អន្តរជាតិ
ប្រធានាធិបតីបេឡារុស៖ ការបង្ខំយន្តហោះឱ្យចុះចត ស្របនឹងច្បាប់អន្តរជាតិ
27, May 2021 , 2:43 pm        
រូបភាព
លោក Alexander Lukashenko ប្រធានាធិបតីបេឡារុស។ រូបភាព៖ AP
លោក Alexander Lukashenko ប្រធានាធិបតីបេឡារុស។ រូបភាព៖ AP
ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko នៅថ្ងៃទី២៦ ខែឧសភា បានចេញមុខការពារការបង្ខំឱ្យយន្តហោះមួយគ្រឿងចុះចត និងការចាប់ខ្លួនអ្នកកាសែតម្នាក់ដែលជិះយន្តហោះនោះ។ បើតាមលោក Lukashenko ការបង្ខំយន្តហោះឱ្យចុះចតក្នុងក្រុងមីនស្កិ៍ មិនខុសអ្វីឡើយ និហស្របនឹងច្បាប់អន្តរជាតិ។



 
បេឡារុស នៅសប្តាហ៍មុន បានបង្ខំឱ្យយន្តហោះអ្នកដំណើរ Ryanair  ដែលហោះចេញពីក្រិក ទៅលីទុយអានី ឱ្យចុះចតជាច្រើនម៉ោងនៅក្រុងមីនស្កិ៍ ក្រោមហេតុផលថាយន្តហោះនោះមានផ្ទុះគ្រាប់បែក។ ប៉ុន្តែបន្ទាប់ពីចុះចត អាជ្ញាធរបេឡារុស បែរជាចាប់ខ្លួនអ្នកកាសែត Roman Protasevich និងដៃគូលោកទៅវិញ។ បន្ទាប់ពីចាប់ខ្លួនអ្នកកាសែត និងជាអ្នករិះគន់ដ៏ខ្លាំងម្នាក់លោក AlexanderLukashenko សហភាពអឺរ៉ុបបានឯកភាពដាក់ទណ្ឌកម្មបេឡារុស និងខណៈបណ្តាប្រទេសផ្សេងទៀតរិះគន់យ៉ាងខ្លាំងលើការចាប់ខ្លួនអ្នកកាសែត។ 
 
ជាការឆ្លើយតបនឹងទណ្ឌកម្ម និងរិះគន់ លោកប្រធានាធិបតី Lukashenko បានការពារសកម្មភាពរដ្ឋាភិបាលខ្លួន ដែលបង្ខំឱ្យយន្តហោះដឹកអ្នកដំណើរចុះចត ជាទង្វើស្របច្បាប់ និងផ្អែកតាមច្បាប់អន្តរជាតិ ព្រោះសកម្មភាពនោះ គ្រាន់តែចង់ការពារប្រជាជនតែប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ ប្រធានាធិបតីរូបនេះ ក៏បានច្រានចោលព័ត៌មានទាក់ទិននឹងការបញ្ជូនយន្តហោះចម្បាំង Mig-29 ទៅបង្ខំឱ្យយន្តហោះ Ryanair ចុះចតផងដែរ។ 
 
ក្នុងសេចក្តីថ្លែងការណ៍លើដំបូងចំពោះការចាប់ខ្លួនអ្នកកាសែតនេះ លោក Lukashenko បានសង្កត់ធ្ងន់ថា ការចាប់ខ្លួន លោក Protasevich ធ្វើឡើង ក្នុងគោលបំណងប្រឆាំងនឹងការបះបោរបង្ហូរឈាម ដែលអ្នកកាសែតរូបនេះ បានគ្រោងទុក។ លោក Protasevich ជាសហស្ថាបនិកក្រុម Nexta លើប្រព័ន្ធទំនាក់ទំនង Telegram ដែលប្រើសម្រាប់អំពាវនាវឱ្យធ្វើបាតុកម្មនៅបេឡារុស។ ក្រុមនេះ មានអ្នកចូលរួមរហូតទៅដល់ពីរលាននាក់ឯណោះ។
 
ស្របគ្នានេះដែរ លោកប្រធានាធិបតីក៏បានចោទសហគមន៍អន្តរជាតិ ចំពោះការជ្រៀតជ្រែកការដឹកនាំរបស់លោកនៅក្នុងប្រទេសផងដែរ។ បើតាមលោក Lukashenko ក្រុមអ្នករិះគន់នៅក្រៅប្រទេស បានប្រើយុទ្ធសាស្រ្តសង្រ្គាមកូនកាត់ (Hybrid War)។ 
 
«យើងត្រូវតែធ្វើគ្រប់យ៉ាង ដើម្បីបង្ការកុំឱ្យធ្លាក់ចូលទៅក្នុងសង្រ្គាមពិតប្រាកដ»។ មេដឹកនាំបេឡារុស បានលើកឡើងបែបនេះ នៅក្នុងសភា។ ទន្ទឹមគ្នានេះ លោក Lukashenko បានបន្តថា លោកនឹងឆ្លើយតបយ៉ាងចាស់ដៃលើទណ្ឌកម្ម ដែលដាក់មកលើបេឡារុស។ 
 
សូមបញ្ជាក់ថា គិតមកត្រឹមពេលនេះ លោក Lukashenko បានដឹកនាំបេឡារុស ២៧ឆ្នាំហើយ។ ក្នុងការបោះឆ្នោតឆ្នាំ២០២០ មេដឹកនាំរូបនេះ បានប្រកាសថា ខ្លួនឈ្នះការបោះឆ្នោតប្រធានាធិបតិ ដែលកាលនោះបានធ្វើឱ្យផ្ទុះបាតុកម្មយ៉ាងខ្លាំងនៅទូទាំងប្រទេស៕ 
 

Tag:
 បេឡារុស
  អ្នកកាសែត
© រក្សាសិទ្ធិដោយ thmeythmey.com