អន្តរជាតិ
អាមេរិក៖ ជនដៃដល់ម្នាក់បាញ់សម្លាប់អ្នករួមការងារ៨នាក់នៅរដ្ឋកាលីហ្វ័រនីញ៉ា មុនបាញ់ខ្លួនឯង
27, May 2021 , 12:07 pm        
រូបភាព
បុគ្គលិកស្ថានីយផ្ទេរទំនិញម្នាក់ បានបាញ់សម្លាប់អ្នករួមការងាររបស់ខ្លួនចំនួន៨នាក់ មុនបាញ់ខ្លួនឯង នៅផ្លូវរថភ្លើងមួយកន្លែងក្នុងទីក្រុង San Jose ក្នុងរដ្ឋកាលីហ្វ័រញ៉ានៅថ្ងៃទី២៦ ខែឧសភា។


 
ហេតុការណ៍ផ្ទុះអាវុធដ៏សាហាវនេះបានកើតឡើងប្រហែលជាម៉ោង ៦:៣០ព្រឹក នៅឯផ្លូវរថភ្លើងរបស់ អាជ្ញាធរត្រួតពិនិត្យការដឹកជញ្ជូន Santa Clara ក្នុងរដ្ឋកាលីហ្វ័រនីញ៉ា។ ប៉ុន្តែអាជ្ញាធរមិនទាន់បាន ផ្តល់ព័ត៌មានលម្អិតពីមូលហេតុដែលបណ្តាលឱ្យកើតការបាញ់សម្លាប់នេះនៅឡើយ។
 
លោក Glenn Hendricks ប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរត្រួតពិនិត្យការដឹកជញ្ជូន Santa Clara បាននិយាយនៅក្នុងសន្និសីទកាសែតមួយថា ការបាញ់ប្រហារបានកើតឡើង នៅក្នុងផ្នែកមួយ នៃទីលានផ្លូវដែកដែលកម្មករជួសជុលរថភ្លើង។
 
ខ្មាន់កាំភ្លើង និងជនរងគ្រោះទាំង៨នាក់ ជាបុគ្គលិកធ្វើការនៅស្ថានីយផ្ទេរទំនិញ នៅជិត អាកាសយានដ្ឋានក្នុងទីក្រុង San Jose ។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន San Jose Mercury ខ្មាន់កាំភ្លើងមានឈ្មោះ Samuel Cassidy អាយុ៥៧ឆ្នាំ ជាបុគ្គលិកនៅកន្លែងស្ថានីយ៍ត្រួត ពិនិត្យការផ្ទេរទំនិញតាំងពីឆ្នាំ២០១២។ លោកធ្លាប់ធ្វើជាជាងមេកានិចអគ្គិសនី និងត្រូវបានដំឡើង ឋានៈជាអ្នកមើលថែ និងជួលជុលរថភ្លើងតាំងឆ្នាំ២០១៥។
 
ប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន ក៏ទទួលបានដំណឹងពីហេតុការណ៍បាញ់ប្រហារនេះដែរ ខណៈ មន្រ្តីរបស់លោកបានទាក់ទងជិតស្និទ្ធជាមួយមន្ត្រីក្នុងតំបន់ ដើម្បីផ្តល់ជំនួយដែលត្រូវការ។ នេះបើ តាមការអះអាងរបស់សេតវិមាន ដែលបានចូលរួមការសោកស្ដាយចំពោះហេតុការណ៍នេះដែរ។
 
អំពើហិង្សាដោយប្រើកាំភ្លើង ជារឿងធម្មតាហើយនៅក្នុងអាមេរិកដែលមានសិទ្ធិកាន់កាប់កាំភ្លើងផ្ទាល់ខ្លួន។ ហេតុការណ៍បាញ់សម្លាប់បានកើនឡើងគួរឱ្យកត់សម្គាល់ បន្ទាប់ពីមានភាពច្របូកច្របល់ពេញ មួយឆ្នាំនៅពេលដែលអាមេរិកនេះរងការរាលដាលដោយជំងឺកូវីដ-១៩។ 
 
ហេតុការណ៍នៅថ្ងៃទី២៦ ខែឧសភា ជាការបាញ់សម្លាប់ចុងក្រោយក្នុងរយៈពេល៣ខែចុងក្រោយនេះ។ នៅពាក់កណ្តាលខែមីនា មានករណីបាញ់ប្រហារជាច្រើននៅ Atlanta និងក្រោយមកទៀតមានករណី បាញប្រហារដែលបណ្តាលឱ្យមនុស្ស១០នាក់បានស្លាប់នៅផ្សារទំនើបមួយក្នុងរដ្ឋ Colorado ផងដែរ ៕
 

Tag:
 អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com