ជាតិ
រដ្ឋមន្រី្តកសិកម្ម៖ កម្ពុជា ចិន ហុងកុង និងវៀតណាម កំពុងស្រាវជ្រាវរកជនល្មើសនាំឈើជាង២០០តោនទៅហុងកុង
28, May 2021 , 7:59 pm        
រូបភាព
ឈើខុសច្បាប់ដែលគយហុងកុងរឹបអូស ដោយសង្ស័យថាមានប្រភព​នាំចេញពីកម្ពុជា។ (Hong Kong Custom)
ឈើខុសច្បាប់ដែលគយហុងកុងរឹបអូស ដោយសង្ស័យថាមានប្រភព​នាំចេញពីកម្ពុជា។ (Hong Kong Custom)
ភ្នំពេញ៖ មន្រី្តគយកម្ពុជា បានប្រជុំជាមួយមន្រី្តគយប្រទេសចិន ហុងកុង និងវៀតណាមហើយ ដើម្បីស្រាវជ្រាវរកជនល្មើសនាំឈើចេញជាង២០០តោនទៅហុងហុង។ សង្គមស៊ីវិល និងសកម្មជនបរិស្ថាន ស្នើឲ្យក្រសួងពាក់ព័ន្ធស៊ើបអង្កេតឲ្យហ្មត់ចត់ ហើយបង្ហាញព័ត៌មានជាសាធារណៈ។


លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃទី២៨ឧសភានេះថា កម្ពុជា ចិន ហុងកុង និងវៀតណាម កំពុងធ្វើការស៊ើបអង្កេតលើករណីនាំឈើ២១១តោនទៅហុងកុង។ ដំណើរការប្រជុំនេះ ធ្វើឡើងដោយមានការសម្របសម្រួលពីការិយាល័យអង្គការសហប្រជាជាតិប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC)។ 
 
«កាលពីដើមសប្តាហ៍នេះ យើងបានរៀបចំកិច្ចប្រជុំជាមួយគយប្រទេសចិន គយកោះហុងកុង និងគយប្រទេសវៀតណាម ដោយមានការសម្របសម្រួលពី United Nations Office on Drug and Crime(UNODC) ករណីឈើនៅហុងកុង កិច្ចប្រជុំនេះក៏មានតំណាង គយនិងរដ្ឋករកម្ពុជាចូលរួមផងដែរ។ ប្រទេសនីមួយៗបានសន្យាថា នឹងបន្តការស្រាវជ្រាវរកជនល្មើសបន្តទៀត»។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្រី្តក្រសួងកសិកម្ម ។ 
 
ជុំវិញករណី ហុងកុងរឹបអូសកំណាត់ឈើជិតផុតពូជ២១១តោននេះ សង្គមស៊ីវិលនិងសកម្មជនចំនួន៦៧ បានចេញសេចក្ដីថ្លែងការណ៍រួម កាលពីថ្ងៃទី២៧ ឧសភា ស្នើឲ្យក្រសួងពាក់ព័ន្ធស៊ើបអង្កេត និងកំណត់មុខសញ្ញាអ្នកនាំចេញ។ ក្នុងកិច្ចសម្ភសន៍ជាមួយសារព័ត៌មានថ្មីៗ លោក ហេង គីមហុង ប្រធានផ្នែកកម្មវិធី និងតស៊ូមតិ នៃសមាគមបណ្ដាញយុវជនកម្ពុជា(CYN) បានបញ្ជាក់ថា  ប្រសិនគ្មានការស៊ើបអង្កេតនិងបង្ហាញព័ត៌មានជុំវិញករណីនេះ ជាសាធារណៈទេ នោះសង្គមស៊ីវិលនិងសមាគមលោក នឹងស្នើសុំជួបរដ្ឋមន្រី្តកសិកម្ម ដើម្បីពិភាក្សាលើរឿងវ៉ាវនេះ។ 
 
លោក គីមហុង បានថ្លែងយ៉ាងដូច្នេះ៖ «ពួកយើងខ្ញុំទាំងអស់ ដែលស្រលាញព្រៃឈើ និងជាអង្គការសង្គមស៊ីវិលធ្វើការលើធនធានធម្មជាតិនេះ យើងនឹងបន្តកិច្ចអន្តរាគមន៍ណាមួយពីអ្នកជំនាញ ហើយយើងនឹងអាចដាក់លិខិតស្នើសុំជួបរដ្ឋមន្រី្តក្រសួងបរិស្ថាន រដ្ឋមន្រី្តក្រសួងកសិកម្ម និងរដ្ឋមន្រី្តផ្ទាល់តែម្ដង ប្រសិនបើគ្មានការដោះស្រាយ(ករណីរកឃើញជាង២០០តោននៅហុងកុង) ដើម្បីទៅបង្ហាញកង្វល់ចំពោះមុខពួកគាត់(រដ្ឋមន្រី្ត) ហើយនឹងស្នើសុំឬជជែកពិភាក្សាជុំវិញលទ្ធភាពនៃការស្វែងរកឬកំណត់មុខសញ្ញាជនល្មើស»។  
 
ដោយសារមើលឃើញការនាំចេញឈើនៅតែកើតមាននេះ លោក គីមហុង ស្នើឲ្យក្រសួងបរិស្ថាន ផ្ដល់ភាពងាយស្រួលដល់សកម្មជនព្រៃឈើ ក្នុងការចូលរួមថែរក្សា និងអភិរក្ស ដោយកុំឲ្យមានការរឹតត្បិតពីអាជ្ញាធរ ពោលគឺបើកចំហរឡើងវិញ ដល់ក្រុមអ្នកធ្វើការក្នុងវិស័យធនធានធម្មជាតិនេះ។ 
 
កាលពីថ្ងៃទី៥ឧសភា កាសែត The Dimsum Daily  របស់ហុងកុងបានរាយការណ៍ថា គយហុងកុងបានរឹបអូសកំណាត់២១១តោន ដែលតម្លៃប្រមាណ១៤ម៉ឺនដុល្លារ។ មន្រី្តគយរបស់ហុងកុង បានរកឃើញឈើនោះ ក្នុងទូកុងទឺន័រចំនួន៧ នៅចន្លោះថ្ងៃទី២៩ មេសា ដល់៥ ឧសភា ឆ្នា២០២១។ តាមការវាយតម្លៃរបស់មន្រ្តីគយហុងកុង ប្រភពកុងទឺន័រទាំងនោះគឺចេញពីកម្ពុជា។ 
 
កន្លងមក អង្គការគំនិតផ្តួចផ្ដើមសាកលប្រឆាំង ឧក្រិដ្ឋកម្មឆ្លងដែន បានរកឃើញថា កម្ពុជាបាត់បង់គម្របព្រៃឈើប្រមាណ៥៥ម៉ឺនហិកតា ដែលស្មើនឹង១១ភាគរយ នៅតំបន់ការពារធម្មជាតិរបស់កម្ពុជា ក្នុងចន្លោះឆ្នាំ២០០១ដល់២០១៨៕
 

Tag:
 នាំឈើចេញ
  កម្ពុជា
  ហុងកុង
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com