អន្តរជាតិ
ប្រធានាធិបតីអាមេរិក បញ្ជាឱ្យស៊ើបអង្កេតដើមកំណើតកូវីដ-១៩ ក្នុងរយៈពេល៩០ថ្ងៃ
27, May 2021 , 11:01 am        
រូបភាព
ប្រធានាធិបតីអាមេរិក លោកចូ បៃឌិន។ រូបភាព៖ AFP
ប្រធានាធិបតីអាមេរិក លោកចូ បៃឌិន។ រូបភាព៖ AFP
ប្រធានាធិបតីអាមេរិក ចូ បៃឌិន នៅថ្ងៃទី២៦ ខែឧសភា បានបញ្ជាឱ្យទីភ្នាក់ងារចារកិច្ចអាមេរិក ស៊ើបអង្កេតលើដើមកំណើតកូវីដ-១៩ និងរាយការណ៍ប្រាប់លោកវិញ ក្នុងរយៈពេល ៩០ថ្ងៃ។ ជំងឺកូវីដ-១៩ កើតចេញពីសត្វ ឬជាឧបទ្ទវហេតុ កើតចេញពីមន្ទីរពិសោធន៍។

 
ការខ្វែងគំនិតគ្នាលើប្រភពកូវីដ-១៩ នៅតែបន្តកើតមាន ដោយអ្នកជំនាញមួយចំនួន រួមទាំងចិនផងបានអះអាងថា កូវីដ-១៩ គឺកើតចេញពីសត្វប្រចៀវ ខណៈអ្នកជំនាញអាមេរិកខ្លះ រួមទាំងសារព័ត៌មានអាមេរិកមួយចំនួនផង លើកឡើងថា កូវីដ-១៩ លេចចេញពីមន្ទីរពិសោធន៍ក្រុងវូហាន ប្រទេសចិន។
 
តាមការចុះផ្សាយនៅថ្ងៃទី២៣ ខែឧសភា ដែលបានស្រង់របាយការណ៍ចារកិច្ចអាមេរិក សារព័ត៌មាន Wall Street Journal បានបញ្ជាក់ថា អ្នកស្រាវជ្រាវបីនាក់ធ្វើការនៅមន្ទីរពិសោធន៍ក្រុងវូហាន បានស្វែងរកការព្យាបាលនៅមន្ទីរពេទ្យក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ មុនការផ្ទុះឡើងនៅខែបន្ទាប់។ ប៉ុន្តែរបាយការណ៍នោះ ត្រូវបានក្រសួងការបរទេសចិន ច្រានចោលជាថ្មី និងថាជាព័ត៌មានមិនពិត។ 
 
បន្ទាប់ពី របាយការណ៍ទាក់ទិននឹងដើមកំណើតកូវីដ-១៩ នៅតែបន្តលេចឡើងបែបនេះ ប្រធានាធិបតីអាមេរិក បានចេញបញ្ជាឱ្យសហគមន៍ចារកិច្ច (IC) ស៊ើបអង្កេតបញ្ហាចម្រូងចម្រាសមួយនេះ។ បើតាមលោកប្រធានាធិបតី ទីភ្នាក់ងារចារកិច្ច កំពុងប្រឈមមុខប្រភពចម្លងពីរផ្សេងគ្នាដែលបង្កទៅឱ្យមានជំងឺកូវីដ-១៩  និងឆ្លងទៅមនុស្ស។ 
 
«ទីភ្នាក់ងារ គួរតែខិតខំទ្វេដង ដើម្បីប្រមូល និងវិភាគទិន្នន័យ ដែលរកចម្លើយដ៏សំខាន់មួយ និងរាយការណ៍មកខ្ញុំវិញ ក្នុងរយៈពេល៩០ថ្ងៃ»។ លោកបៃឌិន បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍ ដែលចេញដោយសេតវិមានអាមេរិក នៅថ្ងៃទី២៦ ខែឧសភា។ 
 
យ៉ាងណាមិញ បន្ទាប់ពីសេចក្តីថ្លែងការណ៍របស់មេដឹកនាំអាមេរិក ចិននៅតែច្រានចោលព័ត៌មានដើមកំណើតកូវីដ-១៩ ទាក់ទិនមន្ទីរពិសោធន៍ចិន។ ក្នុងសេចក្តីថ្លែងការណ៍មួយ ស្ថានទូតចិនប្រចាំនៅអាមេរិក បានអះអាងថា ការទាញបញ្ហាកូវីដ-១៩ ឱ្យពាក់ព័ន្ធនឹងនយោបាយ អាចធ្វើឱ្យប៉ះពាល់ដល់ការស៊ើបអង្កេតលើដើមកំណើតនៃកូវីដ-១៩។ 
 
ក្នុងន័យនេះ ចិនគាំទ្រការសិក្សាគ្រប់ជ្រុងជ្រោយលើករណីដំបូងកូវីដ-១៩ ដែលបានរកឃើញ នៅជុំវិញពិភពលោក រួមទាំងការស៊ើបអង្កេតដោយហ្មត់ចត់ ក្នុងមន្ទីរពិសោធន៍ផ្សេងៗនៅលើពិភពលោក។ 
 
គួររំលឹកថា ក្នុងរបាយការណ៍ខែមីនា ដែលធ្វើឡើងរួមគ្នាជាមួយអ្នកអ្នកវិទ្យាសាស្រ្តចិន ក្រុមអ្នកជំនាញអង្គការសុខភាពពិភពលោក (WHO) បានអះអាងថា កូវីដ-១៩ ទំនងជាឆ្លងចេញពីសត្វប្រចៀវ ទៅសត្វមួយផ្សេងទៀត មុននឹងឆ្លងមកមនុស្ស។ ជាមួយគ្នានេះ ក្រុមអ្នកជំនាញដដែល ក៏បានបន្តថា កូវីដ-១៩ ធ្លាយចេញពីមន្ទីរពិសោធន៍ក្រុមវូហាន ទំនងមិនអាចទៅរួចឡើយ។ 
 
អង្គការសុខភាពពិភពលោក នឹងស៊ើបអង្កេតលើប្រភពកូវីដ-១៩ ក្នុងដំណាក់ទី២ បន្តទៀតនៅពេលខាងមុខ។ ចិនក៏លើកឡើងថា អាមេរិកផ្ទាល់ ក៏គួរអនុញ្ញាតឱ្យមានការស៊ើបអង្កេតមន្ទីរពិសោធរបស់ខ្លួនដែរ៕
 

Tag:
 អាមេរិក
  កូវីដ-១៩
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com