កីឡាអន្តរជាតិ
អន្តរជាតិ
សិង្ហបុរី ចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យអត្តពលិកនិងគ្រូបង្វឹក២២០នាក់ ដើម្បីត្រៀមអូឡាំពិកនិងស៊ីហ្គេម
× អត្តពលិករបស់សិង្ហបុរី រួមជាមួយគ្រូបង្វឹក និងមន្រ្តីប្រមាណ ២២០ នាក់បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រួចរាល់ ដើម្បីត្រៀមធ្វើដំណើរទៅចូលរួមកីឡាអូឡាំពិកក្រុងតូក្យូ និងប៉ារ៉ាឡាំពិករដូវក្តៅ។ នេះបើតាមការប្រកាសរបស់ក្រុមប្រឹក្សាកីឡាសិង្ហបុរី (SportSG) នៅថ្ងៃទី ២៧ ខែឧសភា។
ឆ្លើយប្រាប់កាសែតក្នុងស្រុក CNA ប្រធានវិទ្យាស្ថានកីឡាសិង្ហបុរីលោក Toh Boon Yi លើកឡើងថា ដំណើរការចាក់វ៉ាក់សាំងបានចាប់ផ្តើមតាំងពីដើមឆ្នាំ ២០២០ ម្លេះ។
«យើងបានចាប់ផ្តើមចាក់វ៉ាក់សាំងដល់អត្តពលិក គ្រូបង្វឹក និងមន្ត្រីរបស់យើងកាលពីខែកុម្ភៈហើយរហូតមកដល់ពេលនេះមានប្រមាណ ២២០ នាក់ហើយបានចាក់វ៉ាក់សាំងរួចរួច»។ លោក Toh អះអាងដូច្នេះ មុនបន្ថែមថា វិទ្យាស្ថានកីឡាសិង្ហបុរី នឹងបន្តចាក់វ៉ាក់សាំងកូវីដ-១៩ ដល់អត្តពលិក គ្រូបង្វឹក និងមន្រ្តីសំខាន់ៗដែលតំណាងឱ្យសិង្ហបុរីក្នុងព្រឹត្តិការណ៍កីឡាធំៗ នៅចុងឆ្នាំ ២០២១ ដែលរួមមានអូឡាំពិកនៅជប៉ុន និងកីឡាស៊ីហ្គេម (Sea Games) នៅវៀតណាមផង។
ស្របពេលព្រឹត្តិការណ៍អូឡាំពិកក្រុងតូក្យូឆ្នាំ២០២០ ដែលត្រូវពន្យាមួយឆ្នាំដោយសារជំងឺរាតត្បាត នឹងចាប់ផ្តើមនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ លោក Toh ធានាថា អត្តពលិក និងមន្ត្រីទាំងអស់ត្រូវទទួលបានវ៉ាក់ជាអាទិភាពឱ្យបានរួចរាល់ ដ្បិតពួកគេត្រូវចេញទៅហ្វឹកហាត់នៅក្រៅប្រទេសមុនការប្រកួតមកដល់។
នាយករដ្ឋមន្រ្តីសិង្ហបុរី លី សៀនឡុង ក៏បង្ហាញការគាំទ្រយ៉ាងខ្លាំងក្លាផងដែរ សម្រាប់ការផ្តល់វ៉ាក់ដល់អត្តពលិកនេះ។ លោក លី ថែមទាំងបានសរសេរលើបណ្តាញសង្គមហ្វេសប៊ុលទៀតថាសហគមន៍កីឡារបស់សិង្ហបុរី ជាក្រុមមួយក្នុងចំណោមក្រុមផ្សេងទៀតដែលប្រឈមការឆ្លងកូវីដ-១៩ ដ្បិតពួកគេត្រូវចូលរួមការប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ ជាពិសេសការធ្វើដំណើរទៅតូក្យូ ដែលជាតំបន់កំពុងឆ្លងកើនឡើង៕
Tag:
Olympic
Sea Games
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com