កីឡាជាតិ
ជាតិ
FFC ប្រកាស​រក​ដៃគូ​ក្នុងស្រុក ផ្គត់ផ្គង់​ឯកសណ្ឋាន​ជម្រើសជាតិ​កម្ពុជា ក្រោយ​បញ្ចប់​កុងត្រា​ជាមួយ​FBT
27, May 2021 , 1:59 pm        
រូបភាព
​ភ្នំពេញ​៖ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC)​ប្រកាស​រក​ដៃគូ​ក្នុងស្រុក ដើម្បី​សហការ​ផ្គត់ផ្គង់​ឯកសណ្ឋាន​និង​សម្ភារ​កីឡា​របស់​ក្រុម​ជម្រើសជាតិ ។ ការប្រកាស​នេះ ធ្វើឡើង​ក្រោយពី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានបញ្ចប់​កុងត្រា​ជាមួយ​ក្រុមហ៊ុន Football Thai Factory Sporting Goods Co.,Ltd (FBT) ដែល​ផ្គត់ផ្គង់​សម្ភារ​កីឡា​របស់​ថៃ​។​


 
​ក្រោយ​បញ្ចប់​កុងត្រា​នេះ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​ទុក​ឱកាស​អាទិភាព​ដល់​ក្រុមហ៊ុន​ផលិត​សម្ភារ​ក្នុងស្រុក ដែលមាន​បំណង​ចង់​ផ្គត់ផ្គង់​សម្ភារ​ដល់​ក្រុម​ជម្រើសជាតិ​ប្រើប្រាស់​។ ទន្ទឹមនឹង​ការស្វែងរក​ដៃគូ​ក្នុងស្រុក​សហការគ្នា​នេះ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នឹង​ប្រើប្រាស់​ឯកសណ្ឋាន​របស់​ក្រុមហ៊ុន FBT រហូតដល់​មាន​ឯកសណ្ឋាន​ថ្មី​ចេញ​ជា​ផ្លូវការ​នៅពេល​ខាងមុខ​។​
 
«​យើង​បាន​សិក្សា​រួចរាល់ និង​កំពុងដំណើរការ ការរៀបចំ​ផលិត​ឯកសណ្ឋាន និង​សម្ភារ​ផ្សេងៗ​ទៀត​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា ។ ប៉ុន្តែ​ដោយសារ​ស្ថានភាព​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​បានអូសបន្លាយ​ជាង​មួយឆ្នាំ​កន្លងមកនេះ ការងារ​រៀបចំ​ផលិត​សម្ភារ​ត្រូវ​រង​ផលប៉ះពាល់​នឹងត្រូវ​បាន​ពន្យា​ពេល​»​។ នេះ​ជាការ​បញ្ជាក់​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ដែល​ប្រាប់​ឱ្យ​អ្នកគាំទ្រ​វិស័យ​កីឡាបាល់ទាត់ រង់ចាំ​អ៊ុត​មើល​ឯកសណ្ឋាន​ថ្មី​របស់​ជម្រើសជាតិ ដែលជា​ផលិតផល​របស់​ខ្មែរ​។​
 
​ក្រុមហ៊ុន FBT ដែលជា​ក្រុមហ៊ុន​ផលិត​សម្ភារ​កីឡា​ដ៏​ធំ​មួយ​នៅក្នុង​ប្រទេស​ថៃ បាន​ក្លាយជា​ដៃគូ​ផ្គត់ផ្គង់​ឯកសណ្ឋាន និង​សម្ភារ​ដល់​ជម្រើសជាតិ​កម្ពុជា ចាប់តាំងពី​ឆ្នាំ​២០១២​មក​។ បច្ចុប្បន្ន FBT កំពុងមាន​សកម្មភាព​យ៉ាង​ផុលផុស​ក្នុងការ​ឧបត្ថម្ភ​ព្រឹត្តិការណ៍​កីឡា​នានា​នៅក្នុង​ប្រទេស​ថៃ​ផងដែរ​៕

Tag:
 បាល់ទាត់​
  កីឡា​ជាតិ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com