លោក Zinedine Zidane បានលាលែងពីតំណែងដឹកនាំ Real Madrid ជាលើកទី២ ក្នុងអាជីពអ្នកចាត់ការទូទៅ។ ចំណែកTottenham Hotspur កំពុងទាក់ទងជាមួយអតីតអ្នកចាត់ការលោក Mauricio Pochettino ដែលកំពុងដឹកនាំ Paris St-Germain ដើម្បីត្រឡប់ទៅអង់គ្លេសវិញ។
Real Madrid មិនទទួលបានពានរង្វាន់អ្វីសោះឡើយនៅរដូវកាល ២០២០-២១នេះ។ គូប្រជែង Atletico Madrid ដណ្តើមបានតំណែងជើងឯកលីគកំពូលអេស្ប៉ាញ La Liga នៅថ្ងៃប្រកួតបិទរដូវកាលកាលពីសប្តាហ៍មុន ខណៈ Barcelona ជាម្ចាស់ពាន Copa del Rey។
លទ្ធផលខកចិត្តនេះ ទំនងជាហេតុផលដែលធ្វើឱ្យលោក Zidane ត្រូវចែកផ្លូវជាមួយក្រុមយក្សអេស្ប៉ាញជាលើកទី២។ អ្នកចាត់ការសញ្ជាតិបារាំងធ្លាប់ចាកចេញពី Santiago Bernabéu ម្តងរួចហើយកាលពីឆ្នាំ២០១៨ ក្រោយពេលជួយ Real ឈ្នះ Champions League ៣រដូវកាលជាប់គ្នា។ ក្រោយចាកចេញបានរយៈពេល ១០ខែ Zidane បានត្រឡប់ទៅដឹកនាំសារជាថ្មី និងជួយក្រុមឈ្នះ La Liga នៅរដូវកាលដំបូង។
បើតាមសេចក្តីប្រកាសរបស់ Real Madrid ក្លិបបានគោរពការសម្រេចចិត្តរបស់ Zidane ក្នុងការចាកចេញនេះ។ ពួកគេបានអរគុណដល់អ្នកចាត់ការវ័យ៤៨ឆ្នាំ ដែលមានជំនាញក្នុងការដឹកនាំក្រុមដោយវិជ្ជាជីវៈ ការលះបង់ រួមនឹងក្តីស្រឡាញ់ និងក្តីស្មោះចំពោះក្លិប។
«Zidane ជានិមិត្តរូបដ៏អស្ចារ្យម្នាក់របស់ Real Madrid ហើយកេរតំណែលរបស់គាត់បានរីកសាយលើសពីអ្វីដែលគាត់សម្រេចបានក្នុងនាមជាអ្នកចាត់ការ និងកីឡាករសម្រាប់ក្លិបទៅទៀត។ គាត់មានកន្លែងនៅក្នុងដួងចិត្តរបស់អ្នកគាំទ្រ Real Madrid ហើយគាត់នឹងមានអារម្មណ៍ថា Real Madrid ជាផ្ទះរបស់គាត់ជានិច្ច»។ នេះការបន្ថែមរបស់ក្លិបយក្សអេស្ប៉ាញ។
ដោយឡែកលោក Pochettino ឯណោះវិញ មានសារព័ត៌មានជាច្រើនចុះផ្សាយថាលោកត្រូវបានក្លិបចាស់ Spurs ទាក់ទងត្រឡប់ទៅដឹកនាំវិញ។ អ្នកចាត់ការសញ្ជាតិអាហ្សង់ទីន វ័យ៤៨ឆ្នាំរូបនេះ ទើបឡើងទៅដឹកនាំក្រុមយក្សបារាំង PSG កាលពីខែមករា ដោយជំនួសលោក Thomas Tuchel ដែលផ្លាស់ទៅ Chelsea។
ក្រោមការដឹកនាំរបស់លោក Pochettino ប៉ុន្មានខែ PSG បានបរាជ័យក្នុងការការពារតំណែងជើងឯក Ligue 1 រដូវកាលនេះ និងចាញ់ក្រុម Manchester City ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League ថែមទៀត។
យ៉ាងណាក្រុមមាន់ខ្នាយមាសដែលទើបបញ្ចប់តំណែង Jose Mourinho ដែលជាអ្នកជំនួសលោក Pochettino នោះ មិនទាន់រកបានអ្នកចាត់ការថ្មីនៅឡើយ ដោយតែងតាំងលោក Ryan Mason ជាគ្រូបណ្តោះអាសន្ន។ Pochettino ទំនងជាបេក្ខភាពមួយរូបដែលត្រូវជំនួសលោក Mourinho វិញ។
ស្របពេលគ្នានេះដែរ កាសែតអង់គ្លេស BBC Sport ផ្សាយថាមិនមានទំនាក់ទំនងណាមួយរវាង Tottenham និង PSG ជុំវិញការពិភាក្សាលើលោក Pochettino នៅឡើយទេ។ Pochettino និង PSG នៅសល់កិច្ចសន្យាជាមួយគ្នារយៈពេលមួយឆ្នាំទៀត៕