឱកាសស៊ុតរហូតដល់២៧លើក ដោយក្នុងនោះខុសគោលដៅ១៥ដង និងចំគោលដៅ១២លើក ហើយសម្រេចទីបាន៧គ្រាប់។ គ្រាប់បាល់ទាំង៧គ្រាប់នេះ កើតឡើងដោយកីឡាករ ចិន វណ្ណៈ របស់អគ្គិសនី បានធ្វើឱ្យចូលទីខ្លួនឯង នៅនាទីទី២ ដែលនាំឱ្យវិសាខា នាំមុខ១ទល់០។ ៦នាទីក្រោយមក កីឡាករ កែន ច័ន្ទសុភ័ក្រ បានរកគ្រាប់បាល់ទី២ ឱ្យវិសាខា មុននឹងបន្ថែមគ្រាប់បាល់ទី៣ នៅនាទី២១ ។ លទ្ធផលវគ្គទី១ បញ្ចប់ដោយវិសាខានាំមុខអគ្គិសនី៣ទល់០។
 
ការប្រកួតឈានដល់វគ្គទី២ ក្រុមភ្ញៀវវិសាខា នៅបន្តគ្រប់គ្រងបាល់ច្រើនជាងម្ចាស់ផ្ទះ ហើយបន្តវាយសម្រុកបាន២គ្រាប់ទៀត ដោយកីឡាករ Ajayi Opeyemi Korede នៅទី៥២ និង៦៥។ នៅសល់១០នាទីទៀត ការប្រកួតត្រូវបញ្ចប់ទៅហើយនោះ ស្រាប់តែអគ្គិសនីកម្ពុជា បានរបូតគ្រាប់បាល់២គ្រាប់ទៀត ដែលជាការសម្រេចបានរបស់ខ្សែប្រយុទ្ធ កែវ សុខផេង នៅនាទី៨៣ និង៨៤ ដែលនាំឱ្យវិសាខា ឈ្នះ៧ទល់០។ ក្រុមម្ចាស់ផ្ទះអគ្គិសនីកម្ពុជា ក៏ប្រឹងវាយសម្រុក ដោយមានឱកាសស៊ុត៨លើកដែរ ដោយខុសគោលដៅ៧ដង និងចំ១ដង ប៉ុន្តែធ្វើមិនបានសម្រេច។
 
ដោយឡែកមួយគូទៀត គឺបឹងកេត បានឈ្នះសូលទីឡូអង្គរ នៅកីឡដ្ឋាន អេស. អ. យូ ខេត្តសៀមរាបក្នុងលទ្ធផល ៣-០។ នៅវគ្គទី១ សូលទីឡូអង្គរ សុតចំគោលដៅច្រើនដង តែមិនមានសំណាង ខណៈបឹងកេត រកគ្រាប់បាល់ទីម១ ដោយកីឡាករ ឱ ភារុណ នៅនាទី២ក្នុងវគ្គទីមួយ។ ក្រោយការសម្រុកគ្នាទៅវិញទៅមក រហូតដល់នាទី៧៥ កីឡាករ Marko បានតែតបញ្ចូលទីគ្រាប់ទី២ឱ្យបឹងកេត មុននឹងខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា អូសបាល់ដាច់ខ្សែការពារសូលទីឡូអង្គរច្រើននាក់ និងសុទ្ធបញ្ចូលទីគ្រាប់ទី៣ នៅនាទី៨៤ ។ ថ្វីបើ បឹងកេតនាំមុខ៣គ្រាប់ហើយ សៀងចន្ធា ក៏បន្តសុតចំគោលដៅនៅនាទី៨៦ តែជួយសង្គ្រោះដោយអ្នកចាំទីសូលទីអង្គរ។ 
 
ក្នុងការប្រគួតនេះ អតីតខ្សែប្រយុទ្ធឆ្នើមជម្រើសជាតិកម្ពុជា កីឡាករ ចាន់ វឌ្ឍនាកា ដែលមិនបានជាប់ជម្រើស១១នាក់ដំបូងនោះ បានប្ដូរចូលនៅនាទី៨៨។ នៅនាទីថែមម៉ោង កីឡាករ ចាន់ វឌ្ឍនាកា បានសុតចំគោលដៅ តែជួយសង្គ្រោះបានដោយអ្នកចាំទីសូលទីឡូអង្គរ។ លទ្ធផល៣ទល់០នេះ ជាជ័យជម្នះលើកដំបូងរបស់បឹងកេត ក្រោយម្ចាស់ជើងឯកមិត្តហ្វូនខេបូឌានលីគរដូលកាលឆ្នាំ២០១៩-២០២០នេះ បានចាញ់៣ប្រគួតជាប់ៗគ្នា។
 
៤ប្រកួតកន្លងមក បឹងកេត ឈ្នះ១ប្រគួត និងចាញ់៣ប្រកួត។ បឹងកេត រកគ្រាប់បាល់ទាំង៤ប្រកួត ដោយស៊ុតចូល៤គ្រាប់ និងរបូតគ្រាប់បាល់៤គ្រាប់ដូចគ្នា។ រីឯ សូលទីឡូអង្គរ ឈរលេខរៀងទី១៣ បាតតារាង ដោយចាញ់៥ប្រគួត រកគ្រាប់បាល់បាន២គ្រាប់ និងរបូតគ្រាប់បាល់២២គ្រប់។
 
កីឡាករ កែវ សុខផេង ,កែន ច័ន្ទសុភ័ក្រ និងសៀង ចន្ធា សុទ្ធតែរួមចំណែកជួយឲ្យវិសាខា និងបឹងកេត បាន៣ពិន្ទុដូចគ្នា មុនពួកគេត្រូវចេញទៅបារ៉ែន សម្រាប់ការប្រកួតជុំទី២ ពូលC នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (FIFA World Cup Qatar 2022) ។ ក្រុមជម្រើសជាតិកម្ពុជា ចេញដំណើរទៅប្រកួតនៅបារ៉ែន នាម៉ោង១១ និង៥៥នាទីយប់ថ្ងៃទី២៧ ខែឧសភា ។ កម្ពុជាសល់៣ប្រកួតទៀត សម្រាប់វគ្គជម្រុះនេះ។

Tag:
 បឹងកេត
  សូលទីឡូអង្គរ
  កីឡាជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com