អន្តរជាតិ
អាមេរិកទទូចឱ្យ WHO បើកការស៊ើបអង្កេតដំណាក់កាលទី២ រកប្រភពកូវីដ-១៩
28, May 2021 , 6:29 pm        
រូបភាព
រូបថត AFP
រូបថត AFP
អាមេរិក នៅថ្ងៃទី២៧ ខែឧសភា បានអំពាវនាវឱ្យអង្គការសុខភាពពិភពលោក បើកការស៊ើបអង្កេតលើដើមកំណើតកូវីដ-១៩ នៅដំណាក់កាលទីពីរបន្តទៀត។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានបញ្ជាឱ្យក្រុមចារកិច្ចអាមេរិកស៊ើបអង្កេតពីប្រភពដើមនៃជំងឺឆ្លងសកលមួយនេះ។



 
នៅក្នុងការស៊ើបអង្កេតលើកដំបូង ក្រុមអ្នកជំនាញអង្គការសុខភាពពិភពលោក (WHO) បានចំណាយពេល៤សប្តាហ៍ ជាមួយអ្នកស្រាវជ្រាវចិន។ របាយការណ៍កាលពីខែមីនានោះ បានអះអាងថា កូវីដ-១៩ ទំនងជាឆ្លងចេញពីសត្វប្រចៀវ ទៅសត្វមួយផ្សេងទៀត មុននឹងឆ្លងមកមនុស្ស។ ជាមួយគ្នានេះ ក្រុមអ្នកជំនាញដដែល ក៏បានបន្តថា កូវីដ-១៩ ធ្លាយចេញពីមន្ទីរពិសោធន៍ក្រុមវូហាន ទំនងមិនអាចទៅរួចឡើយ។
 
យ៉ាងណាមិញ ការស៊ើបអង្កេតលើប្រភពកូវីដ-១៩ លើកទីមួយនោះ ត្រូវបានអាមេរិកចាត់ទុកថា មានការខ្វះចន្លោះ និងមិនទទួលបានលទ្ធផល។ ស្ថានបេសកកម្មអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ ក្នុងទីក្រុងហ្សឺណែវ បានចេញសេចក្តីថ្លែងកាណ៍មួយ នៅថ្ងៃទី២៧ ខែឧសភា ដោយអំពាវនាវឱ្យ WHO បើកការស៊ើបអង្កេតក្នុងដំណាក់កាលពីរប្រកបដោយតម្លាភាព និងមានភស្តុតាងត្រឹមត្រូវ។ សេចក្តីថ្លែងការណ៍ដដែលនោះ ក៏បានអំពាវនាវឱ្យចិន បើកដៃកាន់តែទូលាយ ដើម្បីឱ្យអ្នកជំនាញអន្តរជាតិរកទិន្នន័យផងដែរ។ 
 
«វាពិតជាសំខាន់ណាស់ ដែលចិនគួរអនុញ្ញាតឱ្យក្រុមអ្នកជំនាញឯករាជ្យទទួលបានទិន្និន័យដើមពេញលេញ និងគំរូ ដែលទាក់ទិននឹងការស្វែងយល់ពីប្រភពនៃកូរ៉ូណាវីរុស និងដំណាក់កាលដំបូងនៃកូវីដ-១៩»។ សេចក្តីថ្លែងការណ៍របស់ស្ថានបេសកកម្មអាមេរិក នៅក្រុងហ្សឺណែវ បានសង្កត់ធ្ងន់បែបនេះ។
 
សេចក្តីថ្លែងការណ៍ខាងលើ ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតីអាមេរិក លោកបៃឌិន បញ្ជាឱ្យក្រុមអ្នកជំនាញបើកស៊ើបអង្កេតរកដើមកំណើតកូវីដ-១៩ ក្នុងរយៈពេល ៩០ថ្ងៃ ថាតើវាកើតចេញពីសត្វ ឬចេញមកពីមន្ទីរពិសោធន៍។ ជាការឆ្លើយតប ស្ថានទូតចិនប្រចាំនៅអាមេរិក ទទូចឱ្យសិក្សាគ្រប់ជ្រុងជ្រោយលើករណីកូវីដ-១៩ ដំបូងដែលបានរកឃើញ នៅជុំវិញពិភពលោក រួមទាំងការស៊ើបអង្កេតដោយហ្មត់ចត់ ក្នុងមន្ទីរពិសោធន៍ផ្សេងៗផងដែរ។
 
ចំណែកអ្នកនាំពាក្យក្រសួងការបរទេសចិន នៅថ្ងៃទី២៧ ខែឧសភា បានថ្លែងបែបចំអកថា អាមេរិក ទទូចដដែលៗឱ្យបើកការស៊ើបអង្កេតឡើងវិញនៅចិន និងមិនខ្វល់ពីការពិត និងវិទ្យាសាស្រ្តអ្វីឡើយ។ ដោយប្រើពាក្យធ្ងន់ៗ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានបន្តថា អាមេរិក មិនខ្វល់នឹងការពិតឡើយ ហើយការចោទប្រកាន់ទាំងនោះ គឺគ្រាន់តែគេចពីការទទួលខុសត្រូវលើភាពបរាជ័យនៃការគ្រប់គ្រងកូវីដ-១៩ ប៉ុណ្ណោះ។ 
 
ដូចគ្នានឹងអាមេរិកដែរ អគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅទីក្រុងហឺ្សណែវ លោក Simon Manley បានចាត់ទុកដំណាក់កាលដំបូងរបស់អង្គការWHO ដែលបានដឹកនាំ កាលពីដើមឆ្នាំ២០២១ កន្លងទៅ គ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ មិនទាន់បញ្ចប់ឡើយ។ 
 
នៅថ្ងៃទី២៦ ខែឧសភា កន្លងទៅ លោក Mike Ryan ប្រធានកម្មវិធីអាសន្នរបស់អង្គការ WHO បានលើកឡើងនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលប្រចាំឆ្នាំថា អង្គការសុខភាពពិភពលោក បានពិភាក្សាក្រៅផ្លូវការជាមួយសមាជិកជាច្រើន ដើម្បីរៀបចំសម្រាប់ការស៊ើបអង្កេតនៅដំណាក់កាលបន្ទាប់។ កិច្ចប្រជុំទាក់ទិននឹងការពិភាក្សាជុំវិញការស៊ើបអង្កេតនេះ នឹងរៀបចំទៀត នៅក្នុងពេលឆាប់ៗខាងមុខ។  
 
បើទោះកូវីដ-១៩ បានផ្ទុះឡើងជាងរយៈពេល ១ឆ្នាំមកក៏ដោយ ប្រទេសមួយចំនួនដូចជាអាមេរិក អង់គ្លេស អូស្រ្តាលី នៅតែបន្តដាក់សម្ពាធលើចិន ទាក់ទិននឹងដើមកំណើតកូវីដ-១៩។ ប្រព័ន្ធផ្សព្វផ្សាយធំៗ បានចុះផ្សាយថា កូវីដ-១៩ ចេញពីមន្ទីរពិសោធន៍មួយនៅក្នុងក្រុងវូហាន បើទោះក្រុមអ្នកជំនាញ WHO ថាកូវីដ-១៩ កើតចេញពីសត្វប្រចៀវក៏ដោយ៕
 

Tag:
 អាមេរិក
  WHO
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com